ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណុច​ល្អ​និង​អាក្រក់​នៃ​​បញ្ញាសិប្បនិម្មិត AIត្រូវ​បាន​​ពិភាក្សា​នៅ​សន្និសីទ​ TED


អ្នក​សម្របសម្រួល​លោក Chris Anderson និងអ្នកផលិត​កម្មវិធី​​បច្ចេកវិទ្យា AI ​លោក Tom Graham ថ្លែង​នៅ​កម្មវិធី TED2023 ដោយ​បង្ហាញ​រូប​ប្រឌិត​របស់​តារាភាពយន្ត​ហូលីវូដ​លោក Tom Cruise លើ​អេក្រង់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ នៅ​​ក្រុង Vancouver ប្រទេស​កាណាដា។
អ្នក​សម្របសម្រួល​លោក Chris Anderson និងអ្នកផលិត​កម្មវិធី​​បច្ចេកវិទ្យា AI ​លោក Tom Graham ថ្លែង​នៅ​កម្មវិធី TED2023 ដោយ​បង្ហាញ​រូប​ប្រឌិត​របស់​តារាភាពយន្ត​ហូលីវូដ​លោក Tom Cruise លើ​អេក្រង់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ នៅ​​ក្រុង Vancouver ប្រទេស​កាណាដា។

ខណៈ​ដែល​បញ្ញា​សិប្បនិម្មិត ឬ AI មិនមែន​ជា​រឿង​ថ្មី លឿន​ដែល​បច្ចេកវិទ្យា​នេះ​កំពុង​រីកចម្រើន​ និង​ឥទ្ធិពល​ដែល​វា​មាន​លើ​សង្គម​គឺ​ជា​រឿង​ថ្មី​ ហើយ​វា​បាន​បណ្តាល​ឱ្យ​មាន​ការស្ញប់ស្ញែង និង​ការ​ព្រមាន​នានា។ កាល​ពី​ពេល​ថ្មីៗ​នេះ កម្មវិធី​ ChatGPT បាន​ទទួល​ចំណាប់អារម្មណ៍​ចំពោះ​សមត្ថភាព​របស់​វា​ក្នុង​ការ​ធ្វើ​កិច្ចការ​ជាច្រើន​ ដូចជា​ការ​សរសេរ​អត្ថបទ​ស្រាវជ្រាវ​ឱ្យ​និស្សិត​នៅ​សាកលវិទ្យាល័យ​ជាដើម។

លោក Tom Graham និង​ក្រុមហ៊ុន Metaphysic របស់​លោក​ បាន​ទទួល​ចំណាប់អារម្មណ៍​ពី​ការ​បង្កើត​វីដេអូក្លែងក្លាយ​នៃ​តារាសម្តែង Tom Cruise និងវីដេអូក្លែងក្លាយ​បង្ហាញ​ពី​តារា​ចម្រៀង ​លោក Elvis Presley សម្តែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ទេពកោសល្យ​អាមេរិក​មួយ។

ក្រុមហ៊ុន Metaphysic ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត AI ក្នុង​ការបង្កើត​ជា​រូបតំណាងនៃ​តារា​ល្បី​ដូចជា ​លោក Tom Cruise ឬរូបតំណាងនៃ​សមាជិក​គ្រួសារ​ ឬ​មិត្តភក្តិ​របស់​អ្នកណា​ម្នាក់។

នេះ​ជា​រូបតំណាងប្រឌិត​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​ AI អំពី​អ្នក​យក​ព័ត៌មាន​វិអូអេ​លោក ​Craig McCulloch យក​ព័ត៌មាន​នៅ​សន្និសីទ TED។ លោក Craig ពិត​ប្រាកដ​មាន​សក់​តិច​ជាង​នេះ ប៉ុន្តែលោក​មាន​សម្លៀកបំពាក់​ទាន់​សម័យ។
នេះ​ជា​រូបតំណាងប្រឌិត​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​ AI អំពី​អ្នក​យក​ព័ត៌មាន​វិអូអេ​លោក ​Craig McCulloch យក​ព័ត៌មាន​នៅ​សន្និសីទ TED។ លោក Craig ពិត​ប្រាកដ​មាន​សក់​តិច​ជាង​នេះ ប៉ុន្តែលោក​មាន​សម្លៀកបំពាក់​ទាន់​សម័យ។

លោក Graham ​ថា ការ​និយាយ​ជាមួយ​នឹង​រូប​តំណាងរបស់​ខ្លួន​ដែលមាន​វ័យ​ក្មេង​ជាង​បច្ចុប្បន្ន ឬ​ជាមួយរូប​តំណាង​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ មាន​ផលប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ការ​ព្យាបាល​ផ្លូវ​សតិ​អារម្មណ៍។ លោក Graham ​បាន​បន្ថែម​ថា បច្ចេកវិទ្យា​នេះ​នឹង​អនុញ្ញាត​ឱ្យ​តារាសម្តែង​អាច​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ ដោយ​មិន​ចាំបាច់​បង្ហាញ​ខ្លួន​មក​ថត ឬផ្សាយ​ពាណិជ្ជកម្ម​ដោយ​ប្រើ​រូប​តំណាងបង្កើត​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត AI។

លោក​ថ្លែង​ថា៖ «គំនិត​នៃ​ការ​អាច​បង្កើត​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​មិន​ចាំបាច់​មាន​តួសម្តែង​ចូលរួម​ដោយ​ផ្ទាល់​ គឺ​ជាអ្វី​ដ៏​អស្ចារ្យ​មួយ។ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​អាច​ទទួល​បាន​មាតិកា​ច្រើន​ជាង​មុន។ តួអង្គ​នៅ​ក្នុង​ការ​ថត​ពាណិជ្ជកម្ម​មិន​ចាំបាច់​ត្រូវ​បង្ហាញ​ខ្លួន បើ​ពួកគេ​មិន​ចង់​បង្ហាញ​ខ្លួន។ ហើយ​គ្រប់​គ្នា​ទទួល​បានការ​បង់​ប្រាក់​កម្រៃ​ដូច​ធម្មតា»។

លោក Sal Khan ស្ថាបនិក​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ Khan Academy ដែលផ្តល់មាតិកា​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ ចាត់​ទុក​ថា បញ្ញា​សិប្បនិម្មិត AI មាន​ផលប្រយោជន៍​សម្រាប់​វិស័យ​អប់រំ ក៏ដូចជា ការ​បង្រៀន​មួយ​ទល់​មួយ​រវាង​សិស្ស និង​ AI។

អង្គការ​របស់​លោក​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ដើម្បី​ផ្តល់​បន្ថែម​ពី​លើ​មាតិកា​បង្រៀន​ដែល​មាន​ពី​មុន​មក​ និង​ធ្វើ​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ច្រើន​ជាង​មុន​សម្រាប់​សិស្ស។

លោក​ថ្លែង​ថា៖ «ឥឡូវ​នេះ ពួកគេ​អាច​និយាយ​ជាមួយ​តួអង្គ​ក្នុង​ស្នាដៃ​និពន្ធ​នានា។ ពួកគេ​អាច​និយាយ​ទៅ​កាន់តួអង្គសត្វ​ឆ្មា​ ដែល​ត្រូវ​បាន​ប្រឌិត​ឡើង។ ពួកគេ​អាច​និយាយ​ជាមួយ​បុគ្គល​ប្រវត្តិសាស្ត ហើយ​អាច​និយាយ​ជាមួយ​នឹង​វត្ថុ​គ្មានជីវិត​ ដូច​ជាទន្លេ​ Mississippi ឬ​អគារ Empire State ឬ​ភ្នំ​ Everest ជា​ដើម។ ទាំងអស់​នេះ​គឺ​អាច​ទៅ​រួច»។

សម្រាប់​លោក Chris Anderson ដែល​ទទួល​បន្ទុក​លើ​សន្និសីទ​ TED បញ្ញា​សិប្បនិម្មិត AI គឺ​ជា ប្រធាន​បទ​សន្ទនាសំខាន់​ជាង​គេ​បង្អស់​នា​ពេល​ឥឡូវ​នេះ។ លោក​និយាយ​ថា តួនាទី​របស់​ស្ថាប័ន​ TED ​នា​ឆ្នាំ​នេះ ​គឺ​នាំ​យក​ជ្រុង​ផ្សេងៗ​នៃ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ឆាប់​រហ័ស​នេះ​មក​រួមគ្នា។

លោក​ថ្លែង​ថា៖ «ការ​សន្ទនា​មិនមែន​គ្រាន់​តែ​រវាង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ រវាងអ្នក​នយោបាយ ឬ​រវាង​អ្នក​ជំនាញ​ច្នៃ​ប្រតិដ្ឋ​ប៉ុណ្ណោះ​ទេ។ វា​មាន​ឥទ្ធិពល​លើ​អនាគត​របស់​មនុស្ស​ទាំងអស់​គ្នា។ ដូច្នេះ យើង​ត្រូវ​នាំ​យក​មនុស្ស​គ្រប់​ជំពូកមក​រួម​គ្នា»។

ហើយ​ខណៈ​បញ្ញា​សិប្បនិម្មិត AI ​មាន​សក្តានុពល​ច្រើន ក៏​មាន​ការ​ព្រមានកាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ការ​ការពារ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​មិន​សមស្រប​នៃ​បច្ចេកវិទ្យា​នេះ។


​អ្នក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ អ្នកស្រី Yejin Choi ប្រចាំ​សាកលវិទ្យាល័យ​ Washington និយាយ​ថា គោលនយោបាយ​និង​និយ័តកម្ម​កំពុង​មាន​ភាព​យឺតយ៉ាវ ពីព្រោះ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​លឿន​ខ្លាំង។

អ្នកស្រី​ថ្លែង​ថា៖ «បន្ទាប់​មក​គឺ​ មាន​សំណួរ​ពាក់ព័ន្ធ​នឹងថា​តើ​មាន​គោលការណ៍​និយ័តកម្មរបស់​អ្នកណា ​ដែល​យើងនឹង​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​បរិបទ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត AI ។ មាន​សំណួរបែប​នេះ​ជា​ច្រើន​នា​ពេល​នេះ។ ល្អ​បំផុត​គឺ​យើង​គួរ​តែ​អាច​បង្កើត​គោលការណ៍និយ័តកម្ម​ផ្សេងៗ​ សម្រាប់​សង្គម​វប្បធម៌ ឬ​ករណី​ប្រើប្រាស់​ផ្សេងៗ​គ្នា»។

វាគ្មិន​នៅ​សន្និសីទ​ TED ម្នាក់ទៀត​ លោក Eliezer Yudkowsky បានសិក្សា​ពី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត AI ក្នុង​រយៈពេល​ ២០​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​នាពេល​បច្ចុប្បន្ន លោក​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Machine Intelligence។

លោក​មិន​សូវ​មាន​សុទិដ្ឋិនិយម​ចំពោះ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត AI​ ឬ​ប្រព័ន្ធ​ការពារ​ណាមួយ​លើ​បច្ចេកវិទ្យា​នេះ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «នៅ​ទី​បំផុត​ នេះ​នឹង​ឈាន​ដល់​ចំណុច​មួយ​ដែល​មានអ្វីមូយវ័យ​ឆ្លាត​ជាង​ពួកយើង។ ខ្ញុំ​គិត​ថា នា​ពេល​បច្ចុប្បន្ន​យើង​កំពុងឆ្ពោះ​ទៅ​លែងអាច​គ្រប់គ្រង​បច្ចេកវិទ្យានេះ​បាន​ទៅហើយ។ ខ្ញុំ​គិត​ថា នៅ​ទីបំផុត​ យើងទាំងអស់​គ្នា​នឹង​ស្លាប់​ដោយសារ​បច្ចេកវិទ្យានេះ»។

បើ​ទោះ​ជា​ត្រៀម​លក្ខណៈ​រួច​រាល់ ឬ​មិន​រួច​រាល់​ក៏​ដោយ សង្គម​នានា​កំពុង​ប្រឈម​មុខ​នឹង​តម្រូវ​ការ​ក្នុង​ការ​សម្រប​ទៅ​នឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត AI៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG