ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​យោធា​អាមេរិក៖ មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​មាន​ទាក់​ទង​នឹង​ការវាយ​ប្រហារ​នៅ​ប៉ារីស​ត្រូវ​បាន​សម្លាប់​នៅ​ស៊ីរី​


រូបឯកសារ៖ Charaffe al Mouadan មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​មាន​ទាក់​ទង​ផ្ទាល់​នឹង​ការវាយ​ប្រហារ​នៅ​ប៉ារីស ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​ដោយ​អាកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី​ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​មន្ទីរ​បច្ចកោណ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។​
រូបឯកសារ៖ Charaffe al Mouadan មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​មាន​ទាក់​ទង​ផ្ទាល់​នឹង​ការវាយ​ប្រហារ​នៅ​ប៉ារីស ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​ដោយ​អាកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី​ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​មន្ទីរ​បច្ចកោណ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។​

កងយោធា​ស.រ.អា​.បាន​និយាយ​ថា​ មេដឹកនាំ​ម្នាក់​នៃ​ក្រុម​រដ្ឋ​ឥស្លាម​មា​ន​ចំណង​ទាក់ទង​ផ្ទាល់​នឹង​ជន​ម្នាក់​ដែល​បានត្រូវ​ចោទ​ប្រកាន់​ថា​ជា​មេខ្លោង​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ខែ​មុ​ន​នៅ​ក្នុង​ក្រុង​ប៉ារីស​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក​វរសនីយ៍ឯក Steve Warren អ្នកនាំ​ពាក្យ​នៃ​ក្រុម​ចម្រុះ​បាន​និយាយ​នៅ​ក្នុង​សនិ្នសីទ​កាសែត​ខ្លី​មួយកាល​ពី​ថ្ងៃ​អង្គារ​ថា​ឈ្មោះ​ Charaffe al-Mouadan ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៤ខែ​ធ្នូ។

លោក​បាន​ថ្លែង​ថា​ Mouadan មាន​ចំណង​ទាក់ទង​ជាមួយ​ឈ្មោះ​ Abdelhamid Abaaoud ដែល​ត្រូវ​គេ​ជឿ​ថា​ជា​មេដឹកនាំ​នៃ​ក្រុម​តូច​មួយ​ដែល​បាន​សម្រប​សម្រួល​ការវាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប៉ារីស​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​១៣០​ស្លាប់។ Abaaoud ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​ដោយ​ប៉ូលិស​ក្នុង​ពេល​ពីរ​បី​ថ្ងៃ​ក្រោយ​ការ​វាយ​ប្រហារ​ក្នុង​ក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី១៣​ ខែ​វិច្ឆិកា។

​លោក Warren បាន​មាន​ប្រសាសន៍​ថា​ Mouadan បាន«រៀបចំ​ផែនការ​យ៉ាង​សកម្ម​ដើម្បី​ធ្វើការ​វាយ​ប្រហារ​ថែម​ទៀត​ប្រឆាំង​នឹង​ក្រុម​បស្ចិម​ប្រទេស» ក៏​ប៉ុន្តែ​លោក​មិន​បាន​និយាយ​ចំ​ថា ​តើ​គាត់​បាន​យក​ស.រ.អា.ឬទ្វីប​អឺរ៉ុប​ឬ​ទាំង​ប្រទេស​អាមេរិក​និង​ទាំង​អឺរ៉ុប​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ទេ។

លោក Warren បាន​កត់​សម្គាល់​ថា​ Mouadan ស្ថិត​នៅ​ក្នុង​ចំណោម​ «ក្រុម​មេដឹកនាំ» ទាំង​១០នាក់​នៃ​ក្រុម​រដ្ឋ​ឥស្លាម​ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាសដោយ​ក្រុម​ចម្រុះកាល​ពី​ខែមុន៕

XS
SM
MD
LG