ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កន្លែង​ជីក​រ៉ែមាស​របស់​ក្រុមហ៊ុន​ចិន​ដែល​មាន​កម្មករ​ស្លាប់​មាន​ការ​យាម​តឹងតែង


ពិធី​សូត្រមន្តនៅឯអណ្តូង​រ៉ែ​មួយ ​នៃ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ
ពិធី​សូត្រមន្តនៅឯអណ្តូង​រ៉ែ​មួយ ​នៃ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ

ការដ្ឋាន​របស់​ក្រុមហ៊ុន​ចិន ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ ​និង​ថាមពល ​កាល​ពី​ចុង​ឆ្នាំ​២០១១​សម្រាប់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ នៅ​ក្នុង​ស្រុក​សម្បូរ​ គឺ​ឋិត​នៅ​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូ​ម៉ែត​ពី​ទី​រួម​ក្រុង​ក្រចេះ។ ​ផ្លូវ​គមនាគមន៍​មាន​ការ​លំបាក​បន្ទាប់​ពី​ចុះ​ចេញ​ពី​ផ្លូវ​ជាតិ​ ទៅ​កាន់​ការដ្ឋាន​ចម្ងាយ​ប្រមាណ​ជាង​១៣​គីឡូម៉ែត។

នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ប្រមាណ​៧​គីឡូម៉ែត​ពី​ផ្លូវ​លំ ​ទៅ​ដល់​ភូមិ​អូរពោធិ៍ ​ឃុំ​ក្បាល​ដំរី​ ស្រុក​សម្បូរ​ មាន​ចំណុច​ឆែកឆេរ​មួយ​កន្លែង​របស់​ក្រុមហ៊ុន​ចិន​ ដែល​មាន​ការ​យាម​យ៉ាង​តឹងរឹង​ពី​មន្ត្រី​កង​រាជអាវុធហត្ថ​ខេត្ត​ក្រចេះ។ ​នៅ​ចំណុច​ឆែកឆេរ​នេះ​ គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ឆ្លង​កាត់​ទេ​ ក្រោយ​ពី​ហេតុ​ការណ៍​ដែល​បណ្តាល​ឲ្យ​កម្មករ​ខ្មែរ​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​អណ្តូង​រ៉ែ ​ក៏ប៉ុន្តែ​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ ដោយ​សារ​តែ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​ប្រចាំការ​នៅ​ទីនោះ​ធ្លាប់​ស្គាល់​គ្នា​ជា​មួយ​អ្នក​កាសែត។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ក្នុង​បរិវេណ​អាជីវកម្ម​អណ្តូង​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​Xing Yuan Kanng Yeak ​មាន​ការ​រៀបចំ​ពិធី​សូត្រ​មន្ត​ដើម្បី​រំឭក​វិញ្ញាណ​ក្ខន្ធ​ដល់​អ្នក​ស្លាប់​បាត់បង់​ជីវិត​គំរប់​៧​ថ្ងៃ។

នៅ​ក្នុង​បរិវេណ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​នេះ ​ពុំ​មាន​កម្មករ​ច្រើន​ធ្វើ​ការ​ដូច​មុន​ទេ​ គឺ​មាន​កម្មករ​ធ្វើ​ការ​ប្រមាណ​តែ​៤​ឬ​៥​នាក់​តែ​ប៉ុណ្ណោះ។​ ក្រុម​កម្មករ​បាន​ធ្វើ​បទ​សម្ភាស៍​ជាមួយ​នឹង​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ថា​ មាន​កម្មករ​ខ្មែរ​ប្រមាណ​ជាង​៩០​ភាគ​រយបាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​របស់​ពួក​គេ​វិញ​ហើយ​ បន្ទាប់​ពី​មិត្ត​រួម​ការងារ​របស់​ពួក​គេ​បាន​ស្លាប់។

កាល​ពី​សប្តាហ៍​មុន​ មាន​កម្មករ​ខ្មែរ​ប្រមាណ​៨​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ និង​មាន​កម្មករ​ពីរ​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​នៅ​ក្នុង​អណ្តូង​រ៉ែ​មាស​មួយ​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង​៣០០​ម៉ែត​ ដោយសារ​តែ​កម្មករ​ជន​ជាតិ​ចិន​បំផ្ទុះ​ថ្ម​ដើម្បី​យក​រ៉ែ ​ហើយ​ប៉ះ​ចំ​ដង្ហើម​ទឹក​ក្រោម​ដី​ បណ្តាល​ឲ្យ​ទឹក​បាញ់​ចេញ​យ៉ាង​គំហុក​លាយ​ឡំ​ជាមួយ​នឹង​កម្ទេច​ថ្ម​ ដែល​ធ្វើ​ឲ្យ​កម្មករ​ស្លាប់​ដោយសារ​ការ​ឆ្លក់​ទឹក។

លោក​ពុំ ​អឿន ​អាយុ​២៨ ​កម្មករ​នៅ​ក្នុង​អណ្តូង​រ៉ែ ​មក​ពី​ខេត្ត​កំពង់ចាម​ ដែល​បាន​ធ្វើ​ការងារ​ជា​កម្មករ​អណ្តូង​រ៉ែ​អស់​រយៈ​ពេល​ជាង​មួយ​ខែ ​បាន​និយាយ​ថា ​ការ​ចូល​បម្រើ​ជា​កម្មករ​នៅ​ទីនេះ ​ក្រុមហ៊ុន​មិន​បាន​បង្រៀន​អំពី​វិធីសាស្ត្រ​ជម្លៀស​ចេញ ​នៅ​ក្នុង​គ្រា​មាន​អាសន្ន​ទេ។

លោក​ពុំ ​អឿន​បាន​និយាយ​ថា ​ខាង​ក្រុមហ៊ុន​បាន​ឲ្យ​កម្មករ​ពាក់​មួក​សុវត្ថិភាព​និង​មាន​ពាក់​ពិល​នៅ​លើ​ក្បាល ​ព្រម​ទាំង​ឧបករណ៍​វាយ​ថ្ម​តែ​ប៉ុណ្ណោះ។ ​ចំណែកឯ​បច្ចេក​ទេស​ផ្សេង​ទៀត​ ក្រុមហ៊ុន​មិន​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​គេ​ទេ។

«អត់​មាន​ដឹង​ផង​ ព្រោះ​អី​កម្មករ​នៅ​ទី​ហ្នឹង ​បើ​ចុះ​ធ្វើ​នៅ​ហ្នឹង​ បើ​ថា​ដាច់​ភ្លើង ​ដាច់​អី​នៅ​ហ្នឹង ​គឺ​ងងឹត​សូន្យ ​ងងឹត​សូន្យ​តែ​ម្តង​ នៅ​ក្នុង​ហ្នឹង»។

កន្លែង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​មាន​ចំនួន​ពីរ​អណ្តូងគឺ​នៅ​ប៉ែក​ខាង​កើត​ និង​ប៉ែក​ខាង​លិច ​ក៏ប៉ុន្តែ​មាន​តែ​មួយ​អណ្តូង​តែ​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​កម្មករ​ខ្មែរ​ស្លាប់​បាត់បង់​ជីវិត។

ប្អូន​ប្រុស​ម៉ៅ ​សិលា ​អាយុ​១៩ ​មក​ពី​ស្រុក​ព្រែកប្រសព្វ ​ខេត្ត​ក្រចេះ ​បាន​និយាយ​ថា​ ជា​រៀងរាល់​លើក​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ដាក់​គ្រាប់​គីប ​ដើម្បី​កម្ទេច​ថ្ម​តែងតែ​ចុច​កណ្តឹង​ប្រកាស​អាសន្ន​ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ​នេះ​ ក្រុមហ៊ុន​មិន​បាន​ប្រកាស​អាសន្ន​ដល់​ពួក​គេ​ទេ។ ​ប្អូន​ប្រុស​បាន​និយាយ​ថា​ ប្រសិន​ណា​បើ​ក្រុម​ហ៊ុន​បាន​បង្រៀន​វិធី​គេច​ចេញ​ពី​គ្រោះថ្នាក់​ ឬ​ក៏​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ ប្រហែល​ជា​ពួក​គេ​មិន​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​ប្រាំបី​នាក់​នោះ​ទេ។

«ខ្ញុំ​ចង់​ថា​ មាន​សំណូមពរ​ឲ្យ​ជួយ​ពិនិត្យ​មើល​កម្មករ​គ្រប់​រូប​ ដើម្បី​មុន​នឹង​ចុះ​ទៅ​ធ្វើ​ការ​ឲ្យ​មាន​សុវត្ថិភាព។ ​ការពារ​អាយុ​ជីវិត​ អាយុ​កម្ពុជា​ខ្មែរ​យើង»។

កម្មករ​ខ្មែរ​ ដែល​បាន​ធ្វើ​ការងារ​នៅ​ក្នុង​អណ្តូង​រ៉ែ ​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​ទេ។​ ក្រុម​កម្មករ​ទទួល​បាន​៩០០០​រៀល ​គឺ​ស្មើ​នឹង​ជាង​ពីរ​ដុល្លារ​ ប្រសិន​ណា​បើ​កម្មករ​យក​រ៉ែ​មួយ​ធុង​ពី​ក្រោម​ដី​យក​មក​លើ​បាន។

ប្អូន​ប្រុស​កាយ ​បុរី ​អាយុ​២៧ ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«គេ​គិត​ជា​ធុង​ មួយ​ធុង។​ ​ក្រុម​រណ្តៅ​ខ្ញុំ​ខាង​នោះ​ធ្វើ​បាន​មួយ​ធុង​ប្រាំបួន​ពាន់ ​អា​ជាន់​ក្រោម។ ​ចំណែក​អា​ជាន់​លើ​បាន​មួយ​ម៉ឺន​ ឬ​មួយ​ម៉ឺន​មួយ​ពាន់។​ ជួប​ដែរ​រ៉ែ​ហ្នឹង ​ប៉ុន្តែ​យើង​មិន​ដឹង​ថា ​រ៉ែ​ហ្នឹង​មាស​ទេ។ ​ទាល់​តែ​យើង​យក​ទៅ​កិន​បាន​យើង​ឃើញ»។

តំណាង​ក្រុមហ៊ុន​ចិន​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ណា​មួយ​ប្រាប់វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ទេ​ នៅ​ពេល​ដែល​ព្យាយាម​សួរ​តាម​រយៈ​អ្នក​បកប្រែ។

បន្ទាប់​ពី​ព្រឹត្តិការណ៍​បណ្តាល​ឲ្យ​ក្រុម​កម្មករ​ខ្មែរ​៨​នាក់​បាន​ស្លាប់ ​លោក​ស៊ុយ ​សែម ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ ​និង​ថាមពល ​បាន​និយាយ​ថា ​ក្រសួង​នឹង​កោះ​ប្រជុំ​ជា​បន្ទាន់​ជាមួយ​នឹង​ក្រុមហ៊ុន​ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ ​លទ្ធផល​នៃ​ជំនួប​នេះ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ៕

XS
SM
MD
LG