ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​​នៅ​វៀតណាម បក​​ស្បែក​​មេ​ដឹកនាំ​​កំពូល​​ម្នាក់​​ទៀត


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc (ក្រោម ឆ្វេង) ចូលរួម​ពិធី​បិទ​មហាសន្និបាត​ជាតិ​លើកទី ១៣ នៃ​បក្សកុម្មុយនិស្ត​វៀតណាមក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc (ក្រោម ឆ្វេង) ចូលរួម​ពិធី​បិទ​មហាសន្និបាត​ជាតិ​លើកទី ១៣ នៃ​បក្សកុម្មុយនិស្ត​វៀតណាមក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។

យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​វៀតណាម ត្រូវ​គេ​រំពឹង​ថា​នឹង​បន្តទៅ​ទៀត ក្រោយការ​លា​លែង​ពី​តំណែង​«ដោយ​បង្ខំ»​របស់​ប្រធានាធិបតី​លោក Nguyen Xuan Phuc ក្នុង​ពេល​ដែល​សាធារណជន​បាត់​ទំនុក​ចិត្ត ដោយ​សារ​រឿង​អាស្រូវ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក និង​ការ​ដោះស្រាយ​បញ្ហា​ជំងឺ​រាត​ត្បាត​កូវីដ​១៩​របស់​ពួកគេ។

ក្រុម​អ្នក​វិភាគ​និយាយ​ថាអគ្គលេខាធិការ​បក្ស​កុំម្មុយនិស្ត​វៀតណាម​ដែល​គិតគូរ​ពី​កេរដំណែល​គឺ​លោក Nguyen Phu Trong ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​យុទ្ធនាការ​ប្រឆាំងអំពើ​ពុករលួយ​ដែល​គេ​ហៅ​ថា​យុទ្ធនាការ«ឡ​ដុត​កម្តៅ»ឬ“burning furnace” គិត​ដោយ​ប្រយ័ត្នប្រយែង​ថា​អំពើ​ពុករលួយ​កំពុង​គំរាមកំហែង​ភាព​ស្រប​ច្បាប់​នៃ​គណបក្ស​របស់​លោក។​

​លោក Carl Thayer សាស្ត្រាចារ្យ​ចូលនិវត្តន៍​នៅ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី និយាយ​ថា៖ «យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​ជា​ការអនុវត្តចោះៗ។ ខ្ញុំ​គិត​ថា​ការណ៍​នេះ​ នាំ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​កាន់តែ​ច្រើន។ យុទ្ធនាការ​នេះ មាន​គោល​បំណង​ផ្តល់​ការ​ធានា​ឡើងវិញ»។

​នៅ​ខែ​កញ្ញា លោក Trong ដែល​កំពុង​កាន់​តំណែង​ក្នុង​អាណត្តិ​ទី​៣​ដ៏​កម្រ​ក្នុង​នាម​ជា​អគ្គលេខា​ធិការ​បក្ស បាន​ជំរុញ​ការ​បណ្តេញ​ចេញពី​តំណែង«​ឲ្យ​ទាន់​ពេល​វេលា»នូវមន្ត្រី​អសមត្ថភាព​និង​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​ការ​រំលោភ​បំពាន​នានា។

ការ​ចោទ​ប្រកាន់​លើក​មុនៗ​រួម​មាន​ទាំង​មន្ត្រី​ក្រសួង​ការបរទេស ដែល​ត្រូវ​បាន​ចោទ​ថា​បាន​ជំរិតទារ​ប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​ពី​ពលរដ្ឋ​វៀតណាម​នៅ​ក្រៅ​ប្រទេស​ដែល​ប៉ុនប៉ង​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ក្នុង​អំឡុង​ពេល​ជំងឺ​រាត​ត្បាត។

នីតិវិធី​ព្រហ្មទណ្ឌ ក៏​ត្រូវ​ប្រើប្រាស់​ដើម្បី​ចាត់វិធានការ​ប្រឆាំងនឹង​មនុស្ស​ជាង​១០០​នាក់ ទាក់ទង​រឿង​អាស្រូវ​នៃចំនួន​ទឹក​ប្រាក់​១៧២​លាន​ដុល្លារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា Viet A។ ក្រុម​មន្ត្រីត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ទទួល​សំណូក ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ឲ្យ​មន្ទីរ​ពេទ្យ​នូវ​ឧបករណ៍ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩ ដែល​ត្រូវ​បាន​បំប៉ោង​តម្លៃ​យ៉ាង​ខ្ពស់។

​ឧប​នាយករដ្ឋមន្ត្រី​២​រូប​ត្រូវ​បាន​បណ្តេញ​ពី​មុខ​តំណែង​កាល​ពី​ដើម​ខែ​នេះ។

រដ្ឋាភិបាល​វៀតណាម និយាយ​ថា​លោក Phuc ដែល​មាន​អាយុ​៦៨​ឆ្នាំ ទទួល​ខុសត្រូវ​ខ្ពស់​ជាងគេ​ចំពោះ​បទ​ល្មើស​ដែល​មន្ត្រី​ក្រោម​ឱវាទ​ បាន​ប្រព្រឹត្ត​រួម​ទាំង​ឧបនាយក​រដ្ឋមន្ត្រី​ទាំងពីរ​នាក់​និង​រដ្ឋមន្ត្រី​៣​នាក់​ផង។

​រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ ​«ដោយ​ដឹង​ខ្លួន​ថា​ជា​អ្នក​ទទួល​ខុសត្រូវ​ទាំង​ស្រុង​នៅ​ចំពោះ​មុខ​បក្ស​និង​ប្រជាជន លោក(Phuc) បាន​ដាក់​ពាក្យ​សុំ​លាលែង​ពីតួនាទី មុខ​តំណែង និង​សុំ​ចូល​និវត្តន៍»។

លោក​បណ្ឌិត Dinh Duc Long ដែល​បាន​ឃ្លាំ​មើល​យ៉ាង​ដិតដល់​នូវ​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​លើបញ្ហា​ជំងឺ​រាតត្បាត បាន​ប្រាប់​VOA​ភាសា​វៀតណាម​ពី​ទីក្រុង​ហូជីម៉ិញ​ថា​សាធារណ​មតិ​ឈប់គាំទ្រ​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក Phucហើយ។

​លោក​និយាយ​ថា៖ «ចំពោះ​ការ​ថា​តើ​បទល្មើស​របស់​លោកPhuc ជា​បទ​ឧក្រិដ្ឋឬអ្វី​ផ្សេង​នោះ​ យើង​មិន​ទាន់​ដឹង​ទេ»។

លោក Dinh​ បន្ត​ថា​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុំម្មុយនិស្ត​និង​រដ្ឋសភា​បាន​បំពេញ​ការងារ​របស់​ខ្លួន​រួច​ហើយ។

លោក Dinh​ និយាយ​ថា៖ «មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន។ ពិត​ណាស់​ ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ មិន​អាច​បញ្ជាក់​ថា​ពិត​ឬ​អត់​ទេ តែ​សាធារណ​ជន​ខកចិត្ត​ណាស់ ខឹមសម្បារ​ខ្លាំង​ណាស់ ដោយសារ​ព័ត៌មាន​នោះ។ ជាការ ពិត​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឌ ពិត​ហើយថា ព័ត៌មាន​នោះ​មិន​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ទេ។ វា​ជា​កាតព្វកិច្ច​របស់​តុលាការ»។

លោក Vo Van Tao អតីត​អ្នក​សារព័ត៌មាន​បម្រើការ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ហើយ​បច្ចុប្បន្ន​ជា​អ្នក​សរសេរ​ប្លុក​ឯករាជ្យ បាន​ប្រាប់​VOA​ភាសា​វៀតណាម​ថា៖ «វា​ជា​បុព្វសិទ្ធិ​របស់​ក្រុម​ឥស្សរជន» ក្នុង​បក្ស​កុំម្មុយនិស្ត ក្នុង​ការ​ទុក​មុខមាត់​ ដោយ​ការ​មិន​ចាត់​វិធានការ​ខ្លាំង​ពេក​ទៅ​លើ​កំហុស​របស់​សមាជិក​បក្ស។

លោក Vo និយាយ​ថា៖ «លោក Nguyen Xuan Phuc ស្រាប់​តែ​«លា​លែង»​ភ្លាមៗ។ តាម​ពិត​ វា​ជា​ការ​ដក​ចេញ។ និយាយ​ឲ្យ​ខ្លី វា​ជា​ការ​បណ្តេញ​ចេញ​»។

លោក​បន្ថែម​ថា៖ «ពេល​ពួកគេ​មាន​កំហុស ពេល​ពួកគេ​ធ្វើអ្វី​ខុស ឬ​សូម្បី​តែ​ពេល​ពួកគេ​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោសក្តី តែ​ដោយសារ​តែ​មុខ​តំណែង​របស់​ពួកគេ តួនាទី​ធំ​របស់​ពួគេ​ក្នុង​បក្ស​ដូចជា​សសរ​ស្តម្ភ​ទាំង​៤​ឬ​ក្នុង​ការិយាល័យ​នយោបាយ​កំពូល​ ពេល​គេ​ដាក់​វិធានការ​វិន័យ​លើ​អ្នក​ទាំង​នោះ គេ​ធ្វើ​វា​តាម​របៀប​ទន់ភ្លន់ ដើម្បី​រក្សាមុខ​មាត់​បក្ស»។

វៀតណាម​គ្មាន​អ្នក​ដឹកនាំ​កំពូល​តែ​ម្នាក់​ឯង​ទេ។ ប្រទេស​នេះ​ត្រូវ​បាន​ដឹកនាំ​ជា​ផ្លូវការ​ដោយ​«សសរស្តម្ភ​៤» គឺ​អគ្គលេខា​បក្ស​កម្មុយនិស្តវៀតណាម ប្រធានាធិបតី ដែល​ភាគច្រើន​គ្រាន់តែ​ជា​តួនាទី​ពិធីការ នាយក​រដ្ឋមន្ត្រី និង​ប្រធាន​សភា។

លោក​សាស្ត្រាចារ្យThayer និយាយ​ថា​លោក Trong អាយុ​៧៨​ឆ្នាំ ត្រូវ​គេ​រំពឹង​ថា​នឹង​ចូល​និវត្តន៍​នៅ​ខែ​មករា​ឆ្នាំ​២០២១​ក្នុង​សមាជ​ជាតិ​លើក​ទី​១៣ ក្រោយ​ពី​បាន​បម្រើ​ការងារ​បាន​ពីរ​អាណត្តិ​ ដែល​ក្នុង​មួយអាណត្តិ​រយៈពេល​៥​ឆ្នាំ ហើយ​បាន​ជ្រើសតាំង​លោក Tran Quoc Vuong ជា​អ្នក​បន្ត​វេន​ពី​រូប​លោក​ស្រប​តាម​វិធាន​បក្ស។

​តែ​គណៈមជ្ឈិម​បក្ស​កុំម្មុយនិស្ត​វៀតណាម បាន​បោះឆ្នោត​ជំទាស់​ការ​តែងតាំង​នោះ ដែល​លោក​និយាយ​ថា​ជា​ការ​វិវត្ត​មួយ​ដែល​គេ​មិន​បាន​រំពឹង​ទុក ហើយ​ថា​គណៈមជ្ឈិម​បក្ស​មិន​យល់​ស្រប​លើ​អ្នក​ជំនួស ដែលបង្ក​ភាព​ស្មុគស្មាញ​ដោយ​សារ​ស្ថានភាព​កាន់តែ​អាក្រក់​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩។

​លោក Thayer បាន​VOA​ថា៖ «គ្មាន​ការ​ប្រជែង​អំណាច​កើត​ឡើង​ទេ​នៅ​វៀតណាមទេ ហើយ​ជា​ជាង​ពង្រឹង​អំណាច​របស់​លោក លោក​កំពុង​ត្រៀម​កេរដំណែល​របស់​លោក។ ​ខ្ញុំ​ជឿ​ថា​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​យ៉ាង​យូរ​នៅ​ឆ្នាំ​២០២៦ ហើយ​ការងារ​របស់​លោក​គឺ​រក​អ្នក​បន្ត​វេន តែ​ជម្រើស​កាន់តែ​តិច​ទៅៗ»។

​ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ លោក Thayer និយាយ​ថា​លោក Trong នឹង​គូស​វាស​ឲ្យសមាជិក​ការិយាល័យ​នយោបាយ លេខាធិការដ្ឋាន និង​មន្ត្រី​បក្ស​ជាន់ខ្ពស់​ដទៃ​ទៀត សម្រាប់​អ្នក​ស្នង​តំណែង​ពី​លោក។

លោក Thayer និយាយ​ថា៖ «លោក​Trong នឹង​បន្ត​យុទ្ធនាការ​«ឡ​ដុតកម្តៅ»​របស់​លោក ពី​ព្រោះ​លោក​ដឹង​ថា​អំពើ​ពុករលួយ​ក្នុង​បក្ស​គឺ​ជា​ការគំរាមកំហែង​ដ៏​ធំ​ចំពោះ​ភាព​ស្រប​ច្បាប់​របស់​បក្ស​ក្នុង​ការ​ដឹកនាំ​ប្រទេស​វៀតណាម។ តើ​យុទ្ធនាការ​នេះ នឹង​ឈប់​ទេ? គន្លឺះ​គឺ​នៅ​ត្រង់​ថា​មុខតំណែង​នៅ​ទំនេរ​នៅ​ឡើយ​ដែល​ត្រូវ​ការ​អ្នក​មក​កាន់»។

លោកThayer និយាយ​ថា​បេក្ខជន​៣​រូប​ ត្រូវ​បាន​ដំឡើង​តួនាទី​ដែល​អាច​មក​កាន់​តំណែង​ជំនួស​លោក Phuc។ អ្នក​ទាំង​៣​នោះ​រូម​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក​នាយ​ឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ លោក​នាយ​ឧត្តមសេនីយ៍ To Lam។

​ជម្រើស​ទី​៣​អាច​ថា​លោក Trong នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី ខណៈ​លោក​រក្សា​មុខ​តំណែង​របស់​លោក​ជា​អគ្គលេខា​បក្ស​កុំម្មុយនិស្ត​វៀតណាម​រហូត​ដល់​ចប់​អាណត្តិ​ក្នុង​ពេល​ប្រមាណ​៣​ឆ្នាំ​ខាង​មុខ​ទៀត៕

ប្រែសម្រួល​ដោយ​លោក សាយ មុន្នី

XS
SM
MD
LG