ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​អ្នកស្រី​យ៉ោម ​បុប្ផា​ជាប់​ពន្ធនាគារ ​គ្រួសារ​មាន​ការ​លំបាក​


តុលាការ​បានរក​ឃើញ​ថា​ អ្នក​ស្រី​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើហិង្សា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ ក៏ប៉ុន្តែ​បាន​សម្រេច​​ដោះលែង​ស្វាម៉ី​អ្នក​ស្រី​ក្នុង​បទចោទ​ប្រកាន់​ដូច​គ្នា។​
តុលាការ​បានរក​ឃើញ​ថា​ អ្នក​ស្រី​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើហិង្សា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ ក៏ប៉ុន្តែ​បាន​សម្រេច​​ដោះលែង​ស្វាម៉ី​អ្នក​ស្រី​ក្នុង​បទចោទ​ប្រកាន់​ដូច​គ្នា។​
ភ្នំពេញ​៖ ជារៀង​រាល់​ថ្ងៃ​ស្វាម៉ី​ កូន​ និង​ម្តាយ​បង្កើត​របស់​អ្នកស្រី​យ៉ោម បុប្ជា​តែងតែ​នឹក​រឭក​អ្នកស្រី​ ក្រោយពេល​តុលាការ​បាន​កាត់​ទោស​ឲ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រយៈពេល​បីឆ្នាំ​ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា ​អ្នកស្រី​ជាប់​ពាក់ព័ន្ធនឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សាមួយ​កាល​ពី​ខែសីហា​ឆ្នាំ២០១២។​

លោក​លួស សាខន ​អាយុ​៥៦ឆ្នាំ​ ស្វាម៉ី​របស់​អ្នក​ស្រីយ៉ោម បុប្ចា​មាន​ទឹកភ្នែក​រលីង​រលោង​ និង​អួល​ដើមក​ ក្នុង​ពេល​ដែល​លោក​និយាយ​រំឭក​ដល់​ភរិយា។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ​នេះ ​លោក​និង​ម្តាយ​បង្កើត​អ្នកស្រី​យ៉ោម បុប្ជា​បានចូលរួម​ខួប​គម្រប់​មួយ​ឆ្នាំនៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំនៅ​តំបន់​បូរី​កីឡា។ ​លោកបាន​និយាយ​ប្រាប់​VOA​សំឡេងសហ​រដ្ឋអាមេរិក​ថា​ ក្រុម​គ្រួសារ​មាន​ការ​លំបាក​បន្ទាប់​ពីភរិយា​របស់​លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។​

«លំបាក​ខ្លាំង​ណាស់​ ពីព្រោះ​ខ្ញុំមាន​ជំងឺ​ពុកឆ្អឹង​ និង​លើសឈាម​ មិនអាច​ធ្វើ​អ្វី​តាម​សម្រួល​ ដូចជា​ជួយ​ផ្គត់​ផ្គង់​កូនទៅ​រៀន​ បាយ​ទឹក ​ដាំបាយ​ហើយនិង​ជូន​កូន​ទៅរៀន​ ដូច​កាល​ពី​ប្រពន្ធ​ខ្ញុំរស់​នៅ​ជាមួយ​គ្នា​ទេ​ ពីព្រោះ​ខ្ញុំជាបុរស​មិន​អាច​ថែទាំ​កូន​បាន​ល្អ​ដូចជា​ប្រពន្ធ​ដែល​ជាម្តាយ​របស់​កូន​ទេ»។​

កាល​ពីថ្ងៃទី​២៧ខែ​ធ្នូ​ តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​អ្នកស្រី​យ៉ោម បុប្ចា​ និង​ស្វាម៉ី​អ្នកស្រី​ ព្រម​ទាំង​បង​ប្អូន​អ្នកស្រី​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈ​ពេល​បី​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣០​លាន​រៀល​គឺជិត​មួយ​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។​

តុលាការ​បានរក​ឃើញ​ថា​ អ្នក​ស្រី​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើហិង្សា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ ក៏ប៉ុន្តែ​បាន​សម្រេចដោះលែង​ស្វាម៉ី​អ្នក​ស្រី​ក្នុង​បទចោទ​ប្រកាន់​ដូច​គ្នា។​

តុលាការ​ក៏បាន​ចេញ​ដិការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​បង​និង​ប្អូន​ប្រុស​អ្នក​ស្រីយ៉ោម បុប្ជា​ចំនួន​ពីរ​នាក់​គឺ​យ៉ោម កន្លង់​ និង​យ៉ោម​ សិត​យកមក​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស។​

លោក​លួស សាខន​បាន​និយាយ​ថា​ ការ​សម្រេចសេចក្តី​ចំពោះ​ភរិយា​របស់​លោក​គឺ​ជា​រឿង​អយុត្តិធម៌។​
អ្នកស្រី​យ៉ោម បុប្ជា​មានកូន​ប្រុស​តែម្នាក់​គត់​គឺ​លួស លីហួរ។​ ក្រុមគ្រួសារ​ទាំង​ឪពុក​ និង​កូន​ព្រម​ទាំង​ម្តាយ​បង្កើត​តែងតែ​បាន​ចូល​រួម​តវ៉ា​ជាមួយ​នឹង​អ្នក​ភូមិ​បឹងកក់​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ស្រី​យ៉ោម បុប្ជា​និង​ទាម​ទារ​កម្មសិទ្ឋិ​ដី​ធ្លី​ដែល​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​បានធ្វើ​ប្រទាន​កម្ម​ដី​ទំហំ​ជាង​១២​ហិចតា​មក​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់។​

ការ​ចូល​រួម​របស់​ប្អូនប្រុស​លួស លីហួរ​បានធ្វើ​ឲ្យ​ប្អូន​មិន​បាន​ចូល​សិក្សា​បាន​ជាប់លាប់​ ដែល​បង្កឲ្យ​ការ​សិក្សា​បាន​ធ្លាក់​ចុះ។​

សិក្សា​ថ្នាក់​ទីបី​នៅ​សាលា​បឋមសិក្សា​កូឡាប​ទីមួយ​ លួស លីហួរ​ អាយុ​៩ឆ្នាំបាន​និយាយ​ថា ​ប្អូន​ប្រុស​គ្មាន​អារម្មណ៍​ក្នុង​ការ​សិក្សា​ទេ។​ ​ប្អូន​ប្រុស​បាន​និយាយ​ថា​ មុន​ពេល​ម្តាយ​ជាប់​ពន្ធនាគារ​ ការសិក្សា​នៅ​ក្នុង​ថ្នាក់​បាន​ជាប់​លេខ​១១​ តែក្រោយ​ពី​តុលាការ​ដាក់​ទោស​អ្នក​ស្រីយ៉ោម បុប្ជា​ឲ្យ​ជាប់​ពន្ធនាគារ​ ការ​សិក្សា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​លេខ​១៩​វិញ។​

«ខ្ញុំរៀន​បាន​ពិន្ទុខ្សោយ​ជាង​មុន​ ពីព្រោះ​ម្តាយ​របស់​ខ្ញុំ​ជាប់​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស»។​

មាន​រាង​តូចស្តើង​សម្បុរ​ស្រអែម ​អ្នកស្រីសាបូរ ​សុទ្ធ​ អាយុ​៥៩​ឆ្នាំ​បាន​និយាយ​ថា​ មាន​សាក្សី​ជាច្រើន​បាន​បញ្ជាក់​ថា ​អ្នកស្រី​យ៉ោម បុប្ជា​មិន​បាន​ចូល​រួម​សកម្មភាព​ដោយ​ផ្ទាល់​ក្នុង​ថ្ងៃ​កើត​ហេតុ​នោះ​ទេ។​
អ្នកស្រី​បាន​និយាយ​ថា​ ការចាប់​កូនស្រី​អ្នកស្រី​ដាក់​ពន្ធនាគារ​គឺជា​ការ​លាប​ពណ៌​ ដោយ​សារ​តែយ៉ោម បុប្ជា​ជា​សកម្មជន​មួយ​រូប​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​រឿង​វិវាទ​ដីធ្លី។
«​គឺជា​អំពើ​ដែល​គេធ្វើ​មក​ លាប​ពណ៌​មក​លើ​កូន​ស្រីខ្ញុំ។ ​គឺកូន​ស្រី​ខ្ញុំជា​មនុស្ស​ស្អាត​ស្អំ​ មិន​ដែល​ប្រព្រឹត្ត​ល្មើស​អ្វី​ខុស​នឹង​ច្បាប់​របស់​រដ្ឋាភិបាល​ទេ។ ​គឺ​កូនស្រី​ខ្ញុំដឹង​តែពី​រកស៊ី​ ហើយរស់​នៅក្នុង​សង្គម​គេយ៉ាង​ថ្លៃថ្នូរ​បំផុត»។​
នៅ​ក្នុង​សវនាការ​រយៈ​ពេល​ពីរ​ថ្ងៃ​កាល​ពីចុង​ខែ​ធ្នូ​ ហើយ​បើ​តាម​ក្រុម​មន្ត្រី​អង្កការ​សង្គម​ស៊ីវិល​ដែល​បាន​ចូល​រួម​ស្តាប់​ក្នុង​អង្គ​សវនាការ​បាន​និយាយ​ថា​ ទាំង​ជន​រងគ្រោះ​និង​សាក្សី​មិន​បាន​និយាយ​ថា ​ពួកគេ​បាន​ឃើញ​អ្នក​ស្រី​យ៉ោម បុប្ជា​ចូលរួម​សកម្មភាព​វាយ​ដំ​ដោយ​ផ្ទាល់​ ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ពីរ​នាក់​រង​របួស​នោះ​ទេ។​
ទោះ​ជាយ៉ាងណា​ក៏ដោយ​ លោក​សួស ​សំអាត ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​បាន​រក​ឃើញ​ថា ​អ្នក​ស្រី​យ៉ោម បុប្ជា​ពិត​ជា​បាន​បញ្ជា​ឲ្យ​បង​ប្អូន​ប្រុស​អ្នក​ស្រី​ពីរ​នាក់​ប្រព្រឹត្ត​អំពើ​ហិង្សា​ពិត​ប្រាកដ​មែន​ ទើប​លោក​សម្រេចឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ៕​
XS
SM
MD
LG