ខ្សែភាព​យន្ត​«សត្រូវ​ប្រជាជន»​ទំនង​ជា​អាច​ដោះ​បន្ទុក​មេ​ដឹកនាំខ្មែរ​ក្រហម​នួន ជា

លោក​ថេត សម្បត្តិ​ ផលិតករ​រឿង​«សត្រូវ​របស់​ប្រជាជន» សម្ភាស​​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​លោក​ នួន ជាមុនពេលចាប់ខ្លួន​

ផលិតករ​ខ្សែភាពយន្ត​ឯកសារ​មួយ​ឈ្មោះ​«សត្រូវ​ប្រជាជន​ឬ ​The ​Enemies ​of the People» ​ដែល​ទំនងជា​អាច​ជួយ​ដោះបន្ទុក​ដល់​ជន​ជាប់ចោទ​នួន ជា​ប្រកាន់​ជំហរ​ថា​ លោក​នឹងទៅ​បំភ្លឺ​អំពី​ការណ៍​ពិត​នៃ​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ក្នុង​ទស​វត្សរ៍​១៩៧០ ​ប្រសិន​បើ​តុលាការ​អនុញាត​ឲ្យ​លោក​មាន​សិទ្ធិ​និយាយ​ដោយ​ឥត​លក្ខខណ្ឌ។ ​លោក​ថេត សម្បត្តិ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពេល​ដែល​ក្រុម​មេធាវី​នួន ជា​ ​កំពុង​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ក្នុង​ការ​កោះហៅ​លោក​នោះ។​

ក្រុម​មេធាវី​ការពារក្តី​ជន​ជាប់​ចោទ​នួន ជា​បាន​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​របស់​ ខ្លួន​ក្នុង​ការ​បន្ត​ប្តឹង​ឧទ្ធរណ៍​តាមផ្លូវ​ច្បាប់​ជំទាស់​ទៅ​នឹង​ការ​កាត់ទោស​មួយ​ជីវិត​ ប្រឆាំង​នឹង​កូនក្តី​របស់​ខ្លួន​កាលពី​ដើម​ខែ​សីហា ​ឆ្នាំ​២០១៤​ ដោយ​ចាត់​ទុក​ថា​ ​ឧក្រិដ្ឋ​កម្ម​នៅ​ទួល​ពោធិ៍​ជ្រៃ ​ខេត្តពោធិ៍​សាត់ ​ដែល​មាន​ជន​រងគ្រោះ​ជាង​១​ម៉ឺន​នាក់​ជា​អតីត​ទាហ៊ាន​របប​សារធារណរដ្ឋ​ខ្មែរ​ត្រូវ​សម្លាប់​នោះ​ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​ជាប់​ចោទ​នួន ជា​ទេ។​ ការ​អះអាង​យ៉ាង​ដូច្នេះ​ដោយ​ផ្អែក​ទៅ​លើ​អត្ថា​ធិប្បាយ​ របស់​លោក​ថេត សម្បត្តិ​ផលិតករ​ខ្សែភាព​យន្ត​ឯកសារ​ខ្មែរក្រហម​ប្រាប់​វីអូអេ​ភាសា​ខ្មែរ​ថា ​នួន ជា​ បងធំ​ទី២ ​និង​ខៀវ សំផន​ ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរក្រហម​មិន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ ដូច​ដែល​តុលាការ​បាន​កាត់​ទោស​ឲ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ​ជាប់គុក​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០២​ វគ្គទី​១​នោះ​ទេ។​

លោក​ថេត សម្បត្តិ​បាន​ថ្លែង​ថា​ មន្ត្រី​ដែល​ប្រព្រឹត្ត​រឿង​នេះ​ជាក្រុម​ផ្សេង​ហើយ​មាន​សាក្សី​ជាច្រើន​ដែល​បាន​ដឹង​អំពី​ការ​ចាប់​ចង ​បង្អត់​បាយ ​កាប់​សម្លាប់​ប្រជាជន​ ហើយ​ពួកគេ​នៅ​រស់​ ហើយ​ជា​កូន​មន្ត្រី​ ដែល​បាន​ប្រព្រឹត្ត​ហេតុ​ការណ៍​ទាំង​នោះ​ក៏​កំពុង​រស់​នៅ​យ៉ាង​សម្ងាត់​ផង​ដែរ។​

លោក​បាន​ថ្លែង​បន្ត​ថា ​លោក​មិន​បដិសេធ​ចំពោះ​ការ​កោះហៅ​របស់​តុលាការ​ទៅ​បំភ្លឺ​ទេ ​ប្រសិន​រឿង​នោះ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ​និង​ជន​ជាប់​ចោទ​ ​ហើយ​បើ​តុលាការ​បើក​សិទ្ធិ​ឲ្យ​លោក​និយាយ​ដោយ​គ្មាន​ការ​រិតត្បិត។ ​លោក​ថា​ការ​ស្រាវជ្រាវ​របស់​លោក​លើ​បញ្ហា​ប្រវត្តិ​សាស្ត្រ​ខ្មែរ ​គឺ​លោក​ចង់​ឲ្យ​ពលរដ្ឋ​ទូទៅ​ បាន​យល់​ដឹង​ថា ​តើ​នរណា​នៅពី​ក្រោយ​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ ​ក្នុង​ឆ្នាំ១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩​នោះ។​

«ឲ្យតែ​តុលាការ​គេ​យល់ព្រម ​ឲ្យ​តែ​បើក​សេរីភាព​ឲ្យខ្ញុំ​និយាយ​ អា​ហ្នឹង​ ខ្ញុំ​ធ្វើ។​ បើ​សិន​បិទសិទ្ធិ​ខ្ញុំ​មិនឲ្យ​និយាយ​ ​ដាក់តែ​ចំណុច​ណា​ដែលខ្ញុំ​ត្រូវតែ​ឆ្លើយ​គឺ​ខ្ញុំ​មិន​ អាច​ធ្វើ​បាន​ទេ។​ បើ​សិន​ណាបើកសិទ្ធិខ្ញុំ​ទូលំ​ទូលាយ​ក្នុង​នាម​ខ្ញុំ​ជា​សាក្សី​ បើ​ចង់​ហៅ​ខ្ញុំធ្វើ​ជា​សាក្សី​ ឲ្យ​ខ្ញុំ​បំភ្លឺ​ ទាល់តែ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ទាំង​ស្រុង​ បាន​ន័យ​ថា ​មិន​អាច​ផ្តោតតែ​រឿង​ចំណុច​មួយ​ ហើយ​ចុចតែ​រឿង​មួយ​ ដល់​អញ្ចឹង​ខ្ញុំមិន​អាច​ធ្វើ បាន​ទេ។​ អញ្ចឹង​ធ្វើ​អ្វីៗ​ត្រូវតែ​ឲ្យ​ទូលំ​ទូលាយ​ទាំង​អស់​គ្នា។​ អញ្ចឹង​យុត្តិធម៌​នឹង​ ផ្តល់​ឲ្យ​ទាំង​អស់​គ្នា​ ទាំង​ជន​រងគ្រោះ​ ទាំង​ជន​ជាប់​ចោទ»។​

លោក​ថេត សម្បត្តិ​ ផលិតករ​ខ្សែរ​ភាពយន្ត​ឯកសារ«​សត្រូវ​ប្រជាជន ​The Enemies of the ​People»​ ហើយ​ជា​អ្នក​កាសែត​កម្ពុជា​ម្នាក់ ​បាន​ចំណាយ​ពេល​១០ឆ្នាំដើម្បី​ផលិត​ខ្សែភាព​យន្ត​ និង​សម្ភាស​ជាមួយ​នួន​ ជា​និង​ជនដៃ​ដល់​ សាក្សី​ ជនរង​គ្រោះ​សំខាន់ៗ​ជាច្រើន ​ក្នុង​តំបន់​អតីត​ខ្មែរក្រហម។​ ខ្សែ​ភាព​យន្ត​របស់​លោក​នេះ​បាន​ទទួល​ពាន​រង្វាន់​ល្បីល្បាញ​ជា​ច្រើន​ពី​អន្តរជាតិ។​

​លោក​ថេត សម្បត្តិ​ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​រង្វាន់​អ្នក​កាសែត​ឆ្នើម​ថ្នាក់​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១១ ឬ​2011​ Knight International Journalism Award ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន

លោក​បាន​ចោទ​ប្រកាន់​តុលាការ​ថា ​មិន​បាន​អនុញ្ញាត​ឲ្យ​សាក្សី​បាន​បំភ្លឺ​ការណ៍​ពិត​ទាំងអស់​ទេ​ កន្លង​មក​ ហើយ​ការ​កាត់​សេចក្តី​រឿង​ទួលពោធិ៍ជ្រៃ​ថា​ នួន​ ជា​ និង​ខៀវ សំផន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​នោះ​គឺខុស​ពី​ការណ៍​ពិត។​

«ខ្ញុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ណាស់​ហើយ​ បាន​ជា​ខ្ញុំ​ថា​ ការ​កាត់​ក្តី​កន្លង​មក​ដែល​ ចោទ​ទៅ​លើ​ករណី​ហ្នឹងគឺ​ខុស​ស្រឡះ​ហើយ។​ ​អញ្ចឹង​បាន​ថា​ ​ខ្ញុំមិន​មែន​ទៅ​គាំទ្រនួន ​ជា​ ​ខៀវ សំផន ឬក៏​ប៉ុល ពត​ទេ។ ខ្ញុំ​មិន​ដែល​ទៅ​ជួប​ប៉ុល ពត​ទេ។​ ករណី ប៉ុល ពត​ស្លាប់​ហើយ​ក៏​ដោយ​ ខ្ញុំ​មិន​ដែល​ជួប​គាត់​ក៏​ដោយ​ ករណីណា​ដែល​គាត់​ធ្វើ​ត្រូវ​គឺ​ខ្ញុំ​ថា​ ត្រូវ ​បើ​សិន​ប៉ុល ពតធ្វើ​ខុស​គឺ​ខ្ញុំ​ថា ​ខុស។​ មនុស្ស​ស្លាប់​ហើយ​ យើង​មិន​ចេះតែ​ចោទ​គេ​ ដូច​កន្លង​មក​ អ្នកណា​មួយ​ក៏​ចេះ​តែ​បន្ទោស​ទៅ​លើ​ប៉ុល ពត ​ប៉ុល ពតទាំងអស់។ ​ការស្លាប់​ទាក់ទិន​នឹង​ការ​បង្អត់​បាយ ​ស្អីៗ​ទូទៅ​ហ្នឹង​ គឺ​ធ្លាក់​ទៅ​លើប៉ុល ពត។​ តាម​ការណ៍ពិត​រឿង​មិនមែន​ទៅ​លើ​ប៉ុល ពត​ទាំង​អស់​ទេ។​ វា​មាន​បញ្ហា​ផ្ទៃ​ក្នុង​ខ្លាំងណាស់។​ អញ្ចឹង​ហើយ​រឿង​ហ្នឹង​ជា​ការ​រសើប​មួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិ​បាល​យើង​សព្វ​ថ្ងៃ​ហ្នឹង»។​

លោក​ថា​ តុលាការ​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅដល់​ជន​ដៃ​ដល់​ មេដឹក​នាំ​របស់​ពួក​គេ ​ដែល​នៅ​រស់​ទេ ​តែ​ជួប​ត្រឹម​ជន​រងគ្រោះ​ និង​ប្រជាជន​ខ្លះ​ ដោយ​សារ​ថា​ នេះ​ជារឿង​រសើប​ក្នុង​ជួរមន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​គេ​ដឹង​ថា ​ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម​នោះ។​ លោកថា​ រឿង​នេះ​បង្ក​ឲ្យ​មាន​ការ​កាត់​ក្តី​ខុស និង​ជាការ​កាត់​ក្តី​របៀប​សងសឹក​ ហើយ​លោក​ចោទ​សួរ​ថា ​តើតុលាការ​នេះ​ជា​នរណា?​

ដោយ​សំអាង​លើ​អត្ថាធិប្បាយ​ស្រដៀង​គ្នា​នេះ​កន្លង​មក ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ​នួន ​ជា​បាន​ដាក់​ភស្តុតាង​បន្ថែម​ថ្មី​ទៀត​ ទោះជា​តុលាការ​ធ្លាប់​បដិសេធ​ក្តី។ ​ក្រុម​មេធាវីធ្វើ​ដូច្នេះ​ដើម្បី​កោះ​ហៅផលិតករ​ភាពយន្ត​ឯកសារ​គឺ​លោក​ថេត សម្បត្តិ​ និង​លោក​រ៉ប ឡឹមគីន​ (Rob Lemkin)​ ជនជាតិ​អង់គ្លេស​មក​បំភ្លឺ។

លោក ​Victor Koppe ​មេធាវី​អន្តរជាតិ​ការពារក្តី​ជន​ជាប់​ចោទ​នួន ជា​បានថ្លែង​ថា​ ការ​មក​ឆ្លើយ​បំភ្លឺ​របស់​លោក​ថេត សម្បត្តិ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ការ​ ស្វែង​រក​យុត្តិធម៌​និង​ការ​ទទួលខុស​ត្រូវ​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ដល់​កូនក្តី​លោក។​

«ដូច្នេះ​យើង​កំពុង​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​កំពូល​អំពី​សំណើរបស់​យើង​ ដើម្បី​កោះហៅ​លោក​ថេត សម្បត្តិ​មក​បំភ្លឺ​ក្នុង​ដំណើរ​ការ​ប្តឹង​ជំទាស់»។​

លោក​ថា​ ការ​សម្រេច​យ៉ាងណា​របស់​តុលាការ​កំពូល​នោះ​នឹងធ្វើ​នៅ​ខែ​ឧសភា​ ឬ​ខែ​មិថុនា​ខាងមុខ​ ដែល​លោក​ថា ​ការ​សម្រេច​យ៉ាងណា​នោះ​នឹង​មិន​ធ្វើ​ឲ្យ​ជះ ឥទ្ធិពល​លើ​ការ​ចូលរួម​ក្នុង​សវនាការ​អង្គ​ជំនុំ​ជម្រះសំណុំ​រឿង​០០២​ វគ្គ​ទី២​របស់ កូន​ក្តី​របស់​លោក​ទេ។​ តែ​លោក​នៅ​តែ​រំឭកពី​សារៈ​សំខាន់​នៃ​ការ​បំភ្លឺ​របស់​លោក​ថេត សម្បត្តិ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​ខេមរភាសា។​

«បន្ទាប់ពី​ការ​កាត់​ទោស​លោក​នួន ជា ​លោក​ថេត សម្បត្តិបាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​វីអូអេ​ខេមរ​ភាសាថា ​នួន ​ជា​ជាជន​គ្មាន​ទោស​កំហុស​ក្នុងបទ​ឧក្រិដ្ឋ​កម្ម​នៅ​ទួល​ពោធិ៍ជ្រៃ ​ដែល​ត្រូវ​គេ​ប្រព្រឹត្ត​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥​នោះ​ទេ»។​

សាលាក្តី​ខ្មែរក្រហម​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ចំពោះ​ជនជាប់​ចោទ ​នួន​ ជា ​និង​ខៀវ សំផន ​កាលពី​ថ្ងៃទី៧​ខែ​សីហា​ឆ្នាំ​២០១៤ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ ហើយ​នាំ​ឲ្យ​មាន​ការ​ស្លាប់​ បែកបាក់​ និង​ព្រាត់​ប្រាស់​គ្រួសារ ​ហើយ​នឹង​ការ​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ​ ខេត្ត​ពោធិ៍សាត់​ក្នុង​ទស​វត្សរ៍​១៩៧០​នោះ។​

លោក ​Peter Maguire ​សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​មួយ​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ «ប្រឈម​មុខ​នឹង​សេចក្តី​ស្លាប់​ក្នុង​ប្រទេស​ កម្ពុជា»​ ឬ​ Facing ​Death ​in Cambodia ​ថ្លែង​ថា​ ការ​មាន​ក្តី​អាណិត​អាសូរ​របស់​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ចំពោះ​នួន ជា​ និង​ការ​ដែល​មេធាវី​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ដើម្បី​សុំឲ្យ​ផលិតករ​ភាពយន្ត​ទៅ​បំភ្លឺ​មិន​ធ្វើ​ឲ្យ​លោក​ភ្ញាក់ផ្អើល​អ្វី​ទេ​ នោះ​គឺ​ជា​សិទ្ធិ​របស់​គេ។​ តែ​លោក​ថា​ នួន ជា​ជា​មេ​ដឹកនាំ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ ដោយ​ប្រៀប​ធៀប​ទៅ​នឹង​បញ្ជាការ​កប៉ាល់​ចោរ​សមុទ្រ។​

«ហើយ​គាត់​និយាយ​ថា​ ក្រុម​ចោរ​សមុទ្រ​នៅ​ទីនេះ ​ពួក​គេ​ប្រព្រឹត្ត​រឿង​ទាំង​នេះ​ ខ្ញុំ​មិន​ដឹង​ទេ។​ ការ​និយាយ​ដូច​នោះ​មិន​ជា​បញ្ហា​ទេ។​ តែ​ទី​បំផុត​ជា​ការ​ទទួល​ ខុស​ត្រូវ​របស់​អ្នក​ដឹកនាំ។​ គោល​ការណ៍​តុលាការ Nuremberg ​ជា​ការណ៍ពិត​គឺ​ថា ​ជំនួស​ឲ្យ​ការ​ព្យាយាម​កាត់​ទោស​ជន​មាន​បាតដៃ​ប្រឡាក់​ឈាម​ដែល​បាន​កាប់​ សម្លាប់​ផ្ទាល់​ដៃ​គឺ​គេ​កាត់​ទោស​អ្នក​ដឹកនាំ​កំពូលៗ​ ហើយ​ចាប់​ឲ្យ​មេ​ដឹកនាំ​ដែល​បាន​តាក់តែង​គោល​នយោបាយ​ទាំង​នោះ​ទទួល​ខុសត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​កម្ម»។​

លោក​ថ្លែង​ថា​ តុលាការ​មិន​គួរ​ពន្យារ​ពេល​ដោយសារ​សំណើរបស់​មេធាវី​រឿង​ចូល​ខ្លួន​មកបំភ្លឺ​ឬ​មិន​មក​បំភ្លឺ​របស់​ផលិតករ​ភាពយន្ត​នោះ​ទេ។​

លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​ថ្លែង​ថា ​ការ​សម្រេច​ កោះ​ហៅ ​ឬ​មិន​កោះហៅ​សាក្សី​ណា​ម្នាក់​តាម​សំណើរបស់​មេធាវី ​ឬ​យ៉ាង​ណា​ នោះ​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​អង្គ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​ គឺ​ទាំង​នៅ​សាល​ដំបូង​និង តុលាការ​កំពូល។​

«ហើយ​ដូចជា​នៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ក៏ដូចគ្នា​ដែរ​ គាត់​នឹង​ធ្វើ​ការ​ពិនិត្យ​ ទៅ​លើ​នីតិវិធី​ច្បាប់​ថា ​តើ​ត្រូវ​កោះហៅ​សាក្សី​នោះ​មក​បំភ្លឺ​បន្ថែម​ឬ​ក៏​យ៉ាង​ម៉េច»។​

សាលាក្តី​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​ កំពុង​រៀបចំ​កាត់​ ទោស​សំណុំ​រឿង​០០២វគ្គ​ទី២​ នៅ​ថ្ងៃ​ទី​៨ ​ខែ​មករា​បន្ត​ទៀត​ទាក់ទង​នឹង​បទ​ ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ធំៗ​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជិត​២​លាន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ ​ បទ​ឧក្រិដ្ឋ​កម្ម​ទាំង​នោះ​ មាន​ទាំង​ឧក្រិដ្ឋ​កម្ម​ សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និងឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍៕​