បន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលដ៏យូរ មិនហ៊ានរិះគន់ចំៗទៅលើកិច្ចព្រមព្រៀងដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានចុះហត្ថលេខាយល់ព្រមកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤កន្លងទៅដើម្បីបញ្ចប់វិបត្តិនយោបាយក្រោយពីការបោះឆ្នោតនោះ លោកកឹម សុខាបានបញ្ជាក់ជំហរជាលើកដំបូងថា លោកមិនពេញចិត្តនឹងកិច្ចព្រមព្រៀងនេះទេ។
នៅក្នុងពិធីជួបប្រជុំគ្នាជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុងឡង់ប៉ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃពីថ្ងៃអាទិត្យ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ចេញប្រតិកម្មជាលើកដំបូងថា កិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ខែកក្កដាកន្លងទៅនេះ តាមការណ៍ពិតលោកមិនពេញចិត្តទេ។
លោកបានបញ្ជាក់ថា ដោយសារតែលោកគោរពនូវគោលការណ៍ គោលជំហរ របស់គណបក្សសង្គ្រោះជាតិ លោកត្រូវតែទទួលយកដើម្បីឈានទៅរកការដោះស្រាយបញ្ហាបន្តទៅទៀត។
លោកមាននិយាយថា៖ «យើងបានកិច្ចព្រមព្រៀងមួយយ៉ាងខ្លី ហើយអត់បានច្បាស់លាស់ លម្អិតទេ។ អញ្ចឹង កិច្ចព្រមព្រៀងហ្នឹងអាចបកស្រាយបានច្រើនយ៉ាងណាស់។ ប៉ុន្តែវាជាមូលដ្ឋានដែរសម្រាប់ឈានទៅរកការងារមួយចំនួនទៀត។ វាមិនមែនអត់ល្អទាំងអស់ទេ គ្រាន់តែវាមិនទាន់ពេញចិត្តយើងឲ្យបានពេញលេញ»។
យោងតាមកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ បានបញ្ជាក់ថា គណបក្សទាំងពីរបានឯកភាពគ្នាដើម្បីកែទម្រង់ការបោះឆ្នោត ដោយរៀបចំស្ថាប័នបោះឆ្នោតដោយឯករាជ្យ ដែលមានចែងក្នុងជំពូកមួយដោយឡែកក្នុងរដ្ឋធម្មនុញ្ញ។
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួ៩រូប ៤រូបជ្រើសតាំងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលមានអាសនៈក្នុងរដ្ឋសភា និងមួយរូបទៀតជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងពីរ។
មកដល់ពេលនេះមានរយៈពេល៨ខែមកហើយក្រោយពីគណបក្សទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់វិបត្តិនយោបាយក្រោយពីការបោះឆ្នោត ហើយឈានរហូតដល់បង្កើតសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលមាន១៧១មាត្រា និង១២ជំពូក។
លោកកឹម សុខាបានបញ្ជាក់ថា តាមកិច្ចព្រមព្រៀងនេះ លោកសុខចិត្តអត់ធ្មត់ លោកសុខចិត្តលេបគ្រួសលេបថ្មដើម្បីបន្តការរួបរួមនេះឲ្យរឹងមាំ មិនឲ្យចាញ់កល់ល្បិចរបស់គណបក្សកាន់អំណាច។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកបានសារភាពថា គណបក្សសង្គ្រោះជាតិបរាជ័យក្នុងការទាមទាររហូតដល់មានការប្តូររបបគ្រប់គ្រងរបស់លោកហ៊ុន សែន តែគណបក្សសង្គ្រោះជាតិ មិនបោះបង់ជំហរនេះទេគឺនៅតែធ្វើការតស៊ូរហូតដល់មានការផ្លាស់ប្តូរឲ្យទាល់តែបាន នៅក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖«យើងខ្ញុំមិនមែនមិនដឹងទេអ្វីដែលយើងធ្វើបាន អ្វីដែលយើងធ្វើមិនបាន។ បើសិនពួកយើងខ្ញុំបន្តធ្វើតទៅទៀត ខ្មែរហូរឈាម ហើយឈាមនោះគ្មានអ្នកណាមកជួយស្រោចស្រង់យើងទៀតទេ»។
លោកឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានស្តីបន្ទោសដល់លោកកឹម សុខាថា គ្មានការទទួលខុសត្រូវ និងប្រហែលជាមានបញ្ហាទំនាស់រវាងប្រធាន និងអនុប្រធានគណបក្សហើយ ទើបបានជាជំហរមិនដូចគ្នាយ៉ាងដូច្នេះ។
លោកនិយាយថា៖ «ខ្មែរនៅក្រៅប្រទេសអាចពិចារណាទៅថា តើអនុប្រធានទី១នោះបានទៅចរចានោះមានបានបញ្ចេញមតិ មានបានអ្វី ឬទៅទាំងបិទភ្នែក ចុក ត្រចៀក ដោយល្ងង់ ឬក៏យ៉ាងម៉េច អាត្រង់នេះ ឬក៏មានទំនាស់ផ្ទៃក្នុងខ្លួនឯង»។
លោកមានប្រសាសន៍ថា កិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ខែកក្កដាគឺមានន័យល្អទាំងសងខាង ហើយសម្រាប់គណបក្សសង្គ្រោះជាតិវិញមានន័យល្អមែនទែន ពីព្រោះគណបក្សនេះចង់ឲ្យមានកំណែទម្រង់ការបោះឆ្នោត ហើយឥឡូវកិច្ចព្រមព្រៀងនោះបានក្លាយជាការណ៍ពិតហើយ៕