ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​វៀតណាម​ដែល​រង​ការ​រិះគន់​រឿង​ពុករលួយ​លាលែង​ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល APEC នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល APEC នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​ចុះចេញ​ពី​តំណែង បន្ទាប់ពី​លោក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា លោក​បាន​លាលែង​ពី​តំណែង​នៅ​ក្នុង​សម័យ​ប្រជុំ​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ធ្វើ​ឡើង «ដើម្បី​ពិចារណា​និង​ផ្ដល់​យោបល់​លើ​បំណង​ប្រាថ្នា​របស់​សមមិត្ត​ Nguyen Xuan Phuc ដែល​ចង់​លាលែង​ពី​តំណែង​នេះ​និង​ចូល​និវត្តន៍»។ ភាសា​នៃ​ការ​ប្រកាស​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង។

លោក Phuc អាយុ ៦៨ ឆ្នាំ បាន​ចាប់ផ្ដើម​អាជីព​នៅ​ក្នុង​រដ្ឋាភិបាល​នៅថ្នាក់​ខេត្ត​កាលពី​ឆ្នាំ ១៩៧៩ និង​បាន​កាន់​តំណែង​ដំបូង​នៅ​ក្នុង​រដ្ឋាភិបាល​ថ្នាក់​ជាតិ​នៅ​ឆ្នាំ ២០០៦។ លោក​បាន​ចូលរួម​នៅ​ក្នុង​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​ក្នុង​ឆ្នាំ ២០១១ និង​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២១ ហើយ​នៅ​ឆ្នាំ ២០២១ លោក​ត្រូវ​បាន​រដ្ឋសភា​ជាតិ​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតី។

តំណែង​ជា​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​វៀតណាម​គឺ​ភាគ​ច្រើន​ជា​តំណែង​បែប​និមិត្តរូប។

តំណែង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ​ជា​តំណែង​មាន​ឥទ្ធិពល​បំផុត ​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​កាន់​ដោយ​លោក Nguyen Phu Trong ដែល​កាលពី​ឆ្នាំ ២០២១ លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​កម្រ​ឱ្យ​កាន់​តំណែង​នេះ​នៅ​អាណត្តិ​ទី​បី​ដែល​មាន​រយៈពេល ៥ ឆ្នាំ​ជា​បន្ត​ទៀត។

លក្ខណៈ​ពិសេស​ដែល​គេ​ស្គាល់​លោក Trong គឺ​ថា​លោក​គឺ​ជា​អ្នក​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ ដែល​កាលពី​លោក​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​នៅ​អាណត្តិ​ទី​ពីរ យុទ្ធនាការ​របស់​លោក​បាន​ចាត់​វិធានការ​សំដៅ​លើ​អតីត​រដ្ឋមន្ត្រី​ពីរ​រូប​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​និង​អតីត​អភិបាល​ក្រុង​ហាណូយ៕

XS
SM
MD
LG