សកម្មជន​សិទ្ធិ​មនុស្ស​​បារម្ភ​ថា​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ចិន​នឹង​កាន់​តែ​អាក្រក់​ជាង​មុន

រូបឯកសារ៖ ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គួរ​​ដែល​រស់​នៅប្រទេស​តួកគី​កាន់​ទង់​​ដែល​ពួក​គេ​ហៅ​ថា «East Turkestan» ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី កាល​ពី​ខែ​វិច្ឆិកា ២០១៨ ជំទាស់​នឹង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​ចិន។

ឆ្នាំ​២០១៨​គឺ​ជា​ឆ្នាំ​ដែល​អ្នក​ការពារ​សិទ្ធិ​​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​និយាយ​ថា មាន​ការ​រឹត​ត្បិត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​​ ជា​ពិសេស​នៅ​ពេល​និយាយ​ដល់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា។

ថ្នាក់​ដឹក​នាំ​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ការពារ​យ៉ាង​មុត​មាំ​ចំពោះ​សកម្មភាព​របស់​ពួក​គេ​ នៅ​ខណៈ​ពេល​ដែល​មាន​ការ​អំពាវនាវ​ថា សកម្មភាព​របស់​ពួក​គេ​អាច​ត្រូវ​បាន​ចាត់​ទុក​ថាជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

សកម្មភាព​ទាំង​នោះ​រួម​មានការ​ឃុំ​ឃាំង​មនុស្ស​រាប់​សិប​ម៉ឺន​នាក់​ ឬ​ប្រហែល​ជា​អាច​ដល់​ជាង​មួយ​លាន​នាក់​ ដែល​ជា​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​តំបន់​ស្វយ័ត​ Xinjiang ការ​កម្ទេច​និង​បិទ​ចោល​នូវ​វិហារ​គ្រិស្ត​សាសនា​នៅ​ទូទាំង​ប្រទេស​ និង​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​ទៅ​លើ​ពួក​អ្នក​ប្រឆាំង។

លោក​ Dilxat Raxit គឺ​ជា​អ្នក​នាំ​ពាក្យ​របស់​អង្គការ​សមាជ​ជនជាតិ​អ៊ុយហ្គួរ​ពិភពលោក ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់។

លោក​បាន​ថ្លែង​ថា៖ «ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​ដ៏​មហន្តរាយ​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។ ប្រទេស​ចិន​គឺ​ជា​ទី​ដែល​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ទទួលរង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ។ នៅ​ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រទេស​ចិន​បាន​អនុវត្ត​ជា​ប្រព័ន្ធ​នូវ​គោល​នយោបាយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​ឥត​កោត​ក្រែង​បំផុត»។

ការ​បង្ខំ​ឲ្យ​ធ្វើការ

បន្ទាប់​ពី​បដិសេធ​អស់​ជាច្រើន​ខែ​ថា​ មិន​មាន​ជំរំ​របស់​ជនជាតិ​អ៊ុយហ្គួរ​នោះ​ទេ​ ចិន​បាន​សារភាព​ថា​ ពិត​ជា​មាន​ជំរំ​ជនជាតិ​វីហ្គឺ​ប្រាកដ​មែន ហើយ​ចិន​បាន​បើក​យុទ្ធនាការ​ឃោសនា​ទូទាំង​សាកល​លោក​ដើម្បី​ការពារ​ការ​ឃុំ​ខ្លួន​ជនជាតិ​ភាគ​តិចវីហ្គឺ​ និង​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត​នៅ​តំបន់​ភាគ​ខាង​លិច​នៃ​តំបន់ Xinjiang។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​បញ្ជាក់​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​ឃុំ​ឃាំងនោះ​ទេ ប៉ុន្តែ​បាន​ហៅ​«មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ» ថា​ជា​ផ្នែក​មួយ​ចាំបាច់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និង​ពួក​អ្នក​ជ្រុល​និយម​ខាង​សាសនា។ ប៉ុន្តែ​ក្រុម​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា តាម​ពិត​គឺ​ថា​ ពួក​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ទាំង​នោះ​ត្រូវ​បាន​គេ​ឃុំ​ឃាំង​និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​ ហើយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ទេ នៅ​ក្នុង​រោងចក្រ​ទាំង​នោះ​ដែលគេ​ហៅ​ថា «ការ​ហ្វឹក​ហាត់​ការងារ»។

ប្រទេស​ចិន​ត្រូវ​គេ​រាយការណ៍ថា​ កំពុង​រៀប​ផែន​ការ​ឲ្យ​មាន​ជំរំ​ «អប់រំ​ឡើង​វិញ»​ នៅ​ក្នុង​តំបន់​ស្វយ័ត​ Ningxia​ ដូច​ដែល​បាន​ធ្វើ​ក្នុង​តំបន់ Xinjiang ដែរ។ តំបន់ Ningxia​ ​គឺ​ជា​តំបន់​ដែលជន​ជាតិ​ភាគ​តិច​ Hui កាន់​សាសនា​ឥស្លាម​រស់​នៅ។ ការ​វិវត្ត​នេះ​បញ្ជាក់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រឹង​ខ្លាំង​ក្លា​របស់​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ការ​លុប​បំបាត់​អ្នក​កាន់​សាសនា​ឥស្លាម និង​ពង្រីក​ការ​គ្រប់​គ្រង​ទៅ​លើ​ក្រុម​អ្នក​កាន់​សាសនា​នានា។ នេះ​បើ​តាម​លោក Raxit។

លោក Bob Fu ស្ថាបនិក​អង្គការ​ China Aid ក៏​យល់​ឃើញ​ដូច្នេះ​ដែរ។ អង្គការ​របស់​លោក​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ តិចសាស ​សហរដ្ឋ​អាមេរិក​ ប្ដេជ្ញា​លើក​កម្ពស់​សេរីភាព​សាសនា​នៅ​ក្នុង​ប្រទេស​ចិន។

លោក ​Bob Fu បាន​និយាយ​ថា៖ «នេះ​ជាជំរំ​ឃុំឃាំង​សតវត្សរ៍​ទី​២១ គឺ​ដូច​ទៅ​នឹង​ជំរំ​របស់​ពួក​ណាស៊ី​នៅ​អាល្លឺម៉ង់​ក្នុង​ទសវត្សរ៍​ ១៩៣០ និង​១៩៤០ ដែរ។ ដូច្នេះ សហគមន៍​អន្តរជាតិ​គួរ​តែ​ថ្កោល​ទោស​ដោយ​ដាច់​អហង្កា​ ហើយ​ជំរុញ​ឲ្យ​របប​ដឹក​នាំ​ចិន​បញ្ឈប់បទ​ល្មើស​នេះ​ជា​បន្ទាន់»។

រូបឯកសារ៖ ជន​ជាតិ​ភាគ​តិច Hui ​ចិន​កាន់​សាសនា​ឥស្លាម​កំពុង​បួង​សួង​ក្នុង​ពិធី​ Eid al-Fitr ​នៅ​វិហារ Niujie ក្នុង​ទីក្រុង​ប៉េកាំង។

ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម

ក្រុម​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅ​លើ​ពិភពលោក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​រួម​មាន​លោក​ Marco Rubio បាន​ប្រឆាំង​ទៅ​នឹង​ការ​បង្កើត​ជំរំ​ឃុំឃាំង​នៅ​តំបន់ Xinjiang និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត​ ដោយ​លើកឡើង​ថា ​អាច​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។ កាល​ពី​ខែ​វិច្ឆិកា លោក Rubio និង​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​នៅ​អាមេរិក បាន​បង្ហាញ​ច្បាប់​មួយ​ដើម្បី​ដោះ​ស្រាយ​ស្ថានការណ៍​នេះ និង​បាន​ជំរុញ​ឲ្យ​អ្នក​បង្កើត​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​យល់​ឲ្យ​បាន​ច្បាស់​អំពី​លទ្ធផល​ជា​សាកល​នៃ​ការ​រឹតត្បិត​នៅ​ក្នុង​ប្រទេស​ចិន។

សេចក្តី​ព្រាង​ច្បាប់​របស់​គណបក្ស​ទាំង​ពីរ​បាន​ជំរុញ​ឲ្យរដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ប្រើ​ប្រាស់​វិធានការ​នានា ​ដែល​រួម​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​ការពារ​ជន​ជាតិ​ភាគ​តិច​វីហ្គឺ​ និង​ជន​ជាតិ​ភាគ​តិចកាន់​សាសនា​ឥស្លាម​ដទៃ​ទៀត។ ប្រសិន​បើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​ពិត​ជា​ត្រូវ​បាន​អនុម័ត​មែន​នោះ ប្រទេស​ចិន​និយាយ​ថា​ ខ្លួន​នឹង​សង​សឹក​វិញ​ក្នុង​កម្រិត​មួយ​ដូច​គ្នា។

ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​កាន់​តែ​ខ្លាំង

មិន​ត្រឹម​តែ​អ្នក​កាន់​សាសនា​ឥស្លាម​ទេ​ ដែល​មើល​ឃើញ​ថា ​ពួក​គេ​ជាប់​នៅ​ក្នុង​ផ្ទាំង​ស៊ីប​របស់​បក្ស​កុម្មុយនិស្ត។ លោក Fu នៃ​អង្គការ​ China Aid ​បាន​និយាយ​ថា ​ចិន​ក៏​កំពុង​បន្ថែម​ការ​បង្ក្រាប​របស់​ខ្លួន​ទៅ​លើ​សហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ត​ផង​ដែរ។
អាជ្ញាធរ​បាន​កម្ទេច​ចោល​ទី​សក្ការៈ​នានា​សម្រាប់​ធ្វើ​ការ​បួង​សួង​ ហើយ​នៅ​កន្លែង​ផ្សេង​ទៀត​ មាន​ការ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​សាសនា​នៅ​ព្រះ​វិហារ​គ្រិស្ត​សាសនា​បាន​ ឬ​មិន​ឲ្យ​ជឿ​លើ​សាសនា​នេះ។ ចិន​គឺ​ជា​ប្រទេស​ដែល​មិន​ជឿ​លើ​សាសនា​អ្វី​នោះ​ទេ ប៉ុន្តែ​អះអាង​ថា ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ខាង​ជំនឿ​សាសនា។

កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​ ប៉ូលិស​ចិន​បាន​ចាប់​ខ្លួន​គ្រូ​គង្វាល​ Wang Yi​ រួម​ជាមួយ​នឹង​សមាជិក​ជាង​១០០​នាក់​ទៀត​នៃ​ព្រះវិហារ​គ្រិស្ត​សាសនា​របស់​លោក​ដែល​មាន​ឈ្មោះ​ថា «ការសន្យា​ទឹក​ភ្លៀង​ដំបូង» ឬ​ជា​ភាសា​អង់គ្លេស​ថា ​Early Rain Covenant Church នៅ​ទីក្រុង Chengdu​ ខេត្ត​ Sichuan។

ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​ការ​ប្រកាស​របស់​លោក​ដែល​មាន​ឈ្មោះ​ថា «សម្មាធិ​នៅ​លើ​សង្គ្រាម​សាសនា» ដែល​លោក​បាន​ថ្កោល​ទោស​បក្ស​កុម្មុយនិស្ត ​និង​ជំរុញ​ឲ្យ​អ្នក​កាន់​សាសនា​គ្រិស្ត​អនុវត្ត​ទង្វើ​មិន​គោរព​ច្បាប់។

លោក Fu បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ CNN កាល​ពី​ពេល​ថ្មីៗ​នេះទៅ​លើ​ករណី​នេះ​ថា៖ «វា​គ្រាន់​តែ​ជា​រូប​ភាព​តូច​មួយ​នៃ​ការ​បង្ក្រាប​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី ស៊ី ជីនពីង ឡើង​កាន់​អំណាច​មក»។

រូប​ឯកសារ៖​ នាង​ Li Wenzu ​ដែល​កោរ​សក់​ដើម្បី​តវ៉ា​ការ​ឃុំ​ខ្លួន​ប្ដី​របស់​នាង​និង​អ្នក​ច្បាប​ការពារ​សិទ្ធិ​មនុស្ស​ចិន ​Wang Quanzhang ដែល​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស​៧០៩​នាក់ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ក្រុម​អ្នក​ប្រឆាំង​នយោបាយ

ប្រសិន​បើ​រក​ឃើញ​កំហុស លោក Wang​ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ ហើយ​លោកបាន​ប្ដេជ្ញា​ថា​មិន​ទទួល​កំហុស​ ឬ​សារភាព​ទេ ​ដរាប​ណា​មិន​មាន​ការ​ធ្វើ​ទារុណកម្ម​លើ​រូប​រាង​កាយ។ នេះ​បើ​តាម​លោក ​Jonathan Liu​ អ្នក​បង្រៀនសាសនា​គ្រិស្ត​នៃ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ជន​ជាតិ​ចិន​ ដែល​មាន​មូលដ្ឋាន​នៅទីក្រុង San Francisco រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោក Liu ​និយាយ​ថា​ ការ​ឃុំ​ខ្លួន​គ្រូ​គង្វាល​នេះ​ គឺ​មាន​គោល​បំណង​ពីរ។ ទី​មួយ​គឺ​ដើម្បី​គាប​សង្កត់​លើ​អ្នក​កាន់​សាសនា​គ្រិស្ត ហើយ​ទីពីរ​គឺ​ដើម្បី​បំបិទ​មាត់​អ្នក​ប្រឆាំង​នឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​ចិន​ ដោយសារ​តែ​លោក Wang​ គឺ​ជា​មនុស្ស​នៃ​ក្រុម​កាន់​លិទ្ធិ ​Calvinism។ លទ្ធិ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​ប្រូតេស្តង់ ដែល​ផ្ដោត​លើ​យុត្តិធម៌​សង្គម។

លោក Liu និយាយ​ថា៖ «ដោយ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ការ​គោរព​លទ្ធិ​ Calvinism​ លោក​តែង​យក​ចិត្ត​ទុក​ដាក់ចំពោះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​បញ្ហា​សង្គម​ ឬ​អ្នក​ដែល​ការពារ​សិទ្ធិ​មនុស្ស។ ដូច្នេះ​ព្រះវិហារ​គ្រិស្ត​សាសនា​របស់​លោក​បាន​បង្កើត​ឲ្យ​មាន​ការ​រាប់​អាន​ជា​ច្រើន​ដើម្បី​មើល​ថែ​មនុស្ស​ទាំង​នោះ។ នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​រដ្ឋាភិបាល​ចិន ព្រះ​វិហារ​របស់​លោក​បាន​ក្លាយ​ជា​មណ្ឌល​សម្រាប់​ពួក​អ្នក​ប្រឆាំង​ផ្នែក​នយោបាយ»។

គ្មាន​សញ្ញាណ​នៃ​ភាព​ប្រសើរ​ឡើង

ក្នុង​អំឡុង​ពេល​ត្រួតពិនិត្យ​ឡើង​វិញ​ជារឿយៗ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ប្រទេស​ចិន​បាន​ការពារ​ខ្លួន​ដោយ​ផ្ដល់​ទឡ្ហីករណ៍​ថា​ ការ​រិះ​គន់​នានា​«មាន​លក្ខណៈ​នយោបាយ»​ ដោយ​សមាជិក​អង្គការ​សហប្រជាជាតិ​មាន​ចេតនា​មិន​ទទួល​ស្គាល់​«សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់»​របស់​ចិន។

ចំពោះ​អ្នក​រិះ​គន់​ ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០១៩ ទំនង​ជា​មិន​មាន​ក្តី​រំពឹង​ទេ​ថា​នឹង​ប្រសើរ​ឡើង​។

លោក Albert Ho គឺ​ជា​ប្រធាន​អង្គការបារម្ភ​ពី​សិទ្ធិ​មនុស្ស​នៅ​ចិន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ​ហុងកុង។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មើល​មិន​ឃើញ​ថា​មាន​ទិដ្ឋភាព​ណា​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ​ថ្មី​នេះ​ទេ។ តាម​ពិត​កាល​ពី​ឆ្នាំ​មុន រឿង​ដែល​អាក្រក់​បំផុត​នោះ​ដែល​យើង​បាន​ឃើញ​នោះ​គឺ​ថា រដ្ឋាភិបាល​បាន​ប្រព្រឹត្ត​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​យ៉ាង​ច្បាស់​ក្រឡែត​ និង​ដោយ​មិន​គោរព​តាម​ប្រព័ន្ធ​យុត្តិធម៌​ដែល​ពួក​គេ​បាន​បង្កើត​ឡើង​ទាល់​តែ​សោះ»។

លោក​ Ho និយាយ​ថា ការ​ពិត​ដែល​ថា ​មេធាវី​សិទ្ធិ​មនុស្ស លោក ​Wang Quanzhang​ នៅ​កំពុង​ជាប់​ឃុំ​ឃាំង​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃនោះ​ ស​បញ្ជាក់​បាន​ថា ចិន​មាន​ការ​គោរព​ច្បាប់​របស់​ខ្លួន​តិចតួច​ណាស់។
ក្នុង​ចំណោម​មេធាវី​ការពារ​សិទ្ធិ​មនុស្សនិង​សកម្មជន​ជាង​៣០០​នាក់​ដែល​ជាប់​ក្នុង​អន្ទាក់​របស់​ចិន​ក្នុង​ការ​បង្ក្រាប​ឆ្នាំ​២០១៥​នោះ មេធាវី Wang គឺជា​មនុស្ស​ចុង​ក្រោយ​ដែល​កំពុង​រង់ចាំ​ឡើង​សវនាការជំនុំ​ជម្រះ​។

អ្នក​ស្រី Li Wenzu ដែល​ជា​ភរិយា​របស់​លោក Wang និង​ភរិយា​បី​នាក់​ទៀត​របស់​ក្រុម​មេធាវី​រងគ្រោះ​ដែល​បាន​ធ្វើ​យុទ្ធនាការ​រយៈ​ពេល​យូរ​និង​យ៉ាង​កង​រំពង ​ដើម្បី​ស្វែង​រក​ការ​ដោះ​លែង​លោក Wang និង​មនុស្ស​ផ្សេង​ទៀត​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​កោរ​សក់​របស់​ពួក​គេ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំ​ឃាំង​ ដែល​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ​។

អ្នក​ស្រី Li និយាយ​ថា៖ «ពួក​អាជ្ញាធរ​នៅ​តែ​បន្ត​រំលោភ​ច្បាប់​ដោយ​ឥត​អៀន​ខ្មាស់។ ដូច្នេះ​ហើយ​ ថ្ងៃ​នេះ​យើង​កំពុង​ប្រើ​ប្រាស់​សកម្មភាព​កោរ​សក់​នេះ​ជា​ការ​តវ៉ា​ប្រឆាំង​ ដើម្បី​បង្ហាញ​ថា​ពួក​គេ​កំពុង​រំលោភ​ច្បាប់​យ៉ាង​មានះ​និង​ឥត​អៀន​ខ្មាស់»។

ប្រែសម្រួល​ដោយ​លោក នៀម ឆេង