កងទ័ព​គាំទ្រ​រុស្ស៊ី​ចូល​កាន់កាប់​យក​​ទី​បញ្ជាការ​កងទ័ព​ជើងទឹក​អ៊ុយក្រែន

សមាជិក​ម្នាក់​នៃ​កងកម្លាំង​ការពារ​ខ្លួន​ដែល​គាំទ្រ​ប្រទេស​រុស្ស៊ី​​ទម្លាក់​ទង់​កងទ័ព​ជើង​ទឹក​អ៊ុយក្រែន​ខណៈ​ដែល​ម្នាក់​ទៀត​បង្ហូត​ទង់ជាតិ​រុស្ស៊ី នៅ​ឯ​​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​អ៊ុយក្រែន​នៅ​​ទី​ក្រុង Sevastopol ឧបទ្វីប​គ្រីមា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៤។

កងទ័ព​ដែល​លម្អៀងទៅ​ប្រទេស​រុស្ស៊ី ​បាន​កាន់​កាប់​ទី​បញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​ប្រទេស​អ៊ុយក្រែន​ក្នុង​ទី​ក្រុង​កំពង់ផែ Sevastopol ​នៃ​ឧទ្វីប​គ្រីមា (Crimea) មួយ​ថ្ងៃ​បន្ទាប់​រុស្ស៊ី ​បាន​ចុះ​ហត្ថលេខាលើ​សន្ធិសញ្ញាជាមួយ​ពួក​អាជ្ញាធរ​មូលដ្ឋានដើម្បី​ធ្វើ​តំបន់ គ្រីមា ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី។

ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​ ​និយាយ​ថា ​កងទ័ព​ការពារ​ខ្លួន​ដែល​គ្មាន​ប្រដាប់​អាវុធយ៉ាង​ហោច​ណាស់​ក៏​២០០​នាក់​ដែរ ​បាន​ចូល​ក្នុង​មូលដ្ឋាន​នោះ​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ​បាន​ដាក់​ទង់​ជ័យរុស្ស៊ី។ ​គ្មាន​អំពើ​ហិង្សា ​នៅ​ពេល​ដែល​កងទ័ព​អ៊ុយក្រែន​មិន​បាន​ត​ដៃ​ក្នុង​ការ​រឹប​អូស​យក​នេះ។

ទាហាន​រុស្ស៊ីរាប់​ពាន់​នាក់​ ​បាន​កាន់​កាន់​តំបន់​គ្រីមា​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ។ ​តំបន់​ដែល​មាន​ជន​ជាតិ​រុស្ស៊ី​ភាគ​ច្រើន ​បាន​បោះឆ្នោតប្រជា​មតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បីផ្តាច់​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ហើយ​ចូល​ជា​មួយ​រុស្ស៊ី។

ចំណាត់​ការ​របស់ប្រធានា​ធិបតី​រុស្ស៊ី​ វ្លាឌីមៀ ពូទីន (Vladimir Putin) ​ដើម្បី​យក​តំបន់​គ្រីមា ​ធ្វើ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី ​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិកនិង​សហភាព​អឺរ៉ុប​ខឹង​សម្បារ ​ដែល​បានប្រកាស​ថា ការ​បោះឆ្នោត​ប្រជាមតិ​នោះ​ខុសច្បាប់ហើយ​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ីនៅ​ក្នុង​ការ​ឆ្លើយ​តប​នោះ។

ប្រធានា​ធិបតី​ Putin ​បាន​ប្រាប់​សភា​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​បោះឆ្នោត​នោះ ជា​ការណ៍​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​តំបន់​គ្រីមាជាផ្នែក​មួយ​របស់​រុស្ស៊ី៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន