ពួកអ្នកការទូតជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងតំបន់មជ្ឈឹមបូព៌ា នឹងព្យាយាមជួយស្រោចស្រង់កិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលទទួលបរាជ័យសម្រាប់ប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ ដោយការចរចាធ្វើនៅក្នុងទីក្រុង Lausane នៃប្រទេសស្វីសបន្ទាប់ពីជំនួបដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស។
កិច្ចខំប្រឹងប្រែងដែលបន្តធ្វើឡើង កើតមានឡើងមិនដល់២សប្តាហ៍ផងបន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការចរចាទ្វេភាគីជាមួយប្រទេសរុស្ស៊ីហើយភាគីទាំង២ បានផ្លាស់ប្តូរការចោទប្រកាន់គ្នាទៅវិញទៅមក។ ក្រុមមន្រ្តីរុស្ស៊ី និយាយថា ពួកគេ សង្ឃឹមថា នឹងមានលទ្ធផលវិជ្ជមាន។
ក៏ប៉ុន្តែ នៅពេលដែលប្រយុទ្ធ បានបន្តនៅក្នុងទីក្រុង Aleppo ដែលត្រូវបានឡោមព័ទ្ធពួកអ្នកវិភាគ មានការសង្ស័យពីការស្ថិតស្ថេរនៃការឈប់បាញ់គ្នានេះ។
លោក Alexander Golts បណ្ណាធិការរងនៃព្រឹត្តិបត្រ Yezhenedelny Zhurnal បាននិយាយថា «រុស្ស៊ី កំពុងពង្រីកការវាយប្រហាររបស់ខ្លួនដើម្បីគាំទ្រកងទ័ពដ៏អស់កម្លាំងរបស់លោក Assad នៅក្នុងការប៉ុនប៉ងចុងក្រោយដើម្បីដណ្តើមទីក្រុង Aleppo មកវិញ។ ឥឡូវនេះ ការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅរបស់រុស្ស៊ី មិនមែនប្រយុទ្ធពួកភេរវជនមកពីក្រុមរដ្ឋឥស្លាម ឬក្រុម Jabhat al-Nusra ទេ។ គោលដៅរបស់រុស្ស៊ីគឺគាំទ្រលោក Assad ដើម្បីជួយស្រោចស្រង់លោក Assad។ ហើយ នេះជាចំណុចនៃភាពផ្ទុយគ្នាស្រឡះរវាងប្រទេសលោកខាងលិច និងប្រទេសរុស្ស៊ី។
មនុស្សជាច្រើន ជឿជាក់ថា រុស្ស៊ីចង់ជួយប្រធានាធិបតីស៊ីរី លោកAssadដណ្តើមយកទីក្រុង Aleppo មកវិញជាមុនសិន។ ការធ្វើដូច្នេះ ពួកគេអាចមានគោលជំហរចរចាខ្លាំងជាងមុន។
ខណៈដែលការឈប់បាញ់គ្នា នឹងត្រូវបានទទួលការស្វាគមន៍ ពួកអ្នកវិភាគ និយាយថា ការព្រួយកង្វល់កាន់តែខ្លាំងឡើង គឺការរារាំងសង្គ្រាមនេះកុំឲ្យរីកកាន់តែធំឡើងនៅក្នុងប្រទេសស៊ីរី។
លោក Golts បាននិយាយបន្តទៀតថា «កាលពី៣សប្តាហ៍មុន យើងបានពិភាក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក។ ឥឡូវនេះ លទ្ធភាពទាំងអស់នេះ បានរលាយបាត់អស់ហើយ»៕