សកម្មជន​ដីធ្លី​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឱ្យ​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា

បាតុករ​កុមារ​តវ៉ា​​កាល​ពី​ថ្ងៃ​​អាទិត្យ​​ជា​ទិវា​មាតា (​ទី​១២ ខែ​​ឧសភា) ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី​អ្នកស្រី​យ៉ោម បុប្ផា។ (រូបថត៖ គង់ សុឋានរិទ្ធ/វីអូអេ)

ក្រុម​ជនរងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​បី​តំបន់​ផ្សេង​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​ដូច​ជា​តំបន់​បឹងកក់ ​បុរី​កីឡា ​និង​ថ្មគោល ​បានដាក់​ញ្ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សម្តេច​ព្រះបាទ ​នរោត្តម​ សីហមុនី ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ព្រះអង្គ​ឲ្យ​មានការ​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា។

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​រូបនេះ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​កាលពី​ខែធ្នូ ឆ្នាំ២០១២​ឲ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ​ដោយ​ចោទថា​អ្នកស្រី​បាន​បង្ក​ហិង្សា​លើ​អ្នករត់ម៉ូតូឌុប​ចំនួន​ពីរ​នាក់។

អ្នកស្រី​ទេព វណ្ណី ​អ្នកដឹកនាំ​ក្រុមអ្នកតវ៉ា​បាន​បញ្ជាក់​ថា​ញ្ញតិ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​នោះ​គឺ​ចង់​ឱ្យ​មាន​ការដាក់​បញ្ជូល​ឈ្មោះ​អ្នកស្រី យ៉ោម បុប្ជា​នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកទោស​ដែល​នឹងត្រូវ​ដោះលែង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ ព្រះមហាក្សត្រ។

«អ្នកទោស​ដែល​ជក់​គ្រឿង​ញៀន ​ឆក់ប្លន់​អ្វី​ដែល​គាត់​នៅតែ​មាន​ឱកាស ​មាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ អីចឹង​បង​បុប្ជា​ដែល​គាត់​មិនមែនជា​អ្នកទោស​នឹង​មាន​ឈ្មោះ​ក្នុង​អ្នកទោស​ ១១៧ នាក់​ត្រូវ​ដោះលែង»។

បាតុករ​កុមារ​តវ៉ាកាល​ពី​ថ្ងៃអាទិត្យជា​ទិវា​មាតា (​ទី​១២ ខែឧសភា) ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី​អ្នកស្រី​យ៉ោម បុប្ផា។ (រូបថត៖ គង់ សុឋានរិទ្ធ/វីអូអេ)

ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​ត្រូវ​ចម្រើន​ព្រះជន្ម​គម្រប់​៦០​ព្រះវស្សា​នៅ​ថ្ងៃ​អង្គារ​នេះ។

តាម​គម្រោង​អ្នកទោស​ចំនួន​ ១១៧ ​នាក់ ​នៅក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​នឹង​ត្រូវ​ដោះលែង​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ។

លោក សៀ ភារម្យ​ មន្ត្រី​មកពី​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​បាន​មាន​ប្រសាសន៍​ថា​ព្រះមហាក្សត្រ​ដែល​មាន​តួ​នាទី​ជា​ប្រធាន​អង្គចៅក្រម​មាន​សិទិ្ធ​គ្រប់គ្រាន់​ក្នុងការ​ស្នើ​សុំ​ឱ្យ​មាន​ការ​លើកលែង​ទោស។

«ព្រះមហាក្សត្រ​អាច​ស្នើឱ្យ​រដ្ឋាភិបាល​ដើម្បី​មាន​ការ​លែងទោស​អ្វី​មិន​ធ្ងន់ធ្ងរ​អីចឹ​ង។ តាម​រដ្ឋធម្មនុញ្ញ​ព្រះអង្គ​មាន​សិទ្ធិ​ក្នុង​ការ​លើកលែងទោស»។

យ៉ាង​ណាម៉ិញ​ លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា​ដើម្បី​អាច​ទទួល​បាន​ការ​សម្រាលទោស​នោះ​គឺធ្វើឡើង​ស្របតាម​គោលការណ៍​ច្បាប់​និង​មាន​លក្ខណៈ​ត្រឹមត្រូវ​ថា​អ្នកទោស​ណា​គួរ​សម្រាលទោស​និង​អ្នកទោស​ណា​មិនគួរ​ទទួលបាន​បាន​ការសម្រាល​ទោស៕