មាន​របាយការណ៍​ថា​ប្រធានាធិបតី​ ត្រាំ​ ត្រៀម​នឹង​ដក​លោក​ Mc Master ​ចេញ​ពី​តំណែង

ទី​ប្រឹក្សា​សន្តិសុខ​ជាតិ លោក H. R. McMaster ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ឆ្នាំ ២០១៧ នៅ​សេតវិមាន។

កាសែត​ The Washington Post ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ បាន​សម្រេច​ដក​លោក ​H. R. ​McMaster​ ចេញ​ពី​តំណែង​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក។​

សារព័ត៌មាន​ The Washington Post បាន​ផ្សាយ​ថា​លោក​ប្រធានាធិបតី​មិន​ចង់​ប្រញ៉ាប់​ប្រញ៉ាល់​ប្រកាស​អំពី​ការ​ដក​តំណែង​នេះ​ទេ​ដើម្បី​កុំឱ្យ​ឧត្តមសេនីយ៍​ផ្កាយ​បី​រូប​នេះ​នៃ​កង​ទ័ព​ជើង​គោក​ស.រ.អា.​ខ្មាស់​គេ។

សារព័ត៌មាន​នេះ​បាន​រាយការណ៍​ដែរ​ថា​ ការ​ដក​លោក ​McMaster ចេញ​ពី​តំណែង​ជា​ផ្នែក​មួយ​នៃ​ការ​រុះរើ​ធំ​មួយ​នៅ​ក្នុង​កម្រិត​កំពូល​របស់​រដ្ឋបាល​នេះ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ នឹង​មាន​ការ​ចេញ​ពី​តំណែង​ថែម​ទៀត​នៅ​ឯ​សេត​វិមាន។​

ប្រធានាធិបតី​ ត្រាំ​ បាននិយាយ​ប្រាប់​ពួក​កាសែត​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា «នឹង​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច។​ហើយ​ខ្ញុំ​យល់​ថា​ លោក​អ្នក​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ។​ ខ្ញុំ​ក៏​ចង់​ឃើញ​ទស្សនៈ​ផ្សេងៗ​គ្នា​ផង​ដែរ»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍ ​អ្នកស្រី​ Sarah Huckabee Sanders​ អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​សរសេរ​លើ​បណ្ឌាញ Twitter ថា សេចក្តី​រាយ​ការណ៍​ដែល​ថា​មាន​ការ​ដក​លោក McMaster ​ចេញ​ពី​តំណែង​មិន​មែន​ជា​ការ​ពិតទេ។ អ្នកស្រីបាន​និយាយ​ថា ​អ្នក​ស្រី​ទើប​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​ ត្រាំ​ និង​លោក McMaster ហើយ​ថា​ «ផ្ទុយ​ពី​របាយ​ការណ៍​ទាំង​នេះ​ឥស្សរជន​ទាំង​ពីរ​នាក់​នេះ​មាន​ទំនាក់​ទំនង​ខាង​ការងារ​ល្អ​ជា​មួយ​គ្នា​ហើយ​គ្មាន​ការ​ផ្លាស់​ប្តូរ​នៅ​ឯក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ទេ»៕