នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin ហើយនឹងចោទប្រកាន់លោកពីបទពុករលួយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់ទីភ្នាក់ងារប្រឆាំងនឹងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី។
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Muhyiddin ត្រូវបានចាប់ខ្លួនបន្ទាប់ពីលោកត្រូវបានសាកសួរទាក់ទិននឹងគម្រោងស្តារឡើងវិញនៃសេដ្ឋកិច្ចដែលដាក់ឱ្យអនុវត្តដោយរដ្ឋាភិបាលរបស់លោក។
លោក Muhyiddin ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីបាន ១៧ ខែរវាងឆ្នាំ ២០២០ និងឆ្នាំ ២០២១ នឹងត្រូវចោទប្រកាន់នៅក្រោមច្បាប់ដែលពាក់ព័ន្ធទៅនឹងការរំលោភអំណាចនិងការលាងលុយកខ្វក់។
លោក Muhyiddin និងគណបក្សរបស់លោកបានប្រឈមនឹងការស៊ើបអង្កេតរឿងពុករលួយចាប់តាំងពីពេលដែលបានចាញ់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim នៅក្នុងការបោះឆ្នោតដ៏ប្រកៀកប្រកិតបំផុតកាលពីខែវិច្ឆិកាឆ្នាំមុនមក។
កាលពីឆ្នាំមុន លោក Anwar បានបញ្ជាឱ្យមានការពិនិត្យលើគម្រោងរបស់រដ្ឋាភិបាលដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដែលយល់ព្រមដោយលោក Muhyiddin ដែលក្នុងនោះរួមមានទាំងកម្មវិធីជំនួយសម្រាប់វិបត្តិជំងឺកូវីដ១៩ ផងដែរ ដោយចោទថាពួកគេមិនបានធ្វើតាមនីតិវិធីត្រឹមត្រូវ។
លោក Muhyiddin ពីមុនបានច្រានចោលនូវការចោទប្រកាន់ទាំងនោះ ដោយហៅការចោទប្រកាន់ទាំងនោះថាជាការសងសឹកផ្នែកនយោបាយ៕
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin ត្រូវបានចាប់ខ្លួន និងប្រឈមនឹងការចោទប្រកាន់រឿងពុករលួយ
- Reuters
រាជធានីគូឡាឡាំពួ —