របាយការណ៍ថ្មីមួយរបស់អង្គការ TRACE International បានបង្ហាញថា សកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងការពង្រឹងការប្រឆាំងនឹងអំពើពុករលួយបរទេសបានកើនឡើងកាលពីឆ្នាំទៅ ក្រោយពីមានការធ្លាក់ចុះក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាមក។
របាយការណ៍នេះបានបញ្ជាក់ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនិងគណៈកម្មការផ្សារមូលបត្ររបស់សហរដ្ឋអាមេរិក ដែលទីភ្នាក់ងារទាំងពីរនេះទទួលខុសត្រូវចំពោះការពង្រឹងច្បាប់ប្រឆាំងនឹងអំពើពុករលួយបរទេស បានចាត់វិធានការពង្រឹងច្បាប់នេះចំនួន ១១ ដងកាលពីឆ្នាំ ២០២២ ដោយកើនឡើងពីចំនួន ៨ ដងកាលពីឆ្នាំ ២០២១។
អង្គការ TRACE International ដែលជួយក្រុមហ៊ុនអាជីវកម្មនានាឱ្យគោរពតាមច្បាប់ប្រឆាំងនឹងអំពើពុករលួយ បានកំណត់ថា វិធានការពង្រឹងច្បាប់នេះគឺជា «សេចក្តីសម្រេចចុងក្រោយ» អំពីការចោទប្រកាន់ស្តីពីអំពើពុករលួយបរទេស។
អំពើពុករលួយបរទេសគឺជាការសូកប៉ាន់មន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសណាមួយដោយក្រុមហ៊ុនណាមួយឬបុគ្គលណាម្នាក់នៃប្រទេសមួយទៀត។
អ្នកស្រាវជ្រាវឯទៀតៗ ដែលប្រើនិយមន័យទូលំទូលាយជាងនេះសម្រាប់សកម្មភាពពង្រឹងច្បាប់នេះ បានបង្ហាញឱ្យឃើញថា ទីភ្នាក់ងារសហរដ្ឋអាមេរិកទាំងពីរនេះបានចាត់វិធានការច្រើនកាលពីឆ្នាំទៅ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនិងគណៈកម្មការផ្សារមូលបត្រសហរដ្ឋអាមេរិកបានស៊ើបអង្កេតលើការចោទប្រកាន់អំពីអំពើពុករលួយបរទេសតាមរយៈច្បាប់ឆ្នាំ ១៩៧៧ ស្ដីពីការប្រព្រឹត្តិអំពើពុករលួយបរទេស។
ច្បាប់នេះ ដែលកំណត់ថាការសូកប៉ាន់មន្ត្រីរដ្ឋាភិបាលបរទេសណាម្នាក់គឺជាបទឧក្រិដ្ឋ បានផ្តល់យុត្តាធិការទូលំទូលាយឱ្យទីភ្នាក់ងារទាំងពីរនេះលើក្រុមហ៊ុនបរទេសណាដែលមានសាខានៅក្នុងសហរដ្ឋអាមេរិកឬដែលធ្វើអាជីវកម្មក្នុងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក។ ករណីនេះមានន័យថា រដ្ឋអាជ្ញាសហរដ្ឋអាមេរិកអាចចោទប្រកាន់បុគ្គលិកនៃក្រុមហ៊ុនណាមួយដែលមានទីស្នាក់ការកណ្ដាលនៅក្រៅប្រទេសបាន។
ជាប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិកគឺជាមេដឹកនាំនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបរទេស ដោយបានស៊ើបអង្កេតលើករណីពុករលួយច្រើនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោក។
អង្គការ TRACE International បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពប្រឆាំងនឹងអំពើពុករលួយនៅក្រៅប្រទេសបានថយចុះ ហើយកំណើនសកម្មភាពនេះកាលពីឆ្នាំទៅ «មិនបានជះលទ្ធផលអ្វីច្រើនដល់ទំនោរថយចុះនេះទេ»។
បើតាមរបាយការណ៍នេះ សកម្មភាពប្រឆាំងនឹងអំពើពុករលួយបរទេសដែលធ្វើឡើងដោយប្រទេសផ្សេងទៀតក៏មានលំនាំស្រដៀងគ្នានេះដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការថយចុះបន្តិចកាលពីឆ្នាំទៅ ហើយក៏បានបង្ហាញអំពីការថយចុះបន្តិចបន្តួចនៃចំនួនការស៊ើបអង្កេតដោយបើកចំហអំពីអំពើពុករលួយបរទេសនៅទូទាំងពិភពលោកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Alexandra Wrage ដែលជាប្រធានអង្គការ TRACE International នេះ បានមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាយើងមានទំនុកចិត្តខ្លះថាពិភពលោកទាំងមូលយកចិត្តទុកដាក់ហ្មត់ចត់លើការប្រឆាំងនឹងអំពើពុករលួយជាងកាលពីមួយទសវត្សរ៍មុន»។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួងយុត្តធម៌សហរដ្ឋអាមេរិកបានជំរុញទៅមុខនូវគោលនយោបាយមួយដែលដៅគោលដៅលើបុគ្គលណាដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយសាជីវកម្ម។
នៅក្នុងសុន្ទរកថាមួយកាលពីដើមខែមីនា អ្នកស្រី Lisa Monaco អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានមានប្រសាសន៍ថា «ការផ្តោតការយកចិត្តទុកដាក់របស់ទីភ្នាក់ងាររបស់អ្នកស្រីលើការទទួលខុសត្រូវរបស់បុគ្គលនីមួយៗបានផ្តល់លទ្ធផលល្អ»។
អ្នកស្រី Monaco បាននិយាយថា កាលពីឆ្នាំទៅ ផ្នែកខាងការចាប់ការប្រព្រឹត្តល្មើសនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានធ្វើឱ្យមានការផ្តន្ទាទោសលើបុគ្គលច្រើនជាងឆ្នាំណាៗទាំងអស់ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វ៉ាស៊ីនតោន —