ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​បដិសេធ​មិន​ដោះលែង​សកម្មជន​ដីធ្លី​យ៉ោម បុប្ផា

  • ហេង រស្មី

សាលាឧទ្ធរណ៍​កាល​ពីខែវិច្ឆិកា​ឆ្នាំ២០១២​បាន​សម្រេច​បដិសេធ​សំណើ​សុំ​ឱ្យ​នៅក្រៅ​ឃុំ​របស់​លោក​ស្រី​យ៉ោម បុប្ជា។​
ភ្នំពេញ​៖ យ៉ាង​តិច​មាន​អ្នក​ភូមិ​បឹងកក់​និង​អ្នក​ភូមិ​បូរីកីឡា​ប្រមាណ​ជាង​១០០​នាក់​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​បាន​នាំគ្នា​ធាក់​ទ្វារ​របង​តុលាការ​កំពូល​នៅថ្ងៃ​ពុធ​នេះ​ដើម្បី​ជា​ការ​តវ៉ា។​ ហេតុការណ៍​នេះបាន​កើត​មាន​ឡើងប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ឃឹម ប៉ុន​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ដោយ​សម្រេច​មិន​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ណោះ​អាសន្ន។

ប្រជាពលរដ្ឋ​បាន​ស្រែក​ដាក់​បណ្តាសារ​ថា៖

«អ្នកឯង​ធ្វើ​បាប​រាស្ត្រ​អាចោ​រលាយ!»។​

តុលាការ​កំពូលនៅ​ថ្ងៃ​ពុធនេះ​បាន​បើក​សវនាការ​លើ​សំណើ​សុំ​ឱ្យ​នៅក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ​ប្រឆាំង​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ដែល​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា​មិន​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា​ សកម្មជន​ទាមទារ​ដីធ្លី​នៅ​តំបន់​បឹងកក់​ឱ្យ​នៅ​ក្រៅ​ឃុំ។​

លោក​ឃឹម ប៊ុន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​កំពូល​បាន​និយាយ​ថា​សំណុំរឿង​អ្នក​ស្រី​យ៉ោម បុប្ជា​ជាសំណុំរឿង​ពិសេស​ទើប​លោក​បាន​សម្រេច​តម្កល់​ទុក​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ឱ្យ​នៅ​ដដែល។​

បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​អ្នកស្រី​យ៉ោម បុប្ជា​មានទឹក​ភ្នែក​រលីង​រលោង​ហើយ​ក្រោយ​មក​បាន​យំអោប​អ្នក​ស្រី​ហេង​ មុំ​ សកម្មជន​ដីធ្លី​ម្នាក់​ផ្សេងទៀត​ដែល​មក​លើក​ទឹកចិត្ត​អ្នក​ស្រី​នៅ​ក្នុង​បន្ទប់​សវនាការ។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជាអ្នក​ទោស​ អ្នកស្រីយ៉ោម បុប្ជា​អាយុ​២៩​ឆ្នាំ​បាន​ផ្តាំ​ផ្ញើ​ដល់​សហគមន៍​បឹងកក់​កុំបោះ​បង់ចោល​ការ​តស៊ូ​របស់​ខ្លួន​បើទោះ​បី​ជាអ្នក​ស្រី​ចាញ់​ក្តី​នៃការទាម​ទារ​ឱ្យ​នៅ​ក្រៅ​ឃុំ​ក៏ដោយ។​

«អយុត្តិធម៌​ណាស់!!ខ្ញុំ​ផ្តាំផ្ញើ​ទៅ​សហគមន៍​សូម​កុំអស់​សង្ឃឹម​និង​ត្រូវ​តែ​បន្តទៀត​យើង​ត្រូវ​តែ​តស៊ូ​ទៀត។ ខ្ញុំសង្ឃឹម​ថា​តុលាការ​និង​មាន​យុត្តិធម៌»។​

អ្នកស្រី​យ៉ោម បុប្ជា​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ចូល​ក្នុង​រថយន្ត​បន្ទាប់ពី​បាន​ដើរ​ចេញ​ពី​បន្ទប់​របស់​សាលា​ឧទ្ធរណ៍។​
អ្នក​ស្រី​យ៉ោម សុទ្ធ​ ម្តាយ​បង្កើត​អ្នកស្រី​យ៉ោម បុប្ជា​បាន​ស្រែក​ទ្រហោយំ​និងដេក​នៅ​លើកម្រាល​ថ្នល់​កៅស៊ូ​ខាង​ក្នុង​បរិវេណ​តុលាការ​ក្រោម​កំដៅ​ថ្ងៃ​ក្តៅ​ហួតហែង។​

អ្នកស្រី​បាន​និយាយ​ដោយ​សំឡេង​ស្អកៗ​ថា​តុលាការ​កំពូល​អយុត្តិធម៌ណាស់​ដែល​មិន​បាន​ដោះ​លែង​កូនស្រី​អ្នកស្រី​ឱ្យ​នៅក្រៅ​ឃុំ។​

«អយុត្តិធម៌ណាស់! តុលាការ​កំពូល​លោក​សម្លាប់​ខ្ញុំទៅ​ត្រូវ​ការ​យុត្តិធម៌​តុលាការ»។​

ក្រុម​អ្នក​តវ៉ា​បាន​នាំគ្នា​យក​រូប​សញ្ញា​ជញ្ជីង​យុត្តិធម៌ក្រមា​ ព្រមទាំង​ក្រដាស​ផ្សេងៗ​មក​គរ​ដុតនៅ​ពី​មុខ​ក្លោង​ទ្វារ​តុលាការ​កំពូល។​

ឈរជិត​កម្ចេច​ភ្លើង​ដែល​កំពុង​ឆេះ​លោក​លួស សាខន​ស្វាមី​អ្នក​ស្រី​យ៉ោម បុប្ជា​ បានចាត់​ទុកថា​ការ​សម្រេច​របស់​តុលាការ​កំពូល​អយុត្តិធម៌​ចំពោះ​ភរិយា​របស់​លោក។​

«​ខ្ញុំយល់ថា​ការ​សម្រេច​សាលក្រម​ឱ្យ​នៅ​ដដែល​គឺ​អយុត្តិធម៌​ជាទីបំផុត​ដែល​ពិភពលោក​យើង​មិន​ដែល​មាន​ពីព្រោះ​ភស្តុតាង​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​នៅ​ហ្នឹង​កន្លែង​គឺគ្មាន​ទីមួយ។ទីពីរ​សាក្សី​ហើយ​នឹង​ដើម​ចោទ​និយាយ​មក​អត់ស៊ីសង្វាក់​គ្នា​ខុស​ពីរ​អង្គហេតុទាំង​អស់»។​

សាលាឧទ្ធរណ៍​កាល​ពីខែវិច្ឆិកា​ឆ្នាំ២០១២​បាន​សម្រេច​បដិសេធ​សំណើ​សុំ​ឱ្យ​នៅក្រៅ​ឃុំ​របស់​លោក​ស្រី​យ៉ោម បុប្ជា។​
អ្នក​ស្រីយ៉ោម បុប្ជា​ ត្រូវបាន​សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​ពី​បទហិង្សា​ដោយចេតនា​ដោយ​មាន​ស្ថានទម្ងន់ទោស។ចំណែក​លោក​លួស ​សាខន​ស្វាមី​របស់​អ្នក​ស្រី​ក៏​ត្រូវ​តុលាការកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​ដូចគ្នា​ដែរ​ក៏ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​ព្យួរ។​
ការ​កាត់ទោស​នេះ​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញថា​អ្នក​ស្រី​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​មួយ​កាល​ពី​ថ្ងៃ​ទី​៧​ខែសីហា​ឆ្នាំ​២០១២​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ពីរ​នាក់​រង​របួស៕​
XS
SM
MD
LG