ការតវ៉ានៅតំបន់ដែលមានគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានកើតឡើងសាជាថ្មីទៀតកាលពីព្រឹកថ្ងៃពុធ ដោយប្រជាពលរដ្ឋប្រមាណ ១០០នាក់ បានដាក់ញត្តិនៅសាលាខេត្តកណ្តាល ដើម្បីទាមទារឱ្យក្រុមហ៊ុន OCIC បញ្ឈប់ការចាក់ដីលុបប្រឡាយដែលបង្កការរំខានដល់ការរស់នៅ ឬអាចបង្កការខូចខាតផ្ទះសម្បែងរបស់ពួកគេក្នុងរដូវវស្សា។
អ្នកស្រី ចាន់ សុភ័ណ្ឌ អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេល២៣ឆ្នាំមកនេះ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋស្នើឱ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺក្រុមហ៊ុន OCIC កាយយកដីចេញពីប្រឡាយត្រង់ទំនប់៩៤ នេះវិញ ដោយសារតែពលរដ្ឋប្រមាណ ៦០០គ្រួសារ ភ័យខ្លាចពេលទឹកឡើងខ្លាំងនាខែវស្សា ផ្ទះរបស់ពួកគេអាចនឹងរងការខូចខាត។
អ្នកស្រីថ្លែងថា៖ «វាពិបាកទុក្ខវេទនា រឿងក្មេង ចាស់ជរា ពេលខែទឹកឡើង ទឹកជំនន់ មានគ្រោះភ័យ ហូរម៉េចទាន់ ព្រោះឆ្នាំទៅ ផ្ទះ៣ [ឬ]៤ ហូរទៅតាមទឹកអស់ហើយ»។
អ្នកស្រីបន្ថែមថា តំណាងក្រុមហ៊ុន OCIC សន្យាថា ផ្តល់សំណងឱ្យពលរដ្ឋចំនួន១ពាន់ដុល្លារអាមេរិកដើម្បីរើផ្ទះពីទីតាំងចាស់ទៅទីតាំងថ្មី ប៉ុន្តែពលរដ្ឋថាមិនអាចទទួលយកបានទេ។
អ្នកស្រីរៀបរាប់ថា៖ «ហើយមានប៉ះពាល់ផ្ទះ៣ ឬ៤ផ្ទះនេះ ថាធ្វើស្ពានប៉ាឡេ ហើយឱ្យមួយផ្ទះ ១ពាន់[ដុល្លារ] ហើយយក ១ពាន់ហ្នឹង យកទៅធ្វើអី? ហើយគាត់ថាឱ្យទៅនៅដីមុខវត្តបណ្តោះអាសន្នសិន។ បណ្តោះអាសន្ន សុទ្ធតែដីគេហ្នឹង។ ថ្ងៃក្រោយគាត់ដេញយើងដដែលហ្នឹង ហើយយើងមានអីជាទីជម្រក»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ិន ធារ៉ា អាយុ៥១ឆ្នាំ ក៏សំណូមពរឱ្យក្រុមហ៊ុន OCIC កាយដីដែលក្រុមហ៊ុនចាក់នោះ យកចេញពីប្រឡាយឱ្យអស់វិញផងដែរ និងត្រូវស្តារប្រឡាយឱ្យមានទំហំដូចដើមដើម្បីធានាសុវត្ថិភាពរស់នៅរបស់ពលរដ្ឋ។
អ្នកស្រីប្រាប់វីអូអេថា៖ «ប្រជាជនសូមសំណូមពរថា ឱ្យកាយប្រឡាយហ្នឹងឡើង វិញមក ដីរបស់លោកត្រឹមប៉ុន្មាន យកត្រឹមហ្នឹងចុះ ប្រជាជនអត់មានទំនាស់ដែរ អត់មានទាស់ទេ តែសុំឱ្យកាយទំនប់ហ្នឹងឡើងមកវិញ កាយដីហ្នឹង ធ្វើជាប្រឡោះអូរវិញឱ្យបាន»។
បើតាមញត្តិដាក់ទៅកាន់សាលាខេត្តកណ្តាល នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋបានស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដើម្បីកាយអាចម៍ដី ឬជីកដីចេញ ពីប្រឡាយឡើយវិញ ក្រោយពីខាងក្រុមហ៊ុននេះបានចាក់ដីបំពេញលុបប្រឡាយ។
ប៉ុន្តែតំណាងក្រុមហ៊ុន OCIC គឺលោក ជីវ កុកសាយ ប្រាប់វីអូអេថា ភាគីក្រុមហ៊ុនបានហៅអ្នកបច្ចេកទេសមកសិក្សារកដំណោះស្រាយជុំវិញករណីនេះ និងថាការចាក់ដីនេះ គឺចាក់ត្រឹមព្រំដីក្រុមហ៊ុនដែលមានប្លង់រឹង។
លោកប្រាប់វីអូអេ នៅត្រង់ចំណុចដី ដែលពលរដ្ឋកំពុងទាមទារនោះថា៖ «យើងចាក់តែលើដីកម្មសិទ្ធិប្លង់រឹងទេ។ យើងអត់មានចាក់ចូលដីប្រឡាយអីទេ។ សូមបញ្ជាក់ អ៊ីចឹង និយាយតែការពិត»។
បើតាមលោក ជីវ កុកសាយ ក្រុមហ៊ុនក៏បានរៀបចំដីបណ្តោះអាសន្នឱ្យពលរដ្ឋទៅរស់នៅក្បែរតំបន់នោះដែលនៅមុខវត្ត និងផ្តល់លុយចំនួន ១ពាន់ដុល្លារក្នុងមួយផ្ទះ ដើម្បីឱ្យពលរដ្ឋរុះរើផ្ទះពីទីតាំងចាស់ទៅទីតាំងថ្មី។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បាននៅឡើយទេ។
ទោះយ៉ាងណា អភិបាលស្រុកកណ្តាលស្ទឹង លោក អ៊ូច សៅវឿន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កាលពីថ្ងៃអង្គារអាជ្ញាធរបានហៅភាគីប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុនមកពិនិត្យមើលគម្រោងបញ្ចៀសមុខទឹក ត្រង់ទំនប់៩៤ នេះ ដោយឃើញថាប៉ះផ្ទះប្រជាពលរដ្ឋប្រមាណ ៤ខ្នង។ លោកបន្ថែមថា គោលការណ៍ ដែលបានពិភាក្សាគ្នានោះ គឺអនុញ្ញាតឱ្យពលរដ្ឋដែលរងផលប៉ះពាល់ទៅរស់នៅទីតាំងបណ្តោះអាសន្ន ដែលនៅជិតនោះ។
លោកថ្លែងថា៖ «ម្សិលម៉ិញ អញ្ជើញខាងតំណាងគាត់មកហើយ ដើម្បីរៀបចំធ្វើ បញ្ចៀសមុខទឹក។ហើយខាងបងប្អូនក៏បានមកជួបជុំគ្នា ដើម្បីពិនិត្យគម្រោងបញ្ចៀសមុខទឹកហ្នឹង ដើម្បីកុំឱ្យប៉ះពាល់ជាមួយហ្នឹងខ្នងផ្ទះ ពីខាងលិចទំនប់ហ្នឹង។ ហើយជាគោលការណ៍យើងត្រូវធ្វើស្ពានមួយឆ្លងទំនប់៩៤ ប្រវែងប្រមាណ ២០ម៉ែត្រ ដើម្បី យកទឹកទៅជំនារបែកខាងកើតរបស់ទំនប់ ដើម្បីដោះបញ្ហាផ្ទះនៅខាងលិចទំនប់»។
ជុំវិញការបន្តតវ៉ារបស់ពលរដ្ឋដែលនៅទាមទារឱ្យក្រុមហ៊ុនកាយដីចេញពីប្រឡាយវិញនោះ អភិបាលស្រុកកណ្តាលស្ទឹងរូបនេះថា អាជ្ញាធរនឹងបន្តដោះស្រាយ រវាងពលរដ្ឋ និងក្រុមហ៊ុន OCIC បន្ថែមទៀត។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ រដ្ឋាភិបាលកម្ពុជាបានអនុម័តយល់ព្រមលើផែនការសាងសង់ព្រលានយន្តហោះថ្មីឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា សម្រាប់គម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលជាគម្រោងរួមរបស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា (OCIC) និងរដ្ឋលេខាធិការដ្ឋានអាកាសចរ ស៊ីវិល។
ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ឬហៅម្យ៉ាងទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថ្មី ត្រូវការទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារអាមេរិក ហើយត្រូវប្រើប្រាស់ដីទំហំ ២.៦០០ហិកតា ដោយផ្នែកខ្លះស្ថិតនៅខេត្តកណ្តាល និងខ្លះទៀតស្ថិតនៅខេត្តតាកែវ។ ដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះបានប្រឈមនឹងការតវ៉ារបស់ប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ពាក់ព័ន្ធការរំលោទសិទ្ធិដីធ្លី ឬផ្តល់សំណងខូចខាតតិចតួចចំពោះតម្លៃដី ដែលមិនទាន់ដោះស្រាយនៅឡើយ ហើយនិងផលរំខានមួយចំនួនទៀត ដូចជាការចាក់ដីលុបប្រឡាយនៅទំនប់៩៤ នេះជាដើម៕