អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) និងអង្គការសិទ្ធិមនុស្សផ្សេងទៀតបានជំទាស់ទៅនឹងការបោះឆ្នោតថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា ដែលនឹងចូលមកដល់នៅថ្ងៃអាទិត្យខាងមុខនេះ ថាជាការបោះឆ្នោតដ៏ «គួរឲ្យខ្ពើម» និង «គួរឲ្យអៀនខ្មាស»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាចអស់ ៣៣ ឆ្នាំមកហើយ ត្រូវគេរំពឹងថានឹងឈ្នះការបោះឆ្នោតនេះដោយងាយស្រួលជាទីបំផុត ដោយសារតែគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងចម្បងតែមួយគត់របស់គណបក្សកាន់អំណាចរបស់លោក ត្រូវបានរំលាយកាលពីឆ្នាំមុន បន្ទាប់ពីលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនេះ ត្រូវបានចាប់ខ្លួនដាក់ឃុំពីបទចោទប្រកាន់ថាក្បត់ជាតិ។
រូបឯកសារ៖ លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស។ (រូបថតដកស្រង់ចេញពីហេ្វសប៊ុក Charles Santiago)
លោក Charles Santiago ប្រធានអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បាននិយាយថា៖
«យើងឃើញថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក លោក ហ៊ុន សែន បានរៀបចំរចនាសម្ព័ន្ធមួយដែលគ្មានអ្នកប្រឆាំង ដែលគាត់នឹងឈ្នះការបោះឆ្នោត ដែលគ្រប់ទម្រង់ទាំងអស់នៃសេរីភាពបញ្ចេញមតិ ដែលក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ ត្រូវបានគាបសង្កត់ទាំងស្រុង និងដែលសមាជិកគណបក្សប្រឆាំងត្រូវបានបង្ខំឲ្យរត់ចោលស្រុក។ ហេតុដូច្នេះហើយ ការបោះឆ្នោតនេះគឺជាការបោះឆ្នោតដ៏គួរឲ្យអៀនខ្មាស»។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាន និងអ្នកចូលរួមនៅក្នុងសន្និសីទស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសក្នុងប្រទេសថៃ (Foreign Correspondents Club of Thailand) នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ លោក Santiago បានសង្កត់ធ្ងន់ថា ការបោះឆ្នោតដែលនឹងចូលមកនៅក្នុងប្រទេសកម្ពុជានេះគឺជាការបោះឆ្នោតដ៏គួរឲ្យអៀនខ្មាស ដោយសារតែ «បរិយាកាស [នៅក្នុងប្រទេសកម្ពុជា] មិនបានផ្ដល់ឱកាសទាល់តែសោះឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
លោក Santiago បានបន្ថែមទៀតថា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានព្យាយាមធ្វើគ្រប់មធ្យោបាយទាំងអស់ដើម្បី «ឈ្នះការបោះឆ្នោតនេះ តាមរយៈអ្វីដែលយើងហៅថាការប្រថាប់ត្រា»។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងចម្បងបំផុតដែលបានឈ្នះសំឡេងឆ្នោតប្រហែល ៤៤ ភាគរយនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការក្រៅរដ្ឋាភិបាលឯករាជ្យមួយចំនួនត្រូវបានបង្ខំឲ្យបិទទ្វារ សេរីភាពបញ្ចេញមតិត្រូវបានបង្ក្រាប ហើយសមាជិកគណបក្សប្រឆាំងត្រូវបានហាមឃាត់មិនឲ្យចូលរួមនៅក្នុងការបោះឆ្នោត។
លោក Santiago បានរិះគន់ថា ការបោះឆ្នោតនេះ គឺមិនគ្រាន់តែជាការគួរឲ្យអៀនខ្មាសសម្រាប់រដ្ឋាភិបាលកម្ពុជាខ្លួនឯងទេ ប៉ុន្តែក៏ជាការគួរឲ្យអៀនខ្មាសសម្រាប់សមាគមអាស៊ាន និងសហគមន៍អន្តរជាតិផងដែរ។
លោកបាននិយាយយ៉ាងដូច្នេះថា៖
«វាគឺជារឿងដែលគួរឲ្យអៀនខ្មាសណាស់ដែលអាស៊ានមិនបានងើបឡើងប្រឆាំងនឹងការបោះឆ្នោតនេះ ហើយដែលអង្គការអន្តរជាតិផ្សេងទៀតមិនបានងើបឡើងប្រឆាំងនឹងការបោះឆ្នោតនេះ។ នេះគឺជារឿងដ៏គួរឲ្យអៀនខ្មាសខ្លាំងណាស់»។
ដូចទៅនឹងលោក Santiago ដែរ លោក John Cavanaugh ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រទេសកម្ពុជា ដែលជាវាគ្មិនមួយរូបផងដែរនៅក្នុងសន្និសីទនេះ បានឯកភាពថា សហគមន៍អន្តរជាតិមិនបានដាក់សម្ពាធខ្លាំងក្លាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅមុនការបោះឆ្នោតខាងមុខនេះទេ ហើយករណីនេះអាច «បណ្ដាលឲ្យបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ធ្វើតាម»។
ស្របពេលដែលការបោះឆ្នោតនឹងចូលមកដល់នៅថ្ងៃអាទិត្យនេះដែលប្រៀបដូចជាទឹកដល់ច្រមុះដូច្នេះដែរ លោក Santiago បានស្នើនូវវិធីដែលសហគមន៍អន្តរជាតិគួរធ្វើ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតខាងមុខនេះត្រូវបានប្រកាសជាផ្លូវការ។
«ខ្ញុំគិតថា អ្វីដែលយើងចាំបាច់ត្រូវធ្វើគឺថា យើងត្រូវតែបន្តដំណើរទៅមុខ។ យើងចាំបាច់ត្រូវបន្តតាមដានពិនិត្យមើលការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត អ្វីដែលខ្ញុំគិតថាមានសារៈសំខាន់ផងដែរនោះគឺថា បណ្ដាប្រទេសអាស៊ានមិនត្រូវអបអរសាទររដ្ឋាភិបាលកម្ពុជាសម្រាប់ជោគជ័យនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះទេ។ ការបោះឆ្នោតនេះត្រូវតែចាត់ទុកថាខុសច្បាប់។ របបដឹកនាំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ត្រូវតែចាត់ទុកថាខុសច្បាប់ ហើយសហគមន៍អន្តរជាតិមិនគួរផ្ដល់នូវភាពស្របច្បាប់ណាមួយដល់ការបោះឆ្នោតដ៏គួរឲ្យអៀនខ្មាសនេះទេ»៕