សមាជិកគណបក្សប្រជាធិបតេយ្យដែលមានទស្សនៈវិវឌ្ឍនិយមមួយចំនួនបានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទឱ្យផ្លាស់ប្ដូរវិធានការរបស់សហរដ្ឋអាមេរិកចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដោយការចរចាដោយផ្ទាល់ជាមួយនឹងប្រទេសរុស្ស៊ី។
លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាចំនួន ៣០ រូបនៅក្នុងក្រុមសមាជិកសភាដែលមានទស្សនៈវិវឌ្ឍនិយម ដែលដឹកនាំដោយសមាជិករដ្ឋសភាអ្នកស្រី Pramila Jayapal បានបញ្ជាក់ថា ពួកគេសម្ដែងការដឹងគុណចំពោះការតាំងចិត្តរបស់លោក Biden «ចំពោះការតស៊ូត្រឹមត្រូវតាមច្បាប់របស់ប្រទេសអ៊ុយក្រែននៅក្នុងការប្រឆាំងនឹងសង្គ្រាមបែបគឃ្លើនរបស់រុស្ស៊ី» និងបានទទួលស្គាល់ថា ជំនួយសេដ្ឋកិច្ច យោធា និងមនុស្សធម៌របស់សហរដ្ឋអាមេរិកគឺមានសារៈសំខាន់សម្រាប់ជ័យជម្នះរបស់អ៊ុយក្រែននៅក្នុងការប្រយុទ្ធតតាំងនឹងរុស្ស៊ី។
ប៉ុន្តែនៅក្នុងលិខិតដដែលនោះដែលត្រូវបានរាយការណ៍ដំបូងដោយកាសែត Washington Post ក្រុមសមាជិកសភាទាំងនេះបាននិយាយថា កិច្ចប្រឹងប្រែងការទូតក៏គួរតែជាផ្នែកមួយនៃវិធានការរបស់សហរដ្ឋអាមេរិកនៅក្នុងការបញ្ចប់សង្គ្រាមនេះផងដែរ ដែលសង្គ្រាមនេះបានបង្កផលវិបាកដ៏មហន្តរាយដល់ប្រជាពលរដ្ឋអ៊ុយក្រែន និងគំរាមកំហែងដល់វិបត្តិស្បៀងអាហារនិងភាពក្រីក្រនៅលើពិភពលោកដោយសារការឡើងថ្លៃតម្លៃប្រេងឥន្ធនៈនិងធញ្ញជាតិ។
ក្រុមសមាជិកសភាទាំងនេះបានសរសេរនៅក្នុងលិខិតនោះដូច្នេះថា៖ «ក្នុងនាមជាសមាជិកសភាដែលទទួលខុសត្រូវលើការចំណាយថវិកាបង់ពន្ធរាប់ម៉ឺនលានដុល្លាររបស់ពលរដ្ឋអាមេរិកាំងសម្រាប់ជំនួយយោធានៅក្នុងសង្គ្រាមនេះ យើងជឿថា ការប្រឡូកដូចនេះនៅក្នុងសង្គ្រាមនេះក៏បង្កើតឱ្យមានការទទួលខុសត្រូវសម្រាប់សហរដ្ឋអាមេរិកផងដែរនៅក្នុងការស្វែងរកឱ្យមានម៉ឺងម៉ាត់នូវវិធីដែលអាចទៅរួចទាំងអស់ ដែលក្នុងនោះរួមមានទាំងការប្រឡូកដោយផ្ទាល់ជាមួយនឹងរុស្ស៊ីផងដែរ ដើម្បីកាត់បន្ថយផលអាក្រក់និងគាំទ្រអ៊ុយក្រែនឱ្យសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីមួយ»៕
សមាជិកបក្សប្រជាធិបតេយ្យមួយចំនួនជំរុញលោក Biden ឱ្យចរចាជាមួយរុស្ស៊ីរឿងអ៊ុយក្រែន
វ៉ាស៊ីនតោន —