ក្រុមមេដឹកនាំបណ្តាប្រទេសសេដ្ឋកិច្ចធំ G7 បាននិយាយកាលពីថ្ងៃសៅរ៍ ទី២០ ខែឧសភា ថា ពិភពលោកត្រូវធ្វើការវាយតម្លៃជាបន្ទាន់លើផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតដែលចេះនិពន្ធ ឬ Generative AI។ ក្រុមមេដឹកនាំបានប្រកាសថា ពួកគេនឹងធ្វើការពិភាក្សានាឆ្នាំនេះអំពីការប្រើប្រាស់ «ប្រកបដោយការទទួលខុសត្រូវ» ចំពោះបច្ចេកវិទ្យានេះ។
ក្រុមការងារមួយនឹងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលមានចាប់ពីសិទ្ធិអ្នកនិពន្ធ រហូតដល់ព័ត៌មានបន្លំ នេះបើយោងទៅតាមសេចក្តីប្រកាសរួមចុងក្រោយរបស់បណ្តាប្រទេស G7 ដែលបានចុះផ្សាយអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុង Hiroshima ប្រទេសជប៉ុន។
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលចេះនិពន្ធ ដូចជា កម្មវិធី ChatGPT កម្មវិធីបង្កើតរូបភាពនិងចម្រៀងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត បានបង្កឲ្យមានការពេញចិត្ត ការប្រុងប្រយ័ត្ន និងជម្លោះផ្លូវច្បាប់ ស្របពេលអ្នកបង្កើតមាតិកាឌីជីថលបានចោទប្រកាន់បច្ចេកវិទ្យានេះថា បានយកទិន្នន័យឌីជីថលរបស់ពួកគេដោយមិនមានការអនុញ្ញាត។
រដ្ឋាភិបាលទូទាំងពិភពលោកកំពុងស្ថិតនៅក្រោមសម្ពាធឲ្យចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ ដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI ដែលបង្កើតកម្មវិធី ChatGPT បានប្រាប់ទៅសមាជិកសភាអាមេរិកកាលពីពាក់កណ្តាលខែឧសភាថា ការធ្វើនិយ័តកម្មលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតគឺជា រឿងសំខាន់។
សេចក្តីថ្លែងការណ៍រូមរបស់ក្រុមប្រទេស G7 បានលើកឡើងថា៖ «យើងទទួលស្គាល់តម្រូវការក្នុងការពិនិត្យពិច្ច័យលើឱកាសនិងបញ្ហាប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចេះនិពន្ធ ដែលកំពុងតែកាន់តែពេញនិយមនៅតាមបណ្តាប្រទេសនិងវិស័យផ្សេងៗ»។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «យើងបានស្នើរដ្ឋមន្រ្តីពាក់ព័ន្ធឲ្យបង្កើតជាវេទិកា Hiroshima AI Process តាមរយៈក្រុមការងាររបស់ក្រុមប្រទេស G7 នៅក្នុងបែបផែនរួមបញ្ចូលដោយមិនរើសអើងមួយ... សម្រាប់ការពិភាក្សាស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលចេះនិពន្ធនៅត្រឹមចុងឆ្នាំនេះ»។
«ការពិភាក្សាទាំងនេះរួមមានប្រធានបទដូចជា អភិបាលកិច្ច ការការពារកម្មសិទ្ធិបញ្ញារួមតាំងសិទ្ធិអ្នកនិពន្ធ ការលើកកម្ពស់តម្លាភាព ការឆ្លើយតបនឹងការបំពានលើព័ត៌មានពីបរទេសដូចជាព័ត៌មានបំភ្លៃពីការពិត និងការប្រើប្រាស់ដោយទទួលខុសត្រូវលើបច្ចេកវិទ្យាទាំងនេះ»។
ក្រុមការងារថ្មីរបស់ក្រុមប្រទេស G7 នេះ នឹងត្រូវបានរៀបចំឡើងដោយសហការជាមួយនឹងក្រុមប្រទេសសមាជិកអង្គការសម្រាប់សហប្រតិបត្តិការនិងអភិវឌ្ឍន៍ (OECD) និងគម្រោងផ្តួចផ្តើមភាពជាដៃគូជាសាកលលើបញ្ញាសិប្បនិម្មិត (GPAI)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានផ្តល់សក្ខីកម្មនៅមុខគណៈកម្មការព្រឹទ្ធសភាអាមរិក និងបានជំរុញឲ្យសភាដាក់ចេញនូវច្បាប់ថ្មីលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។
លោក Sam Altman ទទួចថា នៅពេលខាងមុខ បញ្ញាសិប្បនិមិ្មតដែលចេះនិពន្ធ ឬ Generative AI បង្កើតឡើងដោយក្រុមហ៊ុនរបស់លោកនឹង «ផ្តល់ដំណោះស្រាយដល់បណ្តាបញ្ហាប្រឈមធំបង្អស់របស់មនុស្សជាតិដូចជា ការប្រែប្រួលអាកាសធាតុ និងការព្យាបាលជំងឺមហារីក»។
យ៉ាងណាក្តី លោកបានបន្តថា៖ «យើងគិតថា ការអន្តរាគមន៍ផ្នែកនិយ័តកម្មពីសំណាក់រដ្ឋាភិបាលនានានឹងមានសារៈសំខាន់នៅក្នុងការកាត់បន្ថយហានិភ័យបង្កឡើងដោយបណ្តាកម្មវិធីបញ្ញាសិប្បនិម្មិតដែលកាន់តែមានសមត្ថភាពខ្លាំងឡើង»។
សមាជិកសភាអឺរ៉ុបនាខែឧសភានេះ ក៏នឹងចាត់ចំណាត់ការដំបូងចំពោះនិយ័តកម្មលើកម្មវិធី ChatGPT និងប្រព័ន្ធបញ្ញាសិប្បនិម្មិតដទៃទៀតនៅទូទាំងសហភាពអឺរ៉ុប។
សេចក្តីលម្អិតទំាងស្រុងអំពីនិយ័តកម្មនឹងត្រូវដាក់ជូនសភាអឺរ៉ុបនាខែមិថុនា មុនពេលការចរចាជាមួយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបដទៃទៀតលើច្បាប់ចុងក្រោយ។
ក្រុមប្រទេស G7 និយាយថា៖ «ស្របពេលការប្រែប្រួលបច្ចេកវិទ្យាឆាប់រហ័សកំពុងពង្រឹងសង្គមនិងសេដ្ឋកិច្ចនានា អភិបាលកិច្ចជាអន្តរជាតិលើបច្ចេកវិទ្យាឌីជីថលថ្មីមិនទាន់តាមទាន់ល្បឿនទំនើបកម្មនោះទេ»។
ក្រុមប្រទេសនេះនិយាយថា សម្រាប់បញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាកំពុងលេចឡើងថ្មីៗ ដូចជា បច្ចេកវិទ្យាពិភពឌីជីថល Metaverse «អភិបាលកិច្ចលើសេដ្ឋកិច្ចឌីជីថលគួរបន្តធ្វើបច្ចុប្បន្នភាពស្របជាមួយនឹងគុណតម្លៃប្រជាធិបតេយ្យជារូមរបស់យើង»។
ក្រុមប្រទេស G7 បន្ថែមថា គុណតម្លៃដទៃទៀតរួមមាន សមភាព ការគោរពឯកជនភាព និង «ការការពារពីការបំពានតាមអនឡាញ ការស្អប់ខ្ពើម និងការរំលោភបំពានផ្សេងៗ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា