ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌឺមៀ ពូទីន (Vladimir Putin) បានផ្តល់កាដូជូនមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នូវរថយន្តផលិតនៅរុស្ស៊ីមួយគ្រឿង សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន នៅក្នុងការបង្ហាញពីទំនាក់ទំនងពិសេសរវាងមេដឹកនាំទាំងពីររូប។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធឃោសនារដ្ឋកូរ៉េខាងជើង កាលពីថ្ងៃទី ២០ ខែកុម្ភៈកន្លងទៅ ហើយដែលត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធឃោសនារដ្ឋកូរ៉េខាងជើង មិនបានបញ្ជាក់ទេថា តើរថយន្តកាដូនោះ ជារថយន្តប្រភេទណា ឬត្រូវបានដឹកជញ្ជូនមកតាមរបៀបណានោះទេ។ ប៉ុន្តែអ្នកសង្កេតការណ៍និយាយថា ទង្វើនេះអាចជាការបំពានលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលដាក់បម្រាមលើការផ្គត់ផ្គង់ទំនិញប្រណីតទៅឱ្យកូរ៉េខាងជើង នៅក្នុងកិច្ចប្រឹងប្រែងដើម្បីដាក់សម្ពាធឱ្យប្រទេសនេះបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានលើកឡើងថា ប្អូនស្រីរបស់លោក Kim Jong Un គឺអ្នកស្រី Kim Yo Jong និងមន្រ្តីកូរ៉េខាងជើងមួយរូបទៀតបានទទួលកាដូរថយន្តនោះកាលពីថ្ងៃទី ១៨ ខែកុម្ភៈ និងថា អ្នកស្រីបានពាំនាំសារថ្លែងអំណរគុណបន្តពីបងប្រុសរបស់អ្នកស្រីទៅកាន់លោកពូទីនផងដែរ។ របាយការណ៍ព័ត៌មាននេះបន្តទៀតថា អ្នកស្រី Kim Yo Jong បាននិយាយថា កាដូនេះជាការសបញ្ជាក់ពីទំនាក់ទំនងបុគ្គលដ៏ពិសេសរវាងមេដឹកនាំទាំងពីររូប។
កូរ៉េខាងជើងនិងរុស្ស៊ីបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងចាប់តាំងពីលោក គីម បានធ្វើដំណើរទៅរុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន សម្រាប់កិច្ចប្រជុំកំពូលមួយជាមួយលោកពូទីន។ អំឡុងពេលនៃការធ្វើដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ស្ថានីយបង្ហោះយានអវកាសរបស់រុស្ស៊ីនោះ លោក ពូទីន បានបង្ហាញមេដឹកនាំកូរ៉េខាងជើងនូវរថយន្តប្រភេទ Limousine ម៉ាក Aurus Senat របស់លោក ហើយលោកគីមបានអង្គុយនៅកៅអីខាងក្រោយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បានឱ្យដឹងថា រថយន្តម៉ាក Aurus Senat គឺជាប្រភេទរថយន្តដ៏ប្រណីតដំបូងរបស់រុស្ស៊ី ហើយត្រូវបានប្រើប្រាស់នៅក្នុងក្បួនរថយន្តរបស់មន្រ្តីជាន់ខ្ពស់ រួមទាំងក្បួនរថយន្តរបស់លោក ពូទីន ផងដែរ ចាប់ពីពេលលោកបានប្រើប្រាស់រថយន្តប្រភេទនេះដំបូងមក ក្នុងអំឡុងពេលពិធីស្បថចូលកាន់ដំណែងកាលពីឆ្នាំ ២០១៨។
លោកគីម ជុងអ៊ុន វ័យ ៤០ ឆ្នាំ ត្រូវគេដឹងថា មានរថយន្តប្រណីតៗផលិតនៅបរទេសមួយចំនួន ដែលគេជឿថា ត្រូវបានលួចនាំចូលមកកូរ៉េខាងជើង ដោយបំពានលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។
អំឡុងពេលទស្សនកិច្ចទៅកាន់រុស្ស៊ី លោកបានធ្វើដំណើរពីកន្លែងប្រជុំមួយទៅកាន់កន្លែងប្រជុំមួយទៀតនៅក្នុងរថយន្ត Limousine ប្រភេទ Maybach ដែលលោកបាននាំយកមកដោយផ្ទាល់ខ្លួនតាមរថភ្លើងពិសេស។
អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំ ២០១៩ លោកគីមមានរថយន្ត Limousine ពីររង់ចាំរូបលោកនៅស្ថានីយ Vladivostok ដែលមួយជាម៉ាក Mercedes Maybach S600 Pullman Guard និងមួយទៀតជាម៉ាក Mercedes Maybach S62។ លោកក៏ត្រូវបានរាយការណ៍ថា បានប្រើប្រាស់រថយន្តប្រភេទ S600 Pullman Guard ពេលធ្វើដំណើរអំឡុងពេលកិច្ចប្រជុំកំពូលទាំងពីរលើកជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅសិង្ហបុរីកាលពីឆ្នាំ ២០១៨ និងនៅវៀតណាមកាលពីឆ្នាំ ២០១៩ ផងដែរ។
កាលពីឆ្នាំ ២០១៨ លោកគីមបានប្រើប្រាស់រថយន្ត Limousine ម៉ាក Mercedes ពណ៌ខ្មៅ ដើម្បីវិលត្រឡប់ទៅកូរ៉េខាងជើងវិញ បន្ទាប់ពីជំនួបជាមួយអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅភូមិមួយដែលស្ថិតនៅព្រំប្រទល់រួមរវាងកូរ៉េទាំងពីរ។
ការដែលលោកគីមមានរថយន្តពិសេសទំនើបថ្លៃៗពីបរទេសជាច្រើនគ្រឿងនេះ បង្ហាញពីចន្លោះប្រហោងនៃទណ្ឌកម្មអន្តរជាតិមកលើកូរ៉េខាងជើង។ រុស្ស៊ីបានបោះឆ្នោតគាំទ្រលើការដាក់បម្រាមការផ្គត់ផ្គង់ទំនិញប្រណីតៗទៅឱ្យកាន់កូរ៉េខាងជើង បើទោះបីក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍ រុស្ស៊ីអាចបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចចិត្តនេះក៏ដោយ។
ទំនាក់ទំនងកាន់តែជិតដិតរវាងកូរ៉េខាងជើងនិងរុស្ស៊ីបានកើតឡើង ស្របពេលប្រទេសទាំងពីរបានកំពុងជាប់ក្នុងការប្រឈមដាច់ដោយឡែកពីគ្នាជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដោយក្នុងនោះកូរ៉េខាងជើងប្រឈមនឹងការជំរុញទៅមុខនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរុស្ស៊ីប្រឈមនឹងការធ្វើសង្រ្គាមអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងដៃគូផ្សេងៗទៀត បានចោទប្រកាន់កូរ៉េខាងជើងពីការបញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ីចំពោះសង្រ្គាមនៅអ៊ុយក្រែន ជាការដោះដូរនឹងបច្ចេកវិទ្យាអាវុធទំនើបៗនិងជំនួយដទៃទៀតពីរុស្ស៊ី ។
បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានវិលត្រឡប់មកមាតុភូមិវិញ ក្រោយដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីកាលពីខែមករាកន្លងទៅនេះ បណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា លោក ពូទីន បានបង្ហាញឆន្ទៈក្នុងការធ្វើទស្សនកិច្ចមកកាន់កូរ៉េខាងជើងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា