កំណត់និពន្ធ៖ ក្នុងសប្តាហ៍ទី២នៃខែធ្នូនេះ អង្គការតម្លាភាពអន្តរជាតិបានប្រារព្ធសន្និសីទអន្តរជាតិស្តីពីការប្រឆាំងអំពើពុករលួយប្រចាំឆ្នាំរបស់ខ្លួននៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានការចូលរួមពីអ្នកតំណាងមកពី ១៤០ ប្រទេសដើម្បីធ្វើការវាយតម្លៃជាសាកលលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងស្វែងរកវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការអនុវត្ត និងបុគ្គលពុករលួយ។ លោក Akmal Dawi នៃវីអូអេ បានសម្ភាសន៍អ្នកស្រី Delia Ferreira Rubio ប្រធានអង្គការតម្លាភាពអន្តរជាតិ នៅឯសន្និសីទអន្តរជាតិនោះ។ តទៅនេះជាខ្លឹមសារទាំងស្រុងនៃបទសម្ភាសន៍នេះជាខេមរភាសា។
VOA: សូមជម្រាបសួរ អ្នកស្រី Delia Ferreira Rubio។ តើអ្នកស្រីអាចជម្រាបបានទេថាតើសន្នីសិទរយៈពេល ៥ ថ្ងៃនេះ សម្រេចបានលទ្ធផលអ្វីខ្លះ?
អ្នកស្រី Rubio: ខ្ញុំគិតថា យើងទទួលបានអ្នកចូលរួម ២.០០០ នាក់ មកពីជុំវិញពិភពលោក មិនមែនត្រឹមតែអ្នកប្រយុទ្ធប្រឆាំងអំពើពុករលួយមកពីអង្គការតម្លាភាពអន្តរជាតិនោះទេ ប៉ុន្តែមានអង្គការ និងបុគ្គលជាច្រើនផ្សេងទៀត ហើយវាច្បាស់ណាស់ថា នេះជាកិច្ចប្រឹងប្រែងរួមគ្នា។ វិធីតែមួយគត់ក្នុងការយកឈ្នះអំពើពុករលួយគឺការធ្វើការរួមគ្នា រួមទាំងវិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល និងពលរដ្ឋផងដែរ។
VOA: តើអ្នកស្រីឮអ្វីខ្លះពីអ្នកតំណាង និងរដ្ឋាភិបាលទាំងនោះ? តើអ្នកស្រីឮការធានាយ៉ាងម៉ឺងម៉ាត់ថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយនឹងបន្ត ហើយថា នឹងមានវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែរឬទេ?
អ្នកស្រី Rubio: ចាស យើងបានឮការប្រកាសក្នុងសន្និសីទនេះពីមុន ហើយអ្វីដែលយើងចង់មើលឃើញគឺសកម្មភាព។ ជាឧទាហរណ៍ បេក្ខជន (នយោបាយ) និយាយថា «ខ្ញុំនឹងប្រយុទ្ធប្រឆាំងអំពើពុករលួយ» ហើយក្រោយមកពួកគេភ្លេចពីការសន្យានោះ និងចាប់ផ្តើមធ្វើអ្វីផ្សេង។ ដូច្នេះ យើងត្រូវការសកម្មភាពនៅពេលនេះ។ ក្នុងនាមសង្គមស៊ីវិល យើងមិនពេញចិត្តនឹងការសន្យា និងការប្រកាសនេះទេ។ យើងត្រូវការសកម្មភាព។ យើងត្រូវការពួកគេការពារសុចរិតភាព ត្រូវការពួកគេឆ្លើយតបនៅពេលមានបុគ្គលខ្លះប្រើប្រាស់អំណាច (និង) ប្រើឥទ្ធិពលដើម្បីគេចពីទណ្ឌកម្ម ឬអ្វីមួយស្រដៀងនេះ។ ខ្ញុំតែងតែនិយាយថា យើងត្រូវប្រយុទ្ធប្រឆាំងដើម្បីទទួលបានព័ត៌មានបន្ថែម សុចរិតភាពជាងមុន មាននិទណ្ឌភាពតិចជាងមុន និងភាពខុសគ្នាតិចជាងមុន។ កត្តានិទណ្ឌភាពនេះមានន័យថា រដ្ឋាភិបាល និងតុលាការគួរអនុវត្តច្បាប់ និងកាត់ទោស និងដាក់ទណ្ឌកម្មលើបុគ្គលដែលពាក់ព័ន្ធនឹងអំពើពុករលួយមិនថាពួកគេមានអំណាចកម្រិតណានោះទេ។
VOA: អ្នកស្រីនិយាយអំពីទណ្ឌកម្ម។ សម្រាប់មនុស្សមួយចំនួន អំពើពុករលួយគឺដូចជាភេរវកម្មអ៊ីចឹង។ ដូច្នេះមានមនុស្សដែលរដ្ឋាភិបាលនឹងចាត់ទុកជាភេរវជន ប៉ុន្តែសម្រាប់មនុស្សផ្សេងទៀត ពួកគេគឺជាអ្នកប្រយុទ្ធដើម្បីសេរីភាព។ ប្រទេសមួយចំនួនពុករលួយជាងប្រទេសផ្សេង ហើយមានទណ្ឌកម្មដាក់លើប្រទេសជាក់លាក់មួយចំនួនដែរ។ មានការលើកហេតុផលថា អំពើពុករលួយជាបញ្ហាក្នុងស្រុកដែលរដ្ឋាភិបាលគួរប្រយុទ្ធប្រឆាំងតាមរយៈយន្តការសង្គមស៊ីវិលរបស់ពួកគេជាជាងការដាក់ទណ្ឌកម្មអន្តរជាតិ។ តើអ្នកស្រីឆ្លើយតបយ៉ាងដូចម្តេច?
អ្នកស្រី Rubio: អំពើពុករលួយជាបញ្ហាសាកល។ ប្រទេសទាំងនោះដែលជាប្រទេសមានតម្លាភាពយោងតាមសន្ទស្សន៍ពុករលួយរបស់យើង មានការទទួលខុសត្រូវក្នុងការបញ្ឈប់អំពើពុករលួយជាសាកលនេះ ដោយសារនេះជាបណ្តាញមួយ។ នេះជាបណ្តាញអ្នកប្រព្រឹត្តអំពើពុករលួយដែលប្រព្រឹត្តដើម្បីប្រាក់ចំណេញផ្ទាល់ខ្លួន និងកេងចំណេញពីចន្លោះប្រហោងច្បាប់ទាំងអស់។ យើងត្រូវតែឱ្យប្រទេសដែលត្រូវបានចាត់ទុកជាប្រទេសមានតម្លាភាពឱ្យចូលរួមដើរតួក្នុងនាមជាអ្នកទប់ស្កាត់ដើម្បីបញ្ឈប់សកម្មភាពនេះ។
VOA: អ្នកស្រីបានឮលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកនៅពេលចាប់ផ្តើមសន្និសីទនេះនិយាយថា ទ្រព្យសម្បត្តិជាង ៣០ ពាន់លានដុល្លារអាមេរិករបស់ក្រុមអភិជនរុស្ស៊ីត្រូវបានបង្កកនៅប្រទេសលោកខាងលិច។ តើនេះជាសកម្មភាពដែលអ្នកស្រីចង់ឃើញមែនទេ?
អ្នកស្រី Rubio: ចាស ប៉ុន្តែមិនត្រឹមតែបង្កកទេ។ ពួកគេត្រូវរឹបអូស ហើយទ្រព្យសម្បត្តិដែលត្រូវបានលួចនេះគួរប្រគល់ត្រឡប់ទៅពលរដ្ឋក្រីក្រក្នុងប្រទេសនោះវិញជាមួយនឹងការធានា។ នេះជាបញ្ហាពាក់ព័ន្ធនឹងការប្រមូលយកទ្រព្យសម្បត្តិមកវិញ។ តើអ្នកណាទទួលខុសត្រូវលើការប្រើប្រាស់មូលនិធិទាំងនោះ? ទ្រព្យសម្បត្តិទាំងនេះត្រូវប្រគល់ត្រឡប់ទៅប្រទេសនោះវិញ ប៉ុន្តែការបង្កកទ្រព្យសម្បត្តិជារឿងដ៏សំខាន់មួយ។
VOA: ដោយសារឥឡូវនេះអ្នកស្រីបាននាំយកការប្រឆាំងនឹងអំពើពុករលួយមកលើឆាកអន្តរជាតិ ដែលមានតួអង្គអន្តរជាតិផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកន្លែងដែលមានអំពើពុករលួយ តើអ្នកស្រីមានឧបករណ៍ស្ថាប័នអន្តរជាតិ និងភាពស្របច្បាប់ចាំបាច់ដែលអ្នកស្រីអាចប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពដែរឬទេ?
អ្នកស្រី Rubio: មានរឿងជាច្រើនដែលត្រូវធ្វើ និងមានដំណើរការជាច្រើន និងប្រហែលត្រូវការច្បាប់ដែលត្រូវអនុម័តដើម្បីធានាដល់ដំណើរការផ្សេងទៀត ពាក់ព័ន្ធនឹងការបង្កកទ្រព្យសម្បត្តិទាំងនេះ។ ឥឡូវនេះយើងអាចបន្តការងារទៅមុខទៀត។ ក្នុងពេលនេះ យើងមានអនុសញ្ញាច្រើនដែលចុះហត្ថលេខាដោយប្រទេសស្ទើរតែទាំងអស់នៅជុំវិញពិភពលោកដូចជា អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC)។ យើងមានអនុសញ្ញាប្រឆាំងអំពើពុករលួយថ្នាក់តំបន់។ យើងមានអនុសញ្ញាប្រឆាំងនឹងការសូកប៉ាន់បរទេស។ យើងមានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ។ យើងមានតុលាការឯករាជ្យនៅក្នុងប្រទេសជាច្រើន។ ហើយនេះជាចំណុចគន្លឹះនៅក្នុងដំណើរការនេះដោយសារតុលាការជាតិសម្រេចប្រើប្រាស់ច្បាប់ក្នុងស្រុក និងក្រោមឆ័ត្រអនុសញ្ញាអន្តរជាតិទាំងនេះ។ ការងារនេះមិនទាន់បញ្ចប់ទេ។ នេះជាការងារស្ថិតក្នុងដំណើរការ ដូចស្ថាប័នច្បាប់ទាំងអស់ដែរ។ ច្បាប់កំពុងបង្កើតឧបករណ៍ដែលយើងប្រើប្រាស់ដើម្បីធ្វើឱ្យស្ថានភាពល្អប្រសើរជាងមុន។ ខ្ញុំគិតថា មានការងារជាច្រើនត្រូវធ្វើ រួមទាំងការពិភាក្សាលើតុលាការប្រឆាំងអំពើពុករលួយអន្តរជាតិ។ យើងនៅអង្គការតម្លាភាពអន្តរជាតិកំពុងស្រាវជ្រាវលើលទ្ធភាពនេះ ប៉ុន្តែយើងក៏បង្កើនលទ្ធភាពក្នុងការប្រើប្រាស់ស្ថាប័នថ្នាក់តំបន់ដើម្បីធានាដល់ការអនុវត្តអនុសញ្ញាទាំងនេះផងដែរ។
VOA: អ្នកស្រីច្បាស់ជាកំពុងស្វែងរកមតិរួមជាសាកលពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយដើម្បីឱ្យមានប្រសិទ្ធភាពជាងនេះ។ នៅក្នុងសន្និសីទនេះ មិនមានអ្នកតំណាងមកពីរដ្ឋាភិបាល ឬសង្គមស៊ីវិលមកពីប្រទេសដូចជារុស្ស៊ី ចិន និងអ៊ីរ៉ង់នោះទេ។
អ្នកស្រី Rubio: យើងមានសង្គមស៊ីវិលមកពីរុស្ស៊ី។ យើងមានស្ត្រីម្នាក់ដែលទទួលខុសត្រូវលើការស៊ើបអង្កេតនៅក្នុងមូលនិធិ Navalny ហើយគាត់កំពុងធ្វើការជាមួយយើង។
VOA: ចុះប្រទេសអ៊ីរ៉ង់ ចិន អាហ្វហ្គានីស្ថាន? យើងជារឿយៗដឹងឮថា ប្រទេសទាំងនេះមានអំពើពុករលួយខ្លាំង។ តើអ្នកស្រីបានជួបនរណាម្នាក់មកពីប្រទេសទាំងនោះដែរឬទេ?
អ្នកស្រី Rubio: ខ្ញុំមិនច្បាស់ថា ពួកគេមកចូលរួមក្នុងសន្និសីទនេះឬអត់នោះទេ។ យើងមានសាខាមួយដែលឥឡូវនេះត្រូវបានបិទទៅវិញនៅក្នុងប្រទេសចិន។ យើងបានធ្វើការជាមួយពួកគេច្រើនឆ្នាំហើយ។ យើងត្រូវមានអង្គការក្រៅរដ្ឋាភិបាលឯករាជ្យ ហើយនៅពេលយើងឃើញការធ្វើទុក្ខបុកម្នេញលើអង្គការដោយរដ្ឋាភិបាលពុករលួយ ឬរបបផ្តាច់ការ នេះមិនមែនជាអ្វីដែលយើងធ្វើការជាមួយនោះទេ។ ប៉ុន្តែសន្និសីទនេះបើកទ្វារសម្រាប់គ្រប់គ្នាដែលចង់ចុះឈ្មោះ និងមកទីនេះ និងនិយាយជាមួយយើង។ អ្វីដែលយើងចង់បានច្បាស់ណាស់គឺជាគុណតម្លៃប្រជាធិបតេយ្យ តម្លាភាព និងសុចរិត។ យើងប្រឆាំងនឹងរបបផ្តាច់ការដោយសារមូលហេតុសាមញ្ញមួយ ដោយសារពួកគេមិនអនុញ្ញាតឱ្យមានសេរីភាពនៃការបញ្ចេញមតិ សេរីភាពប្រមូលផ្តុំ ការធ្វើការដោយសេរីក្នុងសង្គមទាំងមូល។ យើងមិនអាចទទួលយករបបនេះទេ។ យើងធ្វើការដើម្បីគុណតម្លៃប្រជាធិបតេយ្យ ហើយខ្ញុំនៅតែអះអាងអំពីគុណតម្លៃនេះ ហើយយើងប្រកាន់ខ្ជាប់គុណតម្លៃនេះខ្លាំងណាស់។
VOA: អ៊ីចឹង តើមានប្រទេសដែលមិនមានអំពើពុករលួយនៅក្នុងផ្នែកណាមួយក្នុងពិភពលោកនេះដែរឬទេ?
អ្នកស្រី Rubio: អត់ទេ ច្បាស់ណាស់មិនមានទេ។ សន្ទស្សន៍អំពើពុករលួយរបស់យើងដាក់ចំណាត់ថ្នាក់ប្រទេសពី ១០០ ដែលអាចចាត់ទុកថាជាមានតម្លាភាពបំផុតរហូតដល់ ០ ដែលអាចចាត់ទុកថាជាប្រទេសពុករលួយនៅក្នុងវិស័យសាធារណៈ។ វាជាសន្ទស្សន៍ពុករលួយក្នុងវិស័យសាធារណៈ។ ហើយច្បាស់ណាស់ មិនមានប្រទេសណាទទួលបានពិន្ទុ ១០០ នោះទេ។ ដូច្នេះ វាមិនល្អឥតខ្ចោះនោះទេ។ អំពើពុករលួយអាចកើតឡើងនៅក្នុងប្រទេសទាំងអស់នៅជុំវិញពិភពលោក សូម្បីតែនៅក្នុងប្រទេសលោកខាងលិចដែលមានប្រជាធិបតេយ្យខ្លាំង ប្រទេសអភិវឌ្ឍន៍ និងសូម្បីតែនៅក្នុងប្រទេសដូចដែលខ្ញុំបានលើកឡើង ក៏អាចមានករណីអំពើពុករលួយដូចគ្នា។ មានភាពខុសគ្នារវាងប្រទេសដែលត្រូវបានចាត់ទុកថាមានតម្លាភាពទាំងនោះ និងប្រទេសដែលត្រូវបានចាត់ទុកថាមានអំពើពុករលួយ ហើយភាពខុសគ្នាស្ថិតនៅត្រង់ថា ពួកគេឆ្លើយតបដូចម្តេច នៅពេលមានករណីអំពើពុករលួយ។
នៅក្នុងប្រទេសមួយចំនួន ពួកគេអនុវត្តច្បាប់ តុលាការចេញសេចក្តីសម្រេច ប្រសិនបើពួកគេ (តួអង្គពុករលួយ) ត្រូវជាប់ពន្ធនាគារ ពួកគេត្រូវ [ចាប់បញ្ជូន] ទៅពន្ធនាគារ។ ប្រសិនបើពួកគេត្រូវបង់ប្រាក់ពិន័យ ពួកគេត្រូវតែបង់ប្រាក់ពិន័យ។ នៅក្នុងប្រទេសផ្សេងទៀត មិនមានការឆ្លើយតបពីស្ថាប័ននោះទេ ឬជួនកាលត្រូវការពេល ២០ ឆ្នាំ ដើម្បីទទួលបានសេចក្តីសម្រេចរបស់តុលាការ [ខណៈ] ដែលមិនមានអ្នកណាម្នាក់ចាំអ្វីដែលយើងកំពុងនិយាយក្នុងករណីនេះ ឬរឿងផ្សេងទៀតនៅក្នុងសង្គមនេះនោះទេ។ អ្វីដែលយើងនិយាយនោះគឺ ថាតើសង្គមនេះឆ្លើយតបដោយរបៀបណាចំពោះប្រតិកម្មស្ថាប័ន ប្រតិកម្មសង្គមនៅពេលមានអំពើពុករលួយ។ នៅក្នុងករណីមួយចំនួន ក្នុងប្រទេសមួយចំនួន មិនមានការអត់ឱនឱ្យអំពើពុករលួយនោះទេ។ នៅក្នុងប្រទេសមួយចំនួនទៀត ពួកគេពុករលួយ ប៉ុន្តែពួកគេកំពុងធ្វើរឿង (ល្អ) ខ្លះ ដូច្នេះយើងនៅបន្តពឹងផ្អែកលើអ្នកទាំងនោះ។ នេះមិនមែនជាការឆ្លើយតបត្រឹមត្រូវនោះទេ។ ប្រសិនបើយើងចង់បញ្ជូនសារត្រឹមត្រូវ សារនោះគឺថា យើងមិនទទួលយកអំពើពុករលួយទេ។
VOA: យើងស្ថិតក្នុងពេលបែងចែកគ្នាមួយ។ មានសង្គ្រាមកំពុងកើតឡើងនៅអ៊ុយក្រែន។ មានការខ្វែងគំនិតគ្នាជាសាកលជាមួយនឹងអ្វីដែលចិនបានធ្វើចំពោះអ្វីដែលកំពុងកើតឡើងនៅអ៊ីរ៉ង់។ តើយើងស្ថិតនៅលើផ្លូវត្រឹមត្រូវឆ្ពោះទៅរកពិភពលោកមួយដែលមានអំពើពុករលួយតិចជាងកាលពីមួយឆ្នាំមុនទេ?
អ្នកស្រី Rubio: ខ្ញុំគិតថា យើងស្ថិតនៅលើផ្លូវត្រឹមត្រូវ។ ខ្ញុំគិតថា វាអាចនឹងផ្លាស់ប្តូរស្ថានភាព។ ប៉ុន្តែយើងត្រូវការធ្វើការជាមួយគ្នា។ មិនមានអ្នកណាទំនេរពីការប្រយុទ្ធនេះទេ។ យើងគ្រប់គ្នាគួរចូលរួម។ ប្រសិនបើខ្ញុំមិនមែនជាអ្នកសុទិដ្ឋិនិយមនោះទេ ខ្ញុំនឹងមិនធ្វើការជាង ៤០ ឆ្នាំនៅលើផ្លូវនេះទេ។ អ្វីដែលយើងត្រូវធ្វើគឺ ខ្ញុំនិយាយក្នុងន័យប្រៀបធៀប ប្រសិនបើតម្លាភាពជាកម្រាលព្រំដែលយើងរុំ អ្វីដែលយើងមើលឃើញក្នុងពេលជាច្រើនគឺថា មនុស្សអាក្រក់កំពុងដើរតាមពីក្រោយយើងរុំកម្រាលព្រំនៃអំពើពុករលួយ ដូចអ្វីដែលពួកគេចង់បាន។ នៅពេលយើងបោះជំហានទៅមុខ យើងត្រូវដាក់វិធានការឱ្យដំណើរការ និងអនុវត្តវាឱ្យបានតឹងរ៉ឹង។ នេះមានន័យថា សង្គមនេះត្រូវដឹងពីសារៈសំខាន់នៃតម្លាភាពសម្រាប់ជីវិតរបស់យើងផ្ទាល់ក្នុងនាមជាពលរដ្ឋ។ ជនរងគ្រោះនៃអំពើពុករលួយគឺពលរដ្ឋទាំងអស់ជុំវិញពិភពលោកដោយសារតែប្រាក់ដែលបាត់បង់ដោយសារអំពើពុករលួយគឺប្រាក់ដែលបាត់បង់នៅក្នុងវិស័យអប់រំ សុខាភិបាល សន្តិសុខ និងឱកាសការងារនាពេលអនាគត។ ដូច្នេះ យើងទាំងអស់គ្នាត្រូវការពារវា។ ច្បាស់ណាស់ តម្លាភាពគឺមិនដូចការរត់ម៉ារ៉ាតុងដែលមនុស្សគ្រប់គ្នារត់នៅក្នុងទិសដៅតែមួយនោះទេ។ វាមិនដូចគ្នាទេ។
ការប្រយុទ្ធរបស់យើងគឺដូចលេងអុកអ៊ីចឹង។ វាជាល្បែងយុទ្ធសាស្ត្រ។ យើងមិននៅម្នាក់ឯងនោះទេនៅលើក្តារអុក។ ដូច្នេះ យើងត្រូវតែខ្លាំង យល់ដឹង បត់បែន និងប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរ និងបញ្ហាប្រឈមថ្មីៗដែលយើងកំពុងប្រឈមដើម្បីឆ្លើយតបឱ្យទាន់ពេលដោយសារយើងមិននៅម្នាក់ឯង។ មានតួអង្គអាក្រក់ជាច្រើន មួយប្រភេទគឺក្រុមដែលព្យាយាមបញ្ឈប់យើង និងព្យាយាមបំផ្លាញការវិវឌ្ឍរបស់យើងសម្រាប់តម្លាភាព និងសុចរិត។ ការវិវឌ្ឍរបស់យើងមិនត្រឹមតែមានលក្ខណៈអន្តរជាតិនោះទេ។ មនុស្សទាំងអស់ជុំវិញពិភពលោកធ្វើការដើម្បីតម្លាភាព និងសុចរិត។ តួអង្គអាក្រក់កំពុងព្យាយាមបញ្ឈប់យើង ហើយពួកគេនឹងមិនទទួលជោគជ័យទេ ដោយសារនៅទីបញ្ចប់ យើងនឹងឈ្នះ ប៉ុន្តែយើងត្រូវបន្តប្រយុទ្ធតទៅទៀត៕