កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី៦ ខែឧសភាកន្លងទៅថា ក្រុមហ៊ុន Google កំពុងត្រៀមបង្កើនសមត្ថភាពសេវាកម្ម Google Search របស់ខ្លួនឱ្យកាន់តែ «មានរូបភាពច្រើនជាងមុន ងាយស្រួលមើលជាមុន មានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងមានបទពិសោធន៍ដូចនិយាយជាមួយមនុស្សជាងមុន» ដោយផ្តោតលើការបំពេញតម្រូវរបស់មនុស្សវ័យក្មេងនៅទូទាំងសាកលលោក។
ការត្រៀមខ្លួននេះធ្វើឡើងនៅពេលដែលកម្មវិធីបញ្ញាសិប្បនិម្មិត AI ដូចជា ChatGPT ទទួលបានប្រជាប្រិយភាពយ៉ាងលឿនដែលបង្ហាញឱ្យឃើញពីបច្ចេកវិទ្យាមួយដែលអាចផ្លាស់ប្តូររបៀបធ្វើជំនួញ និងដំណើរការក្នុងសង្គម។
របាយការណ៍នេះបានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនឹងពង្រីកសេវា Search របស់ខ្លួនដោយបន្ថយ «តំណភ្ជាប់ពណ៌ខៀវ ១០ចំណុច» ដែលជាការបង្ហាញលទ្ធផល Search បច្ចុប្បន្ន និងគ្រោងដាក់បញ្ចូលសំឡេងមនុស្សឱ្យកាន់តែច្រើន ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរ។
ដោយដកស្រង់សម្តីរបស់អ្នកស្និទ្ធនឹងបញ្ហានេះ កាសែត WSJ បានបន្ថែមថា នៅក្នុងសន្និសីទអ្នកអភិវឌ្ឍបច្ចេកៈវិទ្យា I/O នៅពេលខាងមុខ ក្រុមហ៊ុន Google ត្រូវបានគេរំពឹងថា នឹងបង្ហាញសេវាកម្មពិសេសថ្មីៗដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសន្ទនាជាមួយនឹងកម្មវិធី AI បាន ហើយគម្រោងនេះមានឈ្មោះជាភាសាកូដថា «Magi»។
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលអាចបង្កើតស្នាដៃនិពន្ធ ឬ Generative AI មានភាពពេញនិយមនៅក្នុងឆ្នាំនេះ ដោយមានកម្មវិធីដែលទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន និងបញ្ឆេះឱ្យមានភាពប្រញាប់ប្រញាល់ដល់ក្រុមហ៊ុននានាឱ្យបញ្ចេញផលិតផលប្រហាក់ប្រហែលដែលពួកគេជឿថា នឹងផ្លាស់ប្តូររបៀបធ្វើការងារ។
ក្រុមហ៊ុនGoogle ដែលជាផ្នែកមួយនៃក្រុមហ៊ុនAlphabet Inc. មិនបានឆ្លើយតបភ្លាមៗដល់ការស្នើសុំការបកស្រាយពីទីភ្នាក់ងារព័ត៌មាន Reuters នោះទេ៕