ពួកឧទ្ទាមនៅក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរី បានប្រយុទ្ធគ្នានៅក្រោយពួកឧទ្ទាមមួយក្រុមក្នុងបណ្តាពួកឧទ្ទាមធំៗបានត្រូវចោទប្រកាន់ថាមានចំណងទាក់ទងជាមួយពួករដ្ឋឥស្លាម។
ការប្រយុទ្ធគ្នាដែលមានច្រើនថ្ងៃមកហើយនៅក្នុងខេត្ត Idlib អាចធ្វើឱ្យខ្សោយដល់ការកាន់កាប់របស់ពួកឧទ្ទាមនៅក្នុងតំបន់នោះនៅពេលមានកំណើនការវាយប្រហារតាមអាកាសដោយកងយន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរី និងរុស្ស៊ី ដើម្បីបណ្តេញពួកគេ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Syrian Observatory for Human Rights ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេសបានរាយការណ៍ថា កាលពីពេលថ្មីៗនេះពួកឧទ្ទាមបានបញ្ឈប់កងកម្លាំងប្រយុទ្ធរបស់រដ្ឋាភិបាលដោយភាគច្រើនហើយបានបាត់បង់ដែនដីប្រមាណ៣០ភាគរយទៅកងកម្លាំងគាំទ្រដោយរដ្ឋាភិបាល។
លោក Rami Abdulraham ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ បាននិយាយថា «ក្រុមទាហានរដ្ឋាភិបាលស៊ីរីជាអ្នកឈ្នះនៅក្នុងការប្រយុទ្ធគ្នានេះ។ នៅខណៈដែលមានការបន្តប្រយុទ្ធគ្នារវាងពួកឧទ្ទាម កងកម្លាំងរបបគ្រប់គ្រងស៊ីរីបានជម្រុលទៅមុខច្រើននៅក្នុងខេត្ត Idlib ហើយបានបញ្ឈប់ការវាយលុកមួយរបស់ពួកឧទ្ទាមនៅក្នុងខេត្ត Hama ដែលនៅជិតទីនោះ»។
នៅពេលដែលសង្គ្រាមស៊ីរីដែលបានចាប់ផ្តើមមានកាលពីឆ្នាំ២០១២មានភាពសាំញ៉ាំជាងមុន កងកម្លាំងឧទ្ទាមជិត១២ក្រុម ដែលបានបង្កើតចលនាមួយប្រឆាំងនឹងប្រធានាធិបតីស៊ីរី Bashar al-Assad បានបែកបាក់គ្នាជាក្រុមតូចៗ។
ពួក Ahrar al-Sham ដែលជាកងកម្លាំងជ្រុលនិយមមួយក្នុងមូលដ្ឋាននិងពួក Jund al-Aqsa ដែលជាពួកឥស្លាមនិយមមួយទៀតជាសម្ព័ន្ធមិត្តនឹងគ្នានៅមុនមានការប្រយុទ្ធគ្នានៅ Idlib កាលពីខែមុន។ របាយការណ៍ក្នុងមូលដ្ឋានបានឲ្យដឹងថាមានយុទ្ធជនជិត១០០នាក់បានស្លាប់ក្នុងភាគីទាំងពីរនៅក្នុងការប្រយុទ្ធគ្នាកាលពីពេលថ្មីៗនេះ៕