ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀ ពូទី (Vladimir Putin) មានប្រសាសន៍ថា ការស្លាប់និងរបួសនៃជនស៊ីវិលនៅក្នុងប្រទេសស៊ីរី គឺជាកំហុសរបស់«ក្រុមបះបោរ និងបរទេសដែលគាំទ្រពួកគេ» គឺមិនមែនជាកំហុសរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ទេ។
នៅក្នុងបទសម្ភាសន៍មួយដែលផ្សព្វផ្សាយនៅថ្ងៃអង្គារនេះដោយកាសែតBild របស់អាល្លឺម៉ង់ លោកពូទីនមានប្រសាសន៍ថា លោក Assad គ្រាន់តែប្រយុទ្ធជាមួយជនទាំងឡាយណាដែលចាប់កាន់អាវុធប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោកពូទីន បន្ថែមថា ខណៈដែលលោកAssad «បានប្រព្រឹត្តិកំហុសជាច្រើន» ក្នុងគ្រាមានសង្គ្រាមដែលអូសបន្លាយពេលជិត៥ឆ្នាំនៅប្រទេសស៊ីរីនោះ លោក Assad មិនមែនជាអ្នកទទួលខុសត្រូវចំពោះវិសាលភាពនៃអំពើហិង្សានោះទេ។
លោក ពូទីន បានថ្លែងប្រាប់កាសែត Bild របស់អាល្លឺម៉ង់នោះថា «ជម្លោះនឹងមិនរីកធំដូចពេលនេះទេ បើសិនជាពុំមានការបញ្ឆេះដោយសមាសធាតុនៅខាងក្រៅប្រទេសស៊ីរី ដែលបានផ្តល់អាវុធ ប្រាក់និងកងកម្លាំងប្រយុទ្ធនោះ»។ លោក ពូទីន បានបន្ថែម ដោយសួរជាសំណួរថា៖ «តើនរណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ? តើជារដ្ឋាភិបាលរបស់លោក Assad ដែលកំពុងព្យាយាមបង្រួបបង្រួមប្រទេសនោះឬ? ឬក៏ជាក្រុមបះបោរដែលចង់ពុះច្រៀកប្រទេសស៊ីរីជាកង់ៗ ហើយប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលនេះទៅវិញ?»
ប្រទេសរុស្ស៊ី គឺជាសម្ព័ន្ធមិត្តមួយរបស់ប្រទេសស៊ីរី។ កាលពីចុងខែកញ្ញាកន្លងទៅ ប្រទេសរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរី។ ប្រទេសលោកខាងលិចបានរិះគន់ថា ការវាយប្រហារនោះសំដៅទៅរកក្រុមបះបោរ មិនមែនសំដៅទៅរកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមទេ។
លោកពូទីន មានប្រសាសន៍ថា យន្តហោះចម្បាំងរបស់រុស្ស៊ី មិនបានទម្លាក់គ្រាប់បែកលើគោលដៅស៊ីវិលនោះទេ។ លោកថ្លែងថា រុស្ស៊ីមានភស្តុតាងដែលអាចបញ្ជាក់ថា អ្នករិះគន់ប្រទេសរុស្ស៊ី ខុស។
នៅពេលដែលអង្គការសហប្រជាជាតិកំពុងជំរុញឲ្យភាគីពាក់ព័ន្ធនឹងប្រទេសស៊ីរីឲ្យវិលទៅរកការចរចាសន្តិភាពមួយលើកទៀតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅចុងខែនេះ លោកពូទីន មានប្រសាសន៍ថា លោកមិនចង់ឃើញប្រទេសស៊ីរី ក្លាយទៅជាប្រទេសដូចអ៊ីរ៉ាក់ ឬលីប៊ីនោះទេ៕