កាសែត The New York Times និង The Washington Post បានទទួលរង្វាន់ Pulitzer ចំនួន ៣នៅថ្ងៃទី ៦ ខែឧសភាសម្រាប់ការងារក្នុងឆ្នាំ២០២៣រួមមានសង្រ្គាមនៅហ្កាហ្សារហូតដល់អំពើហិង្សាដោយកាំភ្លើង ហើយសារព័ត៌មាន The Associated Press បានរង្វាន់ផ្នែករូបថតលក្ខណៈពិសេសទាក់ទងនឹងការធ្វើចំណាកស្រុកពិភពលោកមកកាន់សហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
ការយកព័ត៌មានអំពីការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ពួកហាម៉ាស់លើប្រទេសអ៊ីស្រាអែល ហើយនឹងផលវិបាកនាពេលក្រោយមកនាំឱ្យអង្គការព័ត៌មានទាំងនេះនូវរង្វាន់ Pulitzerចំនួនពីរ និងបណ្ណសរសើរពិសេសមួយ។ កាសែត The New York Times បានរង្វាន់សម្រាប់អត្ថបទព័ត៌មានដែលក្រុមប្រឹក្សា Pulitzer ហៅថា ជា «ព័ត៌មានលាតត្រដាងនិងទូលំទូលាយ» រីឯទីភ្នាក់ងារសារព័ត៌មាន Reuters បានរង្វាន់ផ្នែករូបថត។ បណ្ណសរសើរត្រូវបានប្រគល់ឱ្យអ្នកកាសែត និងអ្នកនិពន្ធផ្សេងទៀតដែលសរសេរអំពីសង្គ្រាមនៅហ្កាហ្សា។
ពានរង្វាន់សេវាសាធារណៈដ៏មានកិត្យានុភាពបានទៅអង្គការសារព័ត៌មានProPublica សម្រាប់សេចក្តីរាយការណ៍«ទម្លុះ អាថ៌កំបាំងដ៏ក្រាស់»នៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីរបៀបដែលមហាសេដ្ឋីបានផ្តល់អំណោយថ្លៃៗដល់ចៅក្រម និងចំណាយសម្រាប់ការធ្វើដំណើរប្រណីត។ អ្នករាយការណ៍ព័ត៌មានលោក Joshua Kaplan លោក Justin Elliott លោក Brett Murphy លោក Alex Mierjeski និងអ្នកនាង Kirsten Berg ត្រូវបានផ្តល់កិត្តិយសសម្រាប់ការងាររបស់ពួកគេ។
អង្គការ Pulitzers បានផ្តល់កិត្តិយសដល់ផ្នែកសារព័ត៌មានល្អបំផុតចាប់ពីឆ្នាំ ២០២៣សម្រាប់ស្នាដៃ១៥ប្រភេទ ហើយនឹងស្នាដៃសិល្បៈចំនួន៨ប្រភេទ ដែលផ្តោតលើសៀវភៅ តន្ត្រី និងល្ខោន។ អ្នកបម្រើសេវាសាធារណៈទទួលបានមេដាយមាស។ ជ័យលាភីផ្សេងទៀតទាំងអស់ទទួលបាន ប្រាក់រង្វាន់១៥.០០០ដុល្លារ។
រូបថតចំនួន១៥សន្លឹកដែលទីភ្នាក់ងារសារព័ត៌មាន AP ឈ្នះរង្វាន់គឺថតនៅទូទាំងអាមេរិកឡាទីន និងតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ក្នុងរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ា ក្នុងពេល១ឆ្នាំដែលនៅពេលនោះព័ត៌មានអំពីជនអន្តោប្រវេសន៍គឺជារឿងធំបំផុតរបស់ពិភពលោក។ រូបថតទាំងនោះត្រូវបានថយដោយបុគ្គលិក AP គឺលោក Greg Bull លោក Eric Gay លោក Fernando Llano លោក Marco Ugarte និង លោក Eduardo Verdugo និងអ្នកថតរូបឯករាជ្យឱ្យ AP យូរឆ្នាំ រួមមាន លោក Christian Chavez លោក Felix Marquez និងលោក Ivan Valencia។
អ្នកស្រី Julie Pace អនុប្រធានជាន់ខ្ពស់ និងជានិពន្ធនាយកប្រតិបត្តិរបស់ AP បាននិយាយថា «រូបថតឆៅ និងគួរឱ្យរន្ធត់ទាំងនេះថតបានពេលយកព័ត៌មានប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃអំពីស្ថានភាពជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសជាច្រើន ដោយកត់ត្រាអំពីជនចំណាកស្រុកនៅគ្រប់ជំហាននៃដំណើរប្រកបដោយគ្រោះថ្នាក់របស់ពួកគេ»។
សហរដ្ឋអាមេរិកមានជនចំណាកស្រុកឆ្លងព្រំដែនចូលមកច្រើនជាង១០លាននាក់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ជនចំណាកស្រុកទាំងនោះបានមកពីទីតាំងថ្មីជាច្រើនដូចជា ប្រទេសវេណេហ្ស៊ុយអេឡា ប្រទេស គុយបា ប្រទេសអេក្វាឌ័រ ប្រទេសហៃទី និងមកពីទ្វីបអាហ្វ្រិក ខុសពីសម័យមុន។
ទីភ្នាក់ងារសារព័ត៌មានAP បានរង្វាន់ Pulitzer ចំនួន៥៩ រួមទាំង៣៦ជារង្វាន់សម្រាប់ការថតរូប។ ទីភ្នាក់ងារសារព័ត៌មាននេះបាន ជាប់ក្នុងបញ្ជី Pulitzer ចុងក្រោយសម្រាប់ព័ត៌មានជាតិនៅ ថ្ងៃទី ៦ ខែឧសភា ចំពោះការរាយការណ៍អំពីកុមាររាប់សែននាក់មិនបានទៅរៀនសាលារដ្ឋក្នុងអំឡុងពេលមានជំងឺរាតត្បាត។
ក្នុងលើកឡើងអំពីកាសែត The New York Times សម្រាប់អត្ថបទអំពីប្រទេសអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ក្រុមប្រឹក្សាភិបាល Pulitzer បានលើកឡើងអំពីអត្ថបទរាយការណ៍ពីបរាជ័យផ្នែកស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ីស្រាអែល និងការវាយប្រហារ ព្រមទាំងការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែល។
រង្វាន់នេះកើតមានឡើងនៅពេលដែលកាសែត The New York Times បានប្រឈមមុខនឹងភាពចម្រូងចម្រាសក្នុងការរាយការណ៍មួយចំនួន។ កាលពីខែមុន ក្រុមសាស្ត្រាចារ្យផ្នែកសារព័ត៌មានបានអំពាវនាវឲ្យកាសែតនេះឆ្លើយសំណួរអំពីការស៊ើបអង្កេតផ្នែកអំពើហិង្សាយេនឌ័រ ក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុម Hamas លើអ៊ីស្រាអែល។
អ្នកស្រី Hannah Dreier នៃកាសែត The New York Times បានរង្វាន់ Pulitzerសម្រាប់របាយការណ៍ស៊ើបអង្កេតរបស់អ្នកស្រីស្តីពីពលកម្មកុមារចំណាកស្រុកនៅទូទាំងសហរដ្ឋអាមេរិក។ អ្នកនិពន្ធរួមចំណែកគឺអ្នកស្រី Katie Engelhart បានរង្វាន់Pulitzer ទីបីរបស់កាសែតនេះសម្រាប់ការសរសេរបទយកការណ៍របស់អ្នកស្រី ដែលរៀបរាប់ការតស៊ូរបស់គ្រួសារមួយដែលស្ត្រីជាមេគ្រួសារមានបញ្ហាភ្លេចភ្លាំង។
បុគ្គលិករបស់កាសែត The Washington Post បានរង្វាន់សម្រាប់ព័ត៌មានជាតិដែល«សរសេរច្បាស់លាស់»អំពីកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ដោយភ្ជាប់មកជាមួយរូបថតដែលគួរឱ្យខ្លាច។ លោក Peter Walstein ដែលជានិពន្ធនាយកជាន់ខ្ពស់ផ្នែកព័ត៌មានជាតិរបស់កាសែតThe Washington Post បានសរសេរនៅក្នុងកាសែតនេះថា «យើងខ្នះខ្នែងរកវិធីដើម្បីធ្វើព័ត៌មានខុសគ្នា និងផ្លាស់ប្តូរការសន្ទនាអំពីការបាញ់ប្រហារទ្រង់ទ្រាយធំ»។
Pulitzers បានផ្តល់រង្វាន់ជាលើកទីពីរក្នុងការរាយការណ៍ជាតិដល់បុគ្គលិក Reuters សម្រាប់សេចក្តីរាយការណ៍ជាស៊េរី «បើកភ្នែកធំៗ» ដែលស៊ើបអង្កេតលើអាជីវកម្មរថយន្ត និងអវកាសរបស់លោក Elon Musk ។
អង្គការ Pulitzers ត្រូវបានគ្រប់គ្រងដោយសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉ក ហើយសាកលវិទ្យាល័យនេះបានក្លាយជាតួអង្គព័ត៌មានអំពីបាតុកម្មរបស់និស្សិតប្រឆាំងនឹងសង្រ្គាមនៅហ្កាហ្សា។ ក្រុមប្រឹក្សាភិបាល Pulitzer បានជួបគ្នានៅឆ្ងាយពីសាកលវិទ្យាល័យ Columbia នៅដើមខែឧសភាដើម្បីពិភាក្សាអំពីអ្នកឈ្នះរង្វាន់របស់ខ្លួន។
នេះជាលើកដំបូងហើយដែល Pulitzers បើកសិទ្ធិឲ្យក្រុមហ៊ុនផ្សាយតាមទូរទស្សន៍និងវិទ្យុដែលមានគេហទំព័រព័ត៌មានឌីជីថលផងដែរ ដូចជា CNN NPR និងបណ្តាញផ្សាយ ABC CBS និង NBC ចួលរួមប្រកួតយករង្វាន់។ ទោះយ៉ាងនេះក្តី ក្នុងចំណោមក្រុមហ៊ុនទាំងនេះ គ្មានក្រុមហ៊ុនណាឈ្នះរង្វាន់នោះទេ។
អង្គការ Pulitzers ក៏បានប្រកាសផងដែរថា បេក្ខជនប្រាំនាក់ក្នុងចំណោម ៤៥នាក់ចុងក្រោយក្នុងឆ្នាំនេះ បានប្រើប្រាស់បញ្ញាសិប្បនិម្មិតAIក្នុងការស្រាវជ្រាវ និងរាយការណ៍ព័ត៌មានដែលពួកគេបានដាក់ចូលរួមប្រកួត។ វាជាលើកទីមួយហើយដែលក្រុមប្រឹក្សាភិបាល Pulitzer តម្រូវឱ្យអ្នកដាក់ពាក្យប្រកួតយកពានរង្វាន់ត្រូវបង្ហាញពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI។
រង្វាន់ទាំងនេះ ត្រូវបានបង្កើតឡើងតាមបំណងរបស់លោក Joseph Pulitzer ដែលជាចាងហ្វាងបោះពុម្ពកាសែត ហើយរង្វាន់លើកដំបូងត្រូវបានផ្តល់ក្នុងឆ្នាំ ១៩១៧៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ