ខណៈការព្រួយបារម្ភមានកាន់តែខ្លាំងឡើងជុំវិញប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដូចជា កម្មវិធី ChatGPT អង្គភាពឃ្លាំមើលក្នុងវិស័យហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងធ្វើការដើម្បីធានាថា ក្រុមហ៊ុននានាគោរពច្បាប់នៅពេលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ប្រព័ន្ធស្វ័យប្រវត្តិនិងរូបមន្តកុំព្យូទ័រ ឬ Algorithms បានជួយកំណត់ចំណាត់ថ្នាក់ឥណទាន លក្ខខណ្ឌកម្ចី កម្រៃជើងសារលើគណនីបញ្ញើ និងផ្នែកដទៃទៀតនៅក្នុងវិស័យហិរញ្ញវត្ថុរួចមកហើយ។
ការិយាល័យការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់និយាយថា ខ្លួននឹងឲ្យក្រុមហ៊ុននានាទទួលខុសត្រូវចំពោះការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្នុងបែបផែនស្របជាមួយនឹងនិយ័តកម្មនានា ដែលមាននាពេលបច្ចុប្បន្នរួចទៅហើយ។
តំណាងនានាមកពីទីភ្នាក់ងារមួយចំនួនរបស់រដ្ឋាភិបាលសហព័ន្ធលើកឡើងថា ពួកគេកំពុងចាត់តាំងធនធាននិងក្រុមការងារដើម្បីពិនិត្យលើបច្ចេកវិទ្យាថ្មីនេះ និងកត់ចំណាំវិធីសាស្រ្តអវិជ្ជមានផ្សេងៗ ដែលអាចប៉ះពាល់មកលើអ្នកប្រើប្រាស់។
លោក Ben Winters ទីប្រឹក្សាជាន់ខ្ពស់ប្រចាំមជ្ឈមណ្ឌលព័ត៌មានឯកជនភាពអេឡិចត្រូនិច បាននិយាយថា សេចក្តីថ្លែងការណ៍រួមមួយអំពីគោលការណ៍អនុវត្តដាក់ចេញដោយទីភ្នាក់ងារសហព័ន្ធនានាកាលពីខែមុន ជាជំហានដំបូងប្រកបដោយភាពវិជ្ជមានមួយ។
លោក Sam Altman ប្រធានក្រុមហ៊ុន OpenAI ដែលបង្កើតកម្មវិធី ChatGPT បាននិយាយថា អន្តរាគមន៍ពីសំណាក់រដ្ឋាភិបាល «នឹងមានសារៈសំខាន់នៅក្នុងការកាត់បន្ថយហានិភ័យនៃ «អានុភាពកាន់តែខ្លាំងឡើង» របស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោក Altman បានលើកឡើងពីការបង្កើតជាទីភ្នាក់ងារមួយនៅសហរដ្ឋអាមេរិក ឬលើសាកលលោក ដើម្បីផ្តល់អាជ្ញាបណ្ណ និងធ្វើនិយ័តកម្មលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ស្របពេលមិនមានសញ្ញាភា្លមៗបង្ហាញថា សភាអាមេរិកនឹងធ្វើសេចក្តីព្រាងច្បាប់លើគោលការណ៍ថ្មីសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដូចសមាជិកសភាសហភាពអឺរ៉ុបកំពុងធ្វើ ការព្រួយបារម្ភក្នុងសង្គមបាននាំយកលោក Altman និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតមកកាន់សេតវិមាននាខែឧសភា ដើម្បីឆ្លើយតបនឹងសំណួរសំខាន់ៗ អំពីផលវិបាកនៃប្រព័ន្ធបច្ចេកវិទ្យាទំាងនេះរួមទាំង «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចេះនិពន្ធ ឬ Generative AI» ផងដែរ៕
លោក Matt O'Brien អ្នករាយការណ៍ផ្នែកបច្ចេកវិទ្យានៃទីភ្នាក់ងារព័ត៌មាន AP រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា