ឧបនាយករដ្ឋមន្ត្រី​កូរ៉េខាង​ជើង​ម្នាក់ត្រូវ​ប្រហារ​ជីវិតដោយសារ​ការ​សួរដេញដោល ​Kim Jong Un

មេដឹកនាំកូរ៉េ​ខាង​ជើង​ Kim Jong Un នៅ​ក្នុង​ពេល​ថតរូប​​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ដើរ​តួ​ជា​កម្មករ​ក្នុង​ការ​សាងសង់​ផ្ទះសម្រាប់​ក្មេងៗនិង​ជន​ពិការ​ ដែល​រូបថត​នេះ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥។

មេដឹកនាំ​កូរ៉េខាង​ជើង​ Kim Jong Un ​បាន​បញ្ជា​ឲ្យ​សម្លាប់​ឧបនាយក​រដ្ឋ​មន្រ្តី​របស់​ខ្លួន​ម្នាក់​ទៀត​នៅ​ក្នុង​ការ​បោស​សម្អាត​មេដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សាព័ត៌មាន​កូរ៉េខាង​ត្បូង។

ទី​ភ្នាក់ងារ​ព័ត៌មាន ​Yonhap​ បាន​រាយការណ៍​ដោយ​ដក​ស្រង់​ពី​ប្រភព​មិន​ប្រាប់​ឈ្មោះ​ដែល​បាន​ដឹង​ពី​កូរ៉េខាង​ជើង​ថា ​ឧបនាយករដ្ឋ​មន្រ្តី ​Choe Yong Gon ​ត្រូវបាន​សម្លាប់​ដោយ​ការ​បាញ់​ជាក្រុម​កាល​ពី​ខែឧសភា ​បន្ទាប់​ពី​បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​គោល​នយោបាយ​ព្រៃឈើ​របស់​ Kim Jong Un។

ក្រសួង​បង្រួប​បង្រួម​ជាតិ​របស់​ប្រទេស​កូរ៉េខាង​ត្បូង ​មិន​បាន​បញ្ជាក់​ពី​សេចក្តី​រាយការណ៍​នេះ​ទេ ​ក៏ប៉ុន្តែ​បាន​កត់​សម្គាល់​ថា គេ​មិន​បាន​ប្រទះ​ឃើញ​លោក ​Choe ​នៅ​កន្លែង​សាធារណៈ​ប្រហែល​៨​ខែ​មក​ហើយ។ ក្រសួង​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «រដ្ឋាភិបាល​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​ដើម្បី​មើល​ថា តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​លោក‍ Choe»។

រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ អំពី​ជោគ​វាសនា​របស់​លោក​ Choe មាន​អាយុ​៦៣​ឆ្នាំ​ដែល​ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​ឧប្បនាយក​រដ្ឋ​មន្រ្តីកាល​ពី​ឆ្នាំ​ទៅមិញ។​ ប្រសិនបើ​មាន​ការ​បញ្ជាក់​ការ​ពិតនោះ​ ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ការ​ប្រហារ​ជីវិត​មន្រ្តី​ជាន់​ខ្ពស់​កូរ៉េខាង​ជើង​លើក​ទី​២​នៅ​ឆ្នាំនេះ។

ក្រសួង​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាង​ត្បូង ​បាន​រាយការណ៍​នៅ​ដើម​ឆ្នាំ​នេះ​ថា ​លោក​ Hyon Yong Chol​ រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​កាំភ្លើង​បាញ់​យន្តហោះ​ដែល​ទំនង​ជា​បណ្តាល​មក​ពី​ការ​ដែល​លោក​ដេក​លក់​ក្នុង​ពេល​ប្រជុំ​កងទ័ព៕