ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​កេនយ៉ា ​ប្រឈម​ប្រតិកម្ម​ប្រឆាំងបន្ទាប់​ពី​​ការ​លេចធ្លាយ​កិច្ច​សន្យា​ជាមួយ​ចិន


រូបភាពឯកសារ៖ អ្នក​ដំណើរ​បាន​មកដល់តាម​រថភ្លើង ​ពីទីក្រុង Mombasa ទៅ Nairobi នៅ​ស្ថានីយ Standard Gauge Railway (SGR) កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៧។
រូបភាពឯកសារ៖ អ្នក​ដំណើរ​បាន​មកដល់តាម​រថភ្លើង ​ពីទីក្រុង Mombasa ទៅ Nairobi នៅ​ស្ថានីយ Standard Gauge Railway (SGR) កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៧។

មន្រ្តី​កេនយ៉ា ​ប្រឈម​ការ​លេច​ធ្លាយ​ថា ​ប្រទេស​នេះ ​អាច​​ប្រឈម​ភាព​គ្រោះ​ថ្នាក់​ដល់​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​របស់​ខ្លួន​នៅពេល​ដែល​ខ្លួន​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សន្យា​ឆ្នាំ​២០១៤។​

រដ្ឋាភិបាល​កេនយ៉ា​កំពុង​ខិត​ខំឆ្លើយ​តប​ទៅ​នឹងការ​លេចធ្លាយ​ថា ​កិច្ច​សន្យា​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារជាមួយ​ចិន​អាច​មាន​ភាព​គ្រោះ​ថ្នាក់​ដល់​អធិប​តេយ្យ​ភាព​របស់​ខ្លួន។​ នេះ​តាម​កាសែត​ Daily Nation។

សេចក្តី​លម្អិត​អំពី​ប្រាក់​កម្ចី​សម្រាប់​ក្រុមហ៊ុន​សង់​ផ្លូវ​រទេះ​ភ្លើង Standard Gauge Railway ដែល​ជា​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏ធំ​បង្អស់​របស់​កេនយ៉ា​ចាប់​តាំង​ពី​ឯក រាជ្យ​មក ​បាន​លេចចេញ​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ពេល​ដែល​កាសែត The Nationបាន​ចេញ​ផ្សាយ​ដោយ​ដក​ស្រង់​កិច្ច​សន្យា​ឆ្នាំ​២០១៤រវាង​ធនាគារ​អាហរ័ណនីហរ័ណរបស់​ចិន​និង​សាធារណរដ្ឋ​កេនយ៉ា។

កិច្ចព្រម​ព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​លាត​ត្រដាងពីការ​សម្ងាត់ ​ហើយ​សេចក្តី​រាយការណ៍​របស់​កាសែត​ The Nation ​បាន​ផ្តល់ការ​បំភ្លឺ​ដ៏​កម្ររ​មួយ​ថាតើ​ចិន​ធ្វើ​កិច្ច​សន្យា​ប្រាក់​កម្ចី​របស់​ខ្លួន​នោះ​យ៉ាង​ដូចម្តេច។

កាសែត​នោះ ប្រាប់​ឲ្យ​ដឹង​ថា ឥឡូវនេះ ​រដ្ឋាភិបាលបាន​គ្រោង​ធ្វើជំនួប​ក្នុង​គ្រាអាសន្ន​ដើម្បី​សម្រេចថាតើត្រូវ​ដោះស្រាយ​របាយការណ៍ថ្មីៗ​ជាបន្តបន្ទាប់ដែលប៉ះ​ពាល់ដល់ ការផ្តល់ថវិកា ការសាងសង់​និង​កិច្ច​ប្រតិបត្តិការ​សម្រាប់​គម្រោង​ផ្លូវរទេះ​ភ្លើង Standard Gauge (SGR) ដោយ​របៀប​ណា។

ការ​ព្រួយ​កង្វល់​ចម្បង គឺ​ភាសា​ដែល​លម្អិត​ពី​ទំហំ​នៃ​ទ្រព្យសម្បត្តិ​ដែល​កេនយ៉ា​ត្រូវ​បាត់​បង់ ​ប្រសិន​បើ ខ្លួន​មិនមាន​ប្រាក់​សងប្រាក់​កម្ចី​នោះ។ ​យោងតាម​សេចក្តី​ដក​ស្រង់​ដោយ​កាសែតThe Nation ដែល​ជាកាសែតឯករាជ្យ​ដ៏​ធំ​បង្អស់​របស់​កេនយ៉ា ​បាន​ប្រាប់​ឲ្យ​ដឹងថា «​ទាំង​អ្នក​ខ្ចី​ប្រាក់(កេនយ៉ា) ឬ​ទ្រ​ព្យសម្បត្តិ​របស់​ខ្លួនមិន​មាន​សិទ្ធិ​អភ័យ​ឯកសិទ្ធ​ដោយ​ផ្អែកលើ​អធិបតេយ្យភាព​នោះ​ទេ»។

កិច្ចសន្យា​នោះ ក៏ចែងដែរថា កេនយ៉ា ​ត្រូវ​តែ​ប្រើ​ទំនិញ​ ​បច្ចេក​វិទ្យា​និង​សេវាកម្ម​ចិន​ក្នុងការ​សាង​សង់​និង​ប្រតិបត្តិការ ​ហើយខសម្ងាត់​មួយ​ហាមឃាត់ រដ្ឋាភិបាល​កេនយ៉ា​មិន​ឲ្យ​បញ្ចេញលក្ខខណ្ឌ​របស់​កិច្ច​សន្យា​ដោយ​មិនមាន​ការ​យល់​ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

សេចក្តី​ដក​ស្រង់​ទាំង​នោះ​ ​ផ្តល់​ភស្តុ​តាងជាក់​ស្តែង​ភាគ​ច្រើនថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​អាច​ពាក់​ព័ន្ធ​នៅ​ក្នុង​អ្វី​ដែល​ពួក​អ្នក​រឹះគន់ ​រួមមាន​សហរដ្ឋ​អាមេរិក ​ចាត់​ទុក​ជា​វិស័យការទូតអន្ទាក់​បំណុល​ដែល​ផ្តល់​ប្រាក់​កម្ចី​ធ្វើ​ឡើង​ដើម្បី​បង្ខំ​ឲ្យ​ប្រ​ទេសនានា​ប្រគល់​ដី​ ​រ៉ែ ឬ​ទ្រព្យសម្បត្តិ​សំខាន់​ៗ​នៅពេល​ដែល​ពួកគេ​គ្មាន​ប្រាក់​សង។

កាសែត​ The Nation ​នោះ​មិន​បានបង្ហាញ​ថាតើ​ខ្លួន​ទទួល​បាន​កិច្ច​សន្យាតាមវិធី​ណា ​ឬ​ថា​តើ​ខ្លួនបានប្រើប្រាស់វិធីអ្វីដើម្បី​កំណត់ថា ​កិច្ច​សន្យា​នោះ​ជាកិច្ច​សន្យាពិ​ត។

ក៏ប៉ុន្តែ ភាសារក្នុង​ឯកសារ​នោះ​ដូច​គ្នា​នឹង​កិច្ច​សន្យា​ដែលVOA បាន​រក​ឃើញក្នុង​គម្រោង​កិច្ច​ផ្តួច​ផ្តើមផ្លូវខ្សែក្រវ៉ាត់​ដែល​ជា​ផែន​ការ​ហេដ្ឋារចនា​សម្ព័ន្ធ​សាកល​មាន​ប្រាក់​រាប់​លាន​លាន​ដុល្លារ​របស់​ចិន ​នៅ​ក្នុង​ប្រទេស ស៊ែប៊ី ប្រទេស​កៀហ្ស៊ីស៊ីស្ថាន និង​ប្រទេស​ ហ្គីយ៉ាន ​ដែល​បង្ហាញថា ​លក្ខខណ្ឌ​របស់​ប្រាក់​កម្ចី​កេនយ៉ា ចាប់​តាំង​ពី​ការរឹបអូសយក​ទ្រព្យ​សម្បត្តិ​ហើយខសម្ងាត់ចែង​អំពីការ​ប្រើប្រាស់​អ្នក​លក់ដូរ​ជនជាតិ​ចិន ​អាច​ឆ្លុះ​បញ្ចាំង​ពីការ​អនុវត្ត​ប្រាក់​កម្ចី​របស់​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​នៅទូទាំង​ទ្វីប​អាហ្វ្រិក​និង​ទ្វីប​ផ្សេង​ៗ​ទៀត។​

លោក Charles Kanjama ប្រធាន​សាខា​អង្គការ​សង្គម​ច្បាប់​របស់​កេនយ៉ា​ក្នុង​ក្រុង Nairobi បាន​ប្រាប់​កាសែត​ The Nation ​ថា ​ខខ្លះ​នៃ​កិច្ច​សន្យានោះ ​ដូចជា​ខសម្ងាត់​ ​ជា​រឿងធម្មតា។​ ក៏ប៉ុន្តែ ​លោក​បាន​លើកឡើង​នូវ​ការ​ព្រួយ​កង្វល់​នឹង​ភាសា​ផ្សេង​ៗ​ទៀត​ដែល​បញ្ជាក់​ថា ​រាល់​ជម្លោះ​ទាំងអស់​ត្រូវ​តែវិនិច្ឆ័យ​នៅ​ក្នុង​ប្រទេស​ចិន។

ចាប់​តាំង​ពីការ​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៧មក គម្រោង​សង់​ផ្លូវរទេះ​ភ្លើងរបស់​ក្រុម​ហ៊ុន​ Standard Gauge Railway (SGR) មានការ​សៅ​ហ្មង​ដោយការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ ​ការ​ប្រកាន់​ពូជសាសន៍​និងការ​ចាត់​ចែង​មិន​បាន​ល្អ។​ ទាំង​ពួកមន្រ្តី​កេនយ៉ា​និង​ចិន ​បាន​ប្រឈម​ការ​ចោទ​ប្រកាន់​ខាងព្រហ្មទណ្ឌ។

មុនពេល​សម្ភោធ​គម្រោង​នោះ ពួក​អ្នក​វិភាគ​បាន​លើក​ឡើងការ​ព្រួយ​កង្វល់អំពី​សោ​ហ៊ុយ​នៃ​គម្រោង​នោះ​និងការ​សម្រេចនៃការ​រៀប​ចំ​ដែល​ធ្វើ​ផ្លូវរទេះ​ភ្លើង​កាត់​តាម​កណ្តាល​ឧទ្យាន​ជាតិ​ដ៏​ធំបង្អស់​មួយ​របស់​ប្រទេស។

កាល​ពី​ចុង​ខែ​មុន ​ប្រធានា​ធិបតី Uhuru Kenyatta បានតប​ត​នឹងការ​អះអាងទាំង​នោះ​ដែលថា ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ចិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ប្រទេស។

ប្រធានា​ធិបតី Kenyatta ​បាន​ប្រាប់ពួក​អ្នកកាសែតមួយ​ក្រុម​ក្នុង​កិច្ច​ពិភាក្សា​តុមូល​មួយ​ថា «ចិន​មិន​ស្វះ​ស្វែង​ធ្វើ​អាណានិគម​មកលើ​យើង​ទេ ក៏ប៉ុន្តែ ​ពួកគេ​យល់​ពី​ចំណុច​នៃ​សេចក្តី​ត្រូវការ​របស់​យើង»នេះ​បើតាម​សេចក្តី​រាយការណ៍របស់​កាសែត​ក្នុង​ប្រទេស​កេនយ៉ា​មួយ​ទៀត​ឈ្មោះThe Star។

លោកKenyatta និយាយ​ទៀត​ថា «យើងសងប្រាក់​មុនកាល​កំណត់ ​ដូច្នេះ ពលរដ្ឋ​កេនយ៉ា ត្រូវ​តែ​មិន​អើ​ពើ​ការ​ឃោសនាដែល​ជា​រឿង​កំប៉ិកកំប៉ុក​នោះ។ យើង​នឹង​បន្ត​ខ្ចីប្រាក់​ក៏ប៉ុន្តែ ​សម្រាប់​ការ​អភិវឌ្ឍ»។

ថ្វីបើភាព​ចម្រូង​ចម្រាស់​បន្ត​កើត​មាន​ឡើង ​អ្នក​ជំនាញ​ខ្លះ​និយាយថា ផ្លូវ​រទេះ​ភ្លើង ​នៅ​តែជា​សញ្ញា​វិជ្ជមាន​សម្រាប់​ប្រទេសដែល​ត្រូវការ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដើម្បីទ្រទ្រង់​ការ​អភិវឌ្ឍ​រយៈ​ពេល​យូរ​សម្រាប់​ប្រទេស​នោះ។

លោកស្រី Irene Sunអ្នក​និពន្ធ​សៀវភៅ​មាន​ឈ្មោះ​ថា « The Next Factory of the World» ជាសៀវភៅរៀបរាប់​អំពី​ការផលិត​របស់​ចិន​ក្នុង​ទ្វីប​អាហ្វ្រិក ​បាន​ប្រាប់ VOA ​ថា «គម្រោងរបស់​ផ្លូវ​រទេះភ្លើង​របស់​ក្រុមហ៊ុន Standard Gauge Railway មានសារៈ​សំខាន់​ណាស់»។

លោកស្រី Sun បាន​និយាយ​ទៀត​ថា មុនពេល​គម្រោង​ផ្លូវ​រទេះ​ភ្លើង Standard Gauge Railway (SGR)ទីក្រុង​ធំៗបង្អស់​២​របស់​កេនយ៉ាគឺ ទីក្រុង​ណៃរ៉ូប៊ី​និង​ក្រុង​ Mombasa ​បាន​ត្រូវ​ភ្ជាប់​ដោយ​ផ្លូវថ្នល់​មិន​ល្អ​ហើយត្រូវចំណាយ​ពេល​ពី​១០​ទៅ​១៥​ម៉ោងតាម​រថយន្ត។

លោកស្រី Sun ជា​ដៃគូ​នៅ​ក្រុមហ៊ុន​ពិគ្រោះ​យោ​បល់​ McKinsey & Company បាន និយាយថា «ឥឡូវនេះ ​យើងអាចជិះរទេះភ្លើង៥ម៉ោងប៉ុណ្ណោះ»។

លោកស្រី​និយាយ​បន្តទៀត​ថា «នេះជា​ការផ្លាស់​ប្តូរទាំង​ស្រុង​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ក៏ប៉ុន្តែ​ខ្ញុំគិតថា​វាមាន​សារៈសំ​ខាន់​ជាងនេះមួយ​ទៀត​គឺ ការ​ដឹក​ជញ្ជូន​ទំនិញ»៕

ប្រែសម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG