ទីភ្នាក់ងារព័ត៌មានអេភី (AP) បានរាយការណ៍ពីទីក្រុងម៉ានីលមកថា មានកូនក្មេង ហ្វ៊ីលីពីនរាប់ពាន់នាក់ ហើយខ្លះអាយុត្រឹមតែ៩ឆ្នាំប៉ុណ្ណោះ បានប្រថុយជីវិតរបស់ពួកគេដើម្បីធ្វើការខុសច្បាប់នៅកន្លែងការដ្ឋានជីករ៉ែមាសទំហំតូច ក្រោមស្ថានភាពដ៏អាក្រក់ ហើយរដ្ឋាភិបាលមិនបានធ្វើការការពារពួកគេឲ្យបានសមរម្យទេ។ នេះជាការអះអាងរបស់ក្រុមអង្គការសិទ្ធិមនុស្សនៅថ្ងៃពុធនេះ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សស.រ.អា.មួយឈ្មោះ Human Rights Watch បាននិយាយថា ក្មេងៗធ្វើការងារក្នុងអណ្តូងរ៉ែជម្រៅ២៥ម៉ែត្រប្រកបដោយគ្រោះ ថ្នាក់ឬក្រោមទឹកនៅតាមបណ្តោយឆ្នេរសមុទ្រឬទន្លេរ ដែលរែងរករ៉ែមាស មានជាតិបារ៉ត មានលោហៈធាតុពុល ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរមិនអាចជាសះស្បើយបាននោះ។ អ្នកដែលជ្រមុជទឹកដើម្បីរកមាសក្រោមទឹករយៈពេលជាច្រើនម៉ោង ក្នុងរូងតូចចង្អៀតជម្រៅ១០ម៉ែត្រ ពាក់ម៉ាស៊ីនដកដង្ហើមតាមរយៈទុយយោភ្ជាប់នឹងម៉ាស៊ីនប្រើខ្យល់ដកដង្ហើមអុកស៊ីសែន។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានសម្ភាសមនុស្សចំនួន១៣៥នាក់ រួមទាំងក្មេងដែលធ្វើការងារអណ្តូងរ៉ែ ចំនួន៦៥នាក់ ដែលមានអាយុចាប់ពី៩ឆ្នាំ ដល់១៧ឆ្នាំ។ ការណ៍នេះកើតឡើងពេលអង្គការនេះបានធ្វើការស្រាវជ្រាវដល់ កន្លែងក្នុងភាគខាងកើតខេត្ត Camarines Norte and Masbate កាលពីឆ្នាំ ២០១៤។
ប្រទេសហ៊្វីលីពីនមានក្មេងធ្វើការចំនួន៥លាន៥សែននាក់ក្នុងឆ្នាំ២០១១ បើតាមស្ថិតិរបស់រដ្ឋាភិបាល ហើយមានក្មេងចំនួន៣លាន២សែននាក់ ត្រូវគេគិតថា ជាក្មេងលក់កម្លាំងពលកម្មដោយសារពួកគេធ្វើការងាររយៈពេលវែងឬធ្វើការក្នុងបរិដ្ឋានគ្រោះថ្នាក់៕