កាកបាទ​ក្រហម៖ ការ​ប្រើ​សញ្ញា​សម្គាល់​ខុស​ធ្វើ​ឲ្យ​អន្តរាយ​ដល់​បេសកម្ម​នៅ​តំបន់​ជម្លោះ​នៅ​កាមេរូន

ក្រុម​មន្រ្តី​របស់​កាកបាទ​ក្រហម​សែង​សាកសព​នៅ​កន្លែង​ផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ក្រុង Maiduguri ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥។

អង្គការ​កាកបាទ​ក្រហម​និយាយថា​ សញ្ញា​សម្គាល់​អង្គការ​របស់​ខ្លួន​កំពុង​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ផ្លូវ​ខុស​នៅ​ក្នុង​តំបន់​កើត​ជម្លោះ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កាមេរូន​ ជា​កន្លែង​ដែល​ក្រុម​សកម្មប្រយុទ្ធ​ Boko Haram នៃ​ប្រទេស​នីហ្សេរីយ៉ា​បាន​គ្រប់គ្រង​ ក៏​ដូចជា​ត្រូវ​បាន​គេ​ប្រើប្រាស់នៅ​ព្រំដែន​ដែល​មាន​ជម្លោះ​ស្ថិត​នៅ​ភាគ​ខាង​កើត​ជាប់​នឹង​ប្រទេស​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។​

និមិត្ត​សញ្ញា​សម្គាល់​របស់​កាកបាទក្រហម​មាន​លក្ខណៈ​ពិសេស​មួយ។​ វា​មាន​សញ្ញា​ខ្វែង​ពណ៌​ក្រហម​ដែល​រំលេច​ដោយ​ផ្ទៃ​ពណ៌​ស​ ហើយ​វា​ជា​ស្លាក​សញ្ញា​ដើម​ ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និបាត​ទីក្រុង​ហ្សឺណេវ​ នៅ​ឆ្នាំ​១៨៦៤​ ដើម្បី​ការពារ​បុគ្គល​ និង​វត្ថុ​ផ្សេងៗ​ដែល​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ភូមិភាគ​មាន​ជម្លោះ​ប្រដាប់​អាវុធ។​ ចាប់​តាំង​ពី​ពេល​នោះមក​ សញ្ញា​នេះ​បាន​ក្លាយជា​និមិត្ត​សញ្ញា​មួយ​ក្នុង​ចំណោម​និមិត្តសញ្ញា​មួយ​ចំនួន​ទៀត​របស់​ប្រទេស​ជាតិ​ដែល​មាន​ចលនាកាកក្រហម​ និង​អឌ្ឍចន្ទ​ក្រហម។

ប៉ុន្តែ​ លោក​ Nicolas Mbako ដែល​ជា​នាយក​ផ្នែក​ប្រតិបត្តិការ​អភិវឌ្ឍន៍​នៃ​អង្គការ​កាកបាទ​ក្រហម​កាមេរូន​បាន​ឲ្យ​ដឹង​ថា​ មាន​ភ្នាក់ងារ​មនុស្សធម៌​មួយចំនួន​ដែល​កំពុង​ដំណើរការនៅ​តំបន់​ជម្លោះ​ជាមួយ​ពួក​ Boko Haram ​នៅ​ភាគ​ខាង​ជើង​ប្រទេស​កាមេរូន​ និង​ព្រំដែន​ភូមិភាគ​ខាង​កើត​កំពុងតែ​ប្រើ​សញ្ញា​នេះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អង្គការ​កាកបាទ​ក្រហម។

លោក​និយាយ​ថា​ នៅ​ក្នុង​ការ​ប្រើ​ខុស​ទាំង​នោះរួម​មាន​ការ​ក្លែងបន្លំ​ ការ​ប្រើប្រាស់​ដើម្បី​បង្ខិតបង្ខំ​ និង​អំពើ​ទុច្ចរិត​ដែលប្រើប្រាស់​និមិត្តសញ្ញា​មួយ​នៅ​ពេល​សង្រ្គាម​ដើម្បី​បំភាន់​សត្រូវ។​ លោក​បន្ត​ថា​ គ្រោះថ្នាក់​ដែល​កើត​ឡើង​ពី​ការ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​ទាំង​នោះ​ គឺ​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​តម្លៃ​ក្នុង​ការ​ការពារ​ដែល​និមិត្តសញ្ញា​នេះ​មាន​ ហើយ​នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​ជំនួយ​មនុស្សធម៌​ទាំងអស់។

យោង​តាម​ប្បញ្ញត្តិ​ច្បាប់​គ្រប់គ្រងអង្គការ​កាកបាទ​ក្រហម​ សញ្ញា​កាកបាទ​នេះ​ត្រូវ​ប្រើប្រាស់​ក្នុង​ន័យ​ដើម្បី​បង្ហាញ​ថា​ មនុស្ស​ឬ​វត្ថុ​ទាំង​ឡាយ​មាន​ជាប់​ទាក់ទង​នឹង​អង្គការ​អន្តរជាតិ​នេះ។​ ចំពោះបុគ្គល​ និង​សកម្មភាព​ទាំងឡាយ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គការ​នេះ​ ប្បញ្ញត្តិ​នេះ​តម្រូវ​ឲ្យ​មាន​ការ​កំណត់​ដោយឡែក​មួយ​ដែល​អនុញ្ញាត​ដោយ​កាកបាទ​ក្រហម​ ដើម្បី​បញ្ជាក់​ថា​ មនុស្ស​ឬ​វត្ថុ​ទាំង​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​កាកបាទក្រហម​ទេ។

ប្រទេស​កាមេរូន​បាន​ឲ្យ​ដឹង​ថា​ ព្រំដែន​ខាងកើត​របស់​ខ្លួន​មាន​អ្នក​ជន​ភៀសខ្លួន​មក​ពី​អាហ្វ្រិក​កណ្តាល​រស់​នៅ​ប្រហែល​២០០.០០០​នាក់​ ហើយនៅ​ភាគ​ខាង​ជើង​ប្រទេស​កាមេរូន​មាន​ប្រជាជន​ប្រមាណ​៨០.០០០​នាក់​ ដែល​រត់​ចេញ​ពី​ក្រុម​ Boko Haram និង​មាន​អ្នក​ផ្លាស់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​នេះ​ចំនួន​១០០.០០០នាក់។​ ភ្នាក់ងារ​ជួយ​សង្រ្គោះ​ និង​ក្រុម​មនុស្សធម៌​បាន​ពង្រាយ​សមាជិក​របស់​ខ្លួននៅ​តំបន់​ទាំង​នោះ​ដើម្បី​ជួយ​សង្គ្រោះ។

លោក​ Emmerencia Moussa ​ភ្នាក់ងារ​នៃ​អង្គការ​ Cameroon Self Reliance​ ដែល​ជា​ភ្នាក់ងារ​សង្រ្គោះ​មួយជួយ​ជន​ភៀសខ្លួន​ទាំង​នោះ​ បាន​ឲ្យ​ដឹង​ថា​ ពួកគេ​បាន​បង្ហាញ​ខ្លួន​ថា ​ជា​អ្នក​ស្ម័គ្រចិត្ត​អង្គការ​កាកបាទ​ក្រហម​ ដើម្បី​ចៀសវាង​ការ​វាយ​ប្រហារ​ដែល​អាច​កើត​មាន​ពី​ពួក​សកម្ម​ប្រយុទ្ធ​ ឬ​ទាហាន​កាមេរូន​ដែល​អាច​ច្រឡំ​ថា​ ពួកគេ​ជា​អ្នក​វាយប្រហារ។

«គ្មាន​អ្នកណា​ធ្លាប់​បាន​ប្រាប់​យើង​មិន​ឲ្យ​ប្រើ​សញ្ញា​កាកបាទ​ក្រហម​នោះ​ទេ​ ហើយ​នៅពេល​ដែល​យើង​ប្រើ​វា​ ក៏​គ្មាន​អ្នកណា​រំខាន​យើង​ដែរ។​ យើង​ដាក់​សញ្ញា​កាកបាទ​ក្រហម​នៅ​លើ​រថយន្ត​របស់​យើង​ យើង​ដាក់​នៅ​ក្នុង​ការិយាល័យ​របស់​យើង​ ហើយ​ក៏​គ្មាន​អ្នកណា​រំខាន​យើងដែរ»។​

នាង​ Mireille Titi នៃ​អង្គការ​កាកបាទ​ក្រហម​កាមេរូន​ និយាយ​ថា​ ការ​ប្រើ​ប្រាស់​សញ្ញា​កាកបាទ​ក្រហម​ខុស​ច្បាប់​ អាច​នាំឲ្យ​កើត​មាន​ការ​មិន​ជឿជាក់​លើ​ស្លាក​សញ្ញា​នោះ។

នាង​បន្ថែម​ថា ​ប្រសិនបើ​ការ​ប្រើ​ដោយ​បំពាន​នៅតែ​បន្ត នោះ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​របស់​ភ្នាក់ងារ​ទាំង​នេះ​ អាច​នឹង​ក្លាយ​ជា​គោលដៅ​របស់​ពួក​ឧទ្ទាម​ ក្រុម​សកម្ម​ប្រយុទ្ធ​ និង​សូម្បី​តែ​កងទ័ព​សាមញ្ញ​នៅ​ក្នុង​តំបន់​ជម្លោះ​នោះ​ នៅ​ពេល​ពួកគេ​បាត់បង់​ភាព​ជឿជាក់​ និង​ទំនុកចិត្ត​ចំពោះ​ស្លាកសញ្ញា​ទាំងនោះ៕

ប្រែ​សម្រួល​ដោយ សើ សាយ្យាណា