ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិមនុស្ស៖​ការ​ចាប់​ខ្លួន​អ្នកស្រី​យ៉ោម បុប្ផា​ជា​ផែនការ​គ្រោងទុក​

  • ហេង រស្មី

​អ្នកស្រី​យ៉ោម បុប្ជា​ ដែល​ជាសកម្មជន​បឹងកក់​
ភ្នំពេញ៖ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ ឈ្មោះ​លីកាដូ​ បាន​រក​ឃើញ​ថា​ អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​រៀប​ចំទុក​ជាមុន​ សម្រាប់​ស្ថាន​ការណ៍​ដែល​អាច​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​តំបន់​បឹង​កក់​ទើប​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​អ្នក​ស្រី​យ៉ោម បុប្ជា​ដាក់​ពន្ធនាគារ។​
ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​កើតមាន​ឡើង​ ក្រោយ​ពីអ្នក​ស្រី​យ៉ោម បុប្ជា​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​រយៈ​ពេល​បី​ឆ្នាំ​ពីបទ​ហិង្សា​ដោយចេតនា​ដោយ ​មាន​ស្ថាន​ទម្ងន់ទោស ​ទាក់ទង​នឹង​អំពើ​ហិង្សា​មួយ​កាលពី​ខែសីហា​ឆ្នាំ២០១២​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ពីរ​នាក់​រង​របួស។​

របាយ​ការណ៍​សង្ខេប​របស់​អង្គការ​លីកាដូ​ចំនួន​៦ទំព័រ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចាត់ទុក​ថា ​ករណី​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នកស្រី​យ៉ោម បុប្ជា​ ដែល​ជាសកម្មជន​បឹងកក់​ នៅតែ​មាន​ភាព​មិន​ច្បាស់លាស់​នៃ​អង្គហេតុ​នានា​ ដែល​បណ្តាល​ឲ្យ​មាន​ការ​យល់​ច្រឡំ​ និង​មិន​មែន​ជាការ​ចៃ​ដន្យទេ។​

របាយ​ការណ៍​បាន​លើក​ឡើង​ថា​ ករណី​នេះ​ឆ្លុះ​បញ្ចាំង​នូវ​យុទ្ធនាការ​ឃោសនា​ដោយ​ចេតនា​មួយ​ពី​អាជ្ញាធរ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ដោយគ្មាន​ភស្តុតាង​ដែល​គេ​ជឿ​ថា​ អាជ្ញាធរ​បាន​ផ្តល់​ប្រាក់​ទៅ​ឲ្យ​អ្នក​តវ៉ា​ប្រឆាំង​បាតុកម្ម​របស់​អ្នក​ភូមិ​បឹងកក់ ​ព្រមទាំង​ការ​ពាក់​ព័ន្ធ​ថ្មីៗ​នេះ​ពី​លោក​នា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​ផ្ទាល់​ ដែល​បង្ក​ជាការ​ព្រួយ​បារម្មណ៍។​

លោក​អំ សំអាត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ បាន​និយាយ​ថា​ មូល​ហេតុ​ដែល​នាំឲ្យ​មាន​ការ​ចោទ​ប្រកាន់​នេះ​ដោយ​សារ​តែ​អ្នក​ស្រី​យ៉ោម បុប្ជា​ជា​អ្នក​ចេញ​មុខ​តវ៉ា​យ៉ាង​សកម្ម​ដើម្បី​ឲ្យ​មាន​ការ​ដោះលែងអ្នក​ភូមិ​បឹងកក់​១៣​នាក់​ដាក់​ពន្ធនាគារ ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ពួក​គេ។​

លោក​បាន​និយាយ​ថា​ អ្នកស្រី​ក៏​ធ្លាប់​ទទួល​នូវ​ការ​គំរាម​ដ៏ចំៗ​ថា​ អ្នក​ស្រី​ស្ថិត​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែល​នេះ​គឺជា​ចំណុច​ចាប់​ផ្តើម​ដែល​គេ​គិត​ថា ​អ្នក​ស្រី​ប្រាកដ​ជា​មាន​បញ្ហា។​

«នៅក្នុង​អង្គសវនាការ​មិន​បាន​មើល​ឃើញ​ថា​ តុលាការ​រក​ឃើញ​នូវ​ចំណុច​ណា​មួយ​ដែល​បញ្ជាក់​ថា ​អ្នក​ស្រី​យ៉ោម បុប្ជា​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ប្រើ​ប្រាស់​ហិង្សា​ដោយ​ចេត​នាទេ ​តែ​តុលាការ​នៅ​តែ​ធ្វើ​ការ​ចោទ​ប្រកាន់។​ ត្រង់​នេះ​យើង​គិត​ថា​ តុលាការ​គឺ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​អ្នក​នយោបាយ​និង​អាជ្ញាធរ​នោះ»។​

ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អ្នក​ស្រី​យ៉ោម បុប្ជា​ដាក់​ពន្ធនាគារបាន​កើត​ឡើង​ក្រោយ​ពី​ជម្លោះ​គ្នា​មួយ​នៅ​តំបន់​បឹងកក់​កាល​ពី​ថ្ងៃទី​៧​ខែ​សីហា​ឆ្នាំ​២០១២​ ដែល​បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​រង​របួស។​ អ្នកទាំងពីរនេះ​អះអាង​ថា​ ខ្លួន​ជា​អ្នក​រត់​ម៉ូតូឌុប។​

ជន​រងគ្រោះ​ទាំង​ពីរ​នាក់​នេះ​ក្រោយ​មក​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​ថា ​ជាជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹងការ​កាច់​កញ្ចាក់​រថយន្ត​របស់​អ្នក​ស្រី​យ៉ោម បុប្ជា​ជា​ញឹក​ញាប់។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ មាន​ជំនឿថា ​ករណី​របស់​អ្នកស្រី​យ៉ោម បុប្ជា​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ។​

«ជា​សិទ្ធិរបស់​គេ​លើក​ឡើង​ក៏​ប៉ុន្តែ​ជឿ​ ឬ​មិន​ជឿ​ ខ្ញុំ​ជឿទៅ​លើ​ការ​សម្រេច​របស់​តុលាការ​ដែល​យក​សត្យានុម័ត ​យក​ច្បាប់​ជាធំ។​ របាយ​ការណ៍​មិនមែន​ជា​សត្យានុម័ត​ទេ។ ​របាយ​ការណ៍​គ្រាន់​តែ​ជា​របាយ​ការណ៍​មួយ»។​

តុលាការ​កំពូល​ កាល​ពីចុង​ខែ​មិនា​ បាន​បដិសេធ​សំណើ​សុំឲ្យអ្នក​ស្រី​យ៉ោម បុប្ជា​នៅក្រៅ​ឃុំ​ ហើយ​ការ​បដិសេធ​នេះបង្ក​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ពី​អ្នក​ភូមិ​បឹងកក់​ និង​បូរីកីឡា។​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​កត់​សម្គាល់​ថា ​អ្នកស្រី​យ៉ោម បុប្ជា​ ដែល​បាន​ជាប់​ឃុំឃាំង​កាល​ពី​ថ្ងៃទី​៤​ខែ​កញ្ញា​ឆ្នាំ​២០១២​គឺ​ជា​អ្នក​ទោស​មនៈសិកា៕
XS
SM
MD
LG