ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និយាយ​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Truss ដែល​ប្រកាស​ចុះចេញ​ពី​តំណែង​ជា​ដៃគូ​ដ៏​ល្អ​ម្នាក់


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Liz Truss និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជួបប្រជុំ​ទ្វេភាគី​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៧ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង New York កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Liz Truss និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជួបប្រជុំ​ទ្វេភាគី​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៧ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង New York កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃព្រហស្បតិ៍ បាន​ហៅនាយករដ្ឋមន្ត្រីនៃ​ចក្រភព​អង់គ្លេស​អ្នកស្រី​ Liz Truss ដែលបានប្រកាសចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រីក្រោយកាន់​តំណែង​បានចំនួន​៦សប្តាហ៍​នោះ​ថា​ «ជា​ដៃគូ​ដ៏​ល្អ​ម្នាក់» ​ក្នុង​ការ​គាំទ្រប្រទេស​អ៊ុយក្រែន​ដើម្បី​ការពារខ្លួន​ប្រឆាំង​នឹងការឈ្លានពាន​របស់​រុស្ស៊ី។

លោក Biden បាន​បដិសេធមិន​បញ្ចេញមតិ​ចំពោះ​ការ​លាលែង​របស់អ្នកស្រី Truss។

«នេះ​ជាការ​សម្រេច​របស់​អ្នកស្រី Truss »។ លោកBiden បានប្រាប់​ក្រុម​អ្នកសារព័ត៌មាននៅ​សេតវិមាន​ មុន​ពេលលោកធ្វើ​ដំណើរ​ទៅ​កាន់រដ្ឋ Pennsylvania។ លោក​បន្ថែម​ទៀត​ថា​ «​ប៉ុន្តែ អ្នក​ស្រី​ជា​ដៃគូ​ដ៏ល្អ​ម្នាក់ ក្នុងបញ្ហា​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន​ ហើយ​ចក្រភព​អង់គ្លេសនឹង​ដោះស្រាយ​នូវ​បញ្ហាផ្ទៃក្នុង​របស់​ខ្លួន​»។​

លោក ​Biden មិនជឿថា​ វិបត្តិនយោបាយ​ក្នុង​ប្រទេស​អង់គ្លេសដែល​ជាសម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​របស់​សហរដ្ឋអាមេរិក​នឹងមានឥទ្ធិពល​អ្វីទេ។​

លោក​ថ្លែង​ថា៖ «ខ្ញុំមិន​គិត​ថា​វា​នឹងមានផលប៉ះពាល់​នោះ​ឡើយ»។

អ្នក​ស្រី Truss បាន​ចុះ​ចេញ​ពី​តំណែង​ បន្ទាប់​ពី​របៀបវារៈ​សម្រាប់​ការ​កាត់​ពន្ធដែល​មិន​ត្រូវ​បាន​ផ្តល់​ថវិកា​ បានធ្វើ​ឱ្យ​តម្លៃ​ប្រាក់ផោន​អង់គ្លេស​ចុះ​ថ្លៃខ្លាំង​ ហើយ​បង្កើនតម្លៃ​កម្ចី​ និង​បាន​ធ្វើ​ឱ្យមាន​ភាព​ច្របូកច្របល់​ខ្លាំងលើ​ទីផ្សារ​ហិរញ្ញវត្ថុ​នោះ។

លោក ​Biden ដែល​បាន​និយាយ​តាម​ទូរស័ព្ទជា​មួយ​អ្នក​ស្រី ​Truss​ ពី​បញ្ហាប្រទេស​អ៊ុយក្រែន​ និង​បាន​ជួប​អ្នក​ស្រី​ដោយ​ផ្ទាល់នៅ​ក្រៅកិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​លោក​បាន​ជំទាស់​ផែនការ​សេដ្ឋកិច្ចរបស់​អ្នក​ស្រី ​Truss ដើម្បី​កាត់​បន្ថយ​ពន្ធលើ​អ្នក​មានខ្លាំង​នោះ។​

លោក Biden បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​សប្តាហ៍មុន​ថា៖​ «ខ្ញុំ​មិនយល់ស្រប​ជា​មួយ​អ្នក​ស្រី​ទេ​ ប៉ុន្តែ​រឿង​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ចក្រភព​អង់គ្លេសដើម្បី​វាយតម្លៃ​ មិន​មែន​ខ្ញុំ​ទេ»។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សេតវិមាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ សម្តែង​ការ​គាំទ្រ​របស់​លោក​ Biden ចំពោះរដ្ឋាភិបាល​អង់គ្លេស និង​ការ​អរគុណរបស់​លោក​ចំពោះលោក​ស្រី​ Truss ផង​ដែរ។

សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយ​ថា​ «​សហរដ្ឋអាមេរិក​ និង​ចក្រភពអង់គ្លេស ជាសម្ពន្ធមិត្ត​ដ៏រឹងមាំ​និងជា​មិត្តដ៏​យូរអង្វែង​ ហើយរឿងនេះ​នឹង​មិនផ្លាស់ប្តូរ​ជាដាច់ខាត»៕​

XS
SM
MD
LG