នៅពេលដែលការតវ៉ារបស់ពួកគេហាក់បីដូចជាមិនត្រូវបានយកចិត្តទុកដាក់ពីស្ថាប័នរដ្ឋមានសមត្ថកិច្ចក្រុមប្រជាពលរដ្ឋសហគមន៍បឹងកក់បានងាកមករកជំនួយពីជំនឿអរូបិយ៍ដើម្បីជួយដល់ពួកគេ គឺជួយឲ្យមានការដោះលែងសមាជិកសហគមន៍របស់ពួកគេចំនួន ១៥នាក់ ដែលត្រូវចាប់ខ្លួន និងផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញកាលពីខែឧសភាកន្លងទៅនេះ រួមទាំងជួយឲ្យទំនាស់ដីធ្លីរបស់ពួកគេនឹងត្រូវដោះស្រាយក្នុងពេលខាងមុខ។
កាលពីថ្ងៃពុធប្រជាពលរដ្ឋសហគមន៍ក្រីក្រមួយនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋសហគមន៍បុរីកីឡាផងសរុបប្រមាណជា ៥០នាក់ បានទៅបន់ស្រន់នៅតូបអ្នកតាមួយក្នុងសហគមន៍របស់ពួកគេ។ ក្នុងតូបអ្នកតាដែលធ្វើអំពីស៊ីម៉ង់ត៍ខ្ពស់ផុតពីដីនៅជាប់នឹងផ្លូវដែលមានក្រាលកម្ចេចថ្មតូចល្អិត មានរូបសំណាកអំពីស៊ីម៉ង់ត៍ជាច្រើនតម្រៀបជាជួរ និងមានរូបសំណាកធំៗចំនួនពីរដែលក្រុមអ្នកភូមិបានហៅថា គឺជាតំណាងបារមីយាយម៉ៅ និងលោកតាប្រាក់។
អ្នកស្រីយ៉ោម បុប្ផា គឺជាតំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់ម្នាក់ដែលតែងតែចូលរួមក្នុងការតវ៉ាយ៉ាងសកម្ម។
«ដោយសារយើងដាក់លិខិតគ្រប់កន្លែងហើយមិនមានការឆ្លើយតបមកវិញ ហើយម្សិលម៉ិញយើងបានព្យាយាមដាក់លិខិតនៅព្រះបរមរាជវាំងទៀតអត់ឃើញមានខាងព្រះបរមរាជវាំងចេញមកទទួលយើងទេ។ អញ្ចឹងយើងងាកមកវិញ មកជឿលើអបិយ៍ជំនឿ»។
សហគមន៍បឹងកក់គឺជាសហគមន៍ធំចុងក្រោយគេត្រូវបណ្ដេញ។ ប្រជាពលរដ្ឋជាង ៤.០០០គ្រួសារ ភាគច្រើនគឺជាអ្នកក្រីក្រត្រូវបង្ខំឲ្យចាកចេញពីលំនៅដ្ឋានដែលពួកគេថាទទួលបានសំណងមិនសមរម្យ។
បន្ទាប់ពីមានសម្ពាធពីធនាគារពិភពលោកលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីខែសីហា ឆ្នាំ ២០១១ បានសម្រេចកាត់ដីពីក្រុមហ៊ុនចំនួន ១២,៤៤ហិកតាដើម្បីបែងចែកឲ្យប្រជាពលរដ្ឋជាង ៧០០គ្រួសារ ដែលបានតស៊ូយ៉ាងស្វិតស្វាញទាមទារឲ្យមានការអភិវឌ្ឍនៅនឹងកន្លែងសម្រាប់ពួកគេ។ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះ ការបែងចែកដីធ្លីទៅតាមការសម្រេចនោះបាននាំឲ្យមានភាពស្មុគ្រស្មាញនិងកើតអំពើហិង្សាជាបន្ដបន្ទាប់។ ហើយការបែងចែកដីនេះ បានអូសបន្លាយយ៉ាងរ៉ាំរ៉ៃ។
ក្រុមប្រជាពលរដ្ឋដែលត្រូវបណ្ដេញចេញបានរួបរួមគ្នា និងបាននាំគ្នាតវ៉ានិងដាក់សំណើសុំអន្ដរាគមន៍ដល់រដ្ឋសភា ក្រសួងយុត្តិធម៌ និងតំណាងរដ្ឋាភិបាល រួមទាំងទាមទារដោយផ្ទាល់ជាមួយសាលារាជធានីភ្នំពេញ។ ប៉ុន្ដែនៅតែមិនបានលទ្ធផល។
នៅក្នុងពិធីបន់ស្រន់កាលពីថ្ងៃពុធ ក្រុមប្រជាពលរដ្ឋបានបួងឲ្យបារមីក្នុងតំបន់ដែលពួកគេរស់នៅនោះផ្តន្ទាទោសដល់អ្នកទទួលខុសត្រូវចំពោះការធ្វើទុកបុកម្នេញលើពួកគេ។ ពួកគេបានព្រលែងសត្វចាបចំនួន ១៥ក្បាលតំណាងឲ្យអ្នកភូមិបឹងកក់ ១៥នាក់ ដែលត្រូវបានចាប់ខ្លួននិងផ្តន្ទាទោស។ បន្ទាប់មកក្រុមអ្នកភូមិបឹងកក់ក៏បានយកអំបិលលាយម្ទេសបាចតាមផ្លូវ និងដុតជាការឧបកិច្ចជាមួយនឹងការបួងសួងរបស់គេ។
លោក ដួង គា សកម្មជនតវ៉ាម្នាក់ទៀតក្នុងសហគមន៍នេះ។
«យើងដើរតាមផ្លូវភ្លឺ គេមិនដែលជួយយើងទេ។ យើងមានតែដើរតាមផ្លូវងងឹតដើម្បីឲ្យគេជួយយើង។ ផ្លូវភ្លឺគេយកក្រដាសស្នាមរបស់យើងទៅ គេកិនកម្ចេចចោល គេដុតចោលហើយគេចាប់ចងពួកបងប្អូនខ្ញុំទៀត»។
ប្រជាពលរដ្ឋកម្ពុជាបានរស់នៅជាមួយនឹងជំនឿអរូបិយ៍ជាច្រើនតំណមកហើយ។ ការបន់ស្រន់ ការបួងសួង ជំនឿទៅលើវត្ថុសក្ដិសិទ្ធគឺជាមធ្យោបាយសំខាន់ទីពីរ ក្នុងដំណើរជីវិតរបស់ពួកគេបន្ទាប់ពីមធ្យោបាយដោះស្រាយចំពោះមុខ។ កាលពីប៉ុន្មានថ្ងៃមុនក្រុមអ្នកភូមិបឹងកក់ក៏បានបន់ស្រន់ដល់ព្រះអង្គដង្កាដែលគេជឿថា ជាបារមីសក្ដិសិទ្ធមួយនៅមុខព្រះបរមរាជវាំងក្រុងភ្នំពេញ។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មានប្រសាសន៍ថា ការប្រើប្រាស់ជំនឿរបស់ក្រុមប្រជាពលរដ្ឋគឺជាសញ្ញាបាត់បង់ការទុកចិត្តរបស់ពួកគេទៅលើស្ថាប័នរដ្ឋាភិបាល។
«កាលណាបើប្រជាពលរដ្ឋងាកមកប្រើជំនឿដើម្បីដោះស្រាយបណ្ដឹងរបស់គាត់នេះ មានន័យថា ប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌មានបញ្ហា។ ប្រហែលជាប្រជាពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរ។ ប្រហែលជាប្រជាពលរដ្ឋអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ»។
នៅមិនទាន់មានសញ្ញាណាមួយថា ប្រជាពលរដ្ឋសហគមន៍បឹងកក់ទាំង១៥ នឹងត្រូវដោះលែងឲ្យមានសេរីភាពមកវិញនៅពេលណានៅឡើយ។ ក៏ប៉ុន្ដែក្រុមអ្នកភូមិនៅតែជឿថា ការបន់ស្រន់របស់ពួកគេអាចនឹងមានប្រសិទ្ធភាព៕