ក្រុមអ្នកជួយសង្គ្រោះនៅថ្ងៃសុក្រនេះបានកកាយតាមបំណែកថ្មបាក់បែកនៅក្នុងការរុករកអ្នកនៅរស់ពីការរញ្ជួយដី ដែលបានកើតឡើងអស់រយៈពេល៤ថ្ងៃកន្លងទៅហើយដែលជាការរញ្ជួយដីដ៏ធំមួយដែលកើតឡើងក្នុងប្រទេសតួកគីនិងស៊ីរី ដោយសម្លាប់មនុស្សអស់ជិត២ម៉ឺន២ពាន់នាក់ហើយ រហូតមកដល់ពេលនេះ ខណៈពេលដែលអង្គការសហប្រជាជាតិបានស្នើផ្តល់កញ្ចប់ថវិកាប្រមាណ៨៥លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ជំនួយទី១ របស់អង្គការសហប្រជាជាតិបានមកដល់តំបន់គ្រប់គ្រងរបស់ក្រុមឧទ្ទាមស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប៉ុន្តែឱកាសក្នុងការស្វែងរកអ្នកនៅរស់ជីវិតពីការរញ្ជួយដីនេះមានសភាពកាន់តែតិចទៅៗចាប់តាំងពីរយៈពេល៣ថ្ងៃជាថ្ងៃដ៏សំខាន់ ដែលអ្នកជំនាញចាត់ទុកថាជារយៈពេលដ៏សំខាន់មួយដើម្បីជួយអ្នកនៅមានជីវិតរស់នៅនោះ។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID បានបញ្ជាក់ថា កញ្ចប់ជំនួយរបស់ខ្លួននឹងត្រូវបញ្ចូនទៅឱ្យអង្គការដៃគូនៅមូលដ្ឋានដើម្បីបញ្ជូនជំនួយនោះបន្តទៅឱ្យមនុស្សរាប់លាននាក់ ដែលកំពុងត្រូវការជំនួយជាចាំបាច់ ដែលក្នុងនោះមានជំនួយដូចជាស្បៀងអាហារ តង់ជម្រក និងការផ្តល់សេវាសុខភាពក្នុងគ្រាអាសន្នជាដើម។
ទីភ្នាក់ងារ USAID ក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនក៏នឹងគាំទ្រលើការផ្តល់ទឹកផឹកដែលមានសុវត្ថិភាពនិងអនាម័យ ដើម្បីការពារការផ្ទុះឆ្លងនៃជំងឺផងដែរ។
អាកាសធាតុត្រជាក់ខ្លាំងបានរារាំងកិច្ចប្រឹងប្រែងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងប្រទេសទាំង២ ប៉ុន្តែអស់រយៈពេលជាង៨០ម៉ោងកន្លងមកហើយ ក្រោយមានការរញ្ជួយដីនោះ ក្មេងជំទង់ម្នាក់ឈ្មោះ Melda Adtas អាយុ១៦ឆ្នាំ ត្រូវបានគេរកឃើញនៅមានជីវិត នៅក្នុងទីក្រុង Antakya នៅភាគខាងត្បូងប្រទេសតួកគី៕