ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​អ៊ុយក្រែន​ឆ្លើយ​តប​ក្នុង​សង្គ្រាម​ព័ត៌មាន​ជាមួយ​រុស្ស៊ី


​រូបថត​ឯកសារ៖ អ្នក​យក​ព័ត៌មាន​ស្តាប់​ប្រធានាធិបតី​ដែល​ត្រូវ​បណ្តេញ​ចេញ​របស់​អ៊ុយក្រែន Viktor Yanukovich ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង Rostov-on-Don របស់​រុស្ស៊ី​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
បណ្តាញ​ព័ត៌មាន​ត្រួត​ត្រា​ដោយវិមាន​ក្រឹមទ្បាំង​បាន​បើក​ធ្វើ​សង្គ្រាម​ព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ថា ​ការ​កាន់​កាប់​តំបន់​គ្រីមា​ដោយ​ប្រទស​រុស្ស៊ីជា​ការ​ត្រឹមត្រូវ។ ក៏​ប៉ុន្តែ​ដោយ​យឺតៗ​ ពលរដ្ឋ​អ៊ុយក្រែនបាន​រៀបចំ​ឱ្យ​មាន​ការ​ទប់ទល់​នឹង​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ។​

នៅ​ពេល​ដែល​ក្រុម​ទាហាន​រុស្ស៊ីបាន​ចូល​កាន់កាប់​ឧបទ្វីប​គ្រីមា​នៃ​ប្រទេស​អ៊ុយក្រែន​កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​បើក​ធ្វើ​យុទ្ធនាការ​ឃោសនា​ដ៏​គឃ្លើន​មួយ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា​ អន្តរាគមន៍​របស់​ខ្លួន​ជា​ការ​ត្រឹមត្រូវ។​ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​និយាយ​អះអាង​ថា ​ក្រុម​ទាហាន​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​នោះ​ដើម្បី​ការពារ​ពួក​ជន​អំបូរ​រុស្ស៊ី​ហើយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​ចោទ​ប្រកាន់​ពួក​ Nazis​ ថ្មី​ និង​ពួក​ជ្រុល​និយម​អំពី​ការ​បណ្តេញ​ចេញ​ពី​តំណែង​កាល​ពី​ពេល​មុន​នេះ​នៃ​ប្រធានាធិបតី​អ៊ុយក្រែន​ឈ្មោះ Viktor Yanukovych ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី ហើយ​ដែល​ការ​ឆ្លាក់​ពី​តំណែង​របស់​គាត់​បាន​នាំ​ឱ្យ​មាន​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី។

ដោយ​លៃលក​ដោះស្រាយ​នឹង​បញ្ហា​នៅ​ក្រោយ​បដិវត្តន៍​មួយ​ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​នៃ​ប្រទេស​អ៊ុយក្រែន​គ្មាន​ប្រភព​ធនធាន​ខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដើម្បី​ទប់ទល់​នឹង​អ្វី​ដែល​ខ្លួន​និយាយ​ថា​ជា​ការ​បកស្រាយ​បំភ្លៃ​ព្រឹត្តិការណ៍​ដោយ​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​ពីព្រោះ​រដ្ឋមន្ត្រី​ថ្មីៗ​ភាគ​ច្រើន​គ្មាន​មន្ត្រី​ខាង​កាសែត​ទេ។​ ក៏​ប៉ុន្តែ​ពលរដ្ឋ​សាមញ្ញ​អ៊ុយក្រែន​កំពុង​ខិតខំ​ប្រឹងប្រែង​ទប់ទល់​នឹង​ការ​រៀប​រាប់​ព្រឹត្តិការណ៍​នេះ​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ត្រួតត្រា​ដោយ​វិមាន​ក្រឹមទ្បាំង។​

ផ្នែក​មួយ​នៃ​ការ​ទប់ទល់​នេះ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​សណ្ឋាគារ​អ៊ុយក្រែន​នៃ​ក្រុង Kyiv ដែល​នៅ​ទី​នោះ​ពួក​អ្នក​ជំនាញការ​មួយ​ក្រុម​ខាង​ទំនាក់ទំនង​សាធារណៈ​នៃ​វិស័យ​ឯកជន​អ៊ុយក្រែន​បានបង្កើត​មជ្ឈមណ្ឌល​កាសែត​មួយ​គ្រា​មាន​វិបត្តិ។ អ្នកស្រី​ Frolova​ Alina ​ដែល​ជា​ប្រធាន​អ្នក​ចាត់ចែង​កិច្ចការ​នៃ​ទីភ្នាក់ងារ​ទំនាក់ទំនង​សាធារណៈ​មួយ​ពន្យល់​ថា៖

«នៅ​ពេល​ដែលការ​លុកលុយ​នៃ​ក្រុម​ទាហានរុស្ស៊ី​បាន​ចាប់ផ្តើម​ យើង​ទាំង​អស់​គ្នា​មាន​ការ​ទង្គុក​ចិត្ត​ ហើយ​យើង​យល់​ថា​រដ្ឋាភិបាល​យើង​នៅ​ក្មេង​ខ្ចី។​ ពួក​គេ​មាន​បញ្ហា​ជា​ច្រើនហើយ​ពួក​គេ​គ្មាន​ពេល​យក​ចិត្ត​ទុកដាក់​លើ​ការ​ការពារ​ប្រទេស​អ៊ុយក្រែន​ខាង​ព័ត៌មាន​ទេ។ ​ហើយ​យើង​បាន​ចាប់​ផ្តើម​ហៅ​ទូរស័ព្ទ​ទៅ​រក​គ្នីគ្នា​ដោយ​និយាយ​ថា​ យើង​ត្រូវការ​ធ្វើ​កិច្ចការ​ដើម្បី​ការពារ​ប្រទេសអ៊ុយ​ក្រែន​និង​ផ្តល់​ព័ត៌មាន​ឯករាជ្យ​ ព័ត៌មាន​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​និង​ទស្សន​របស់​យើង។»

អ្នក​ស្រី​ Frolova​ និយាយ​ថា ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ប្រាក់​កាស​ឱ្យ​មជ្ឈមណ្ឌល​នេះ​ទេ៖ «មនុស្ស​ទាំង​អស់​ដែល​ធ្វើការ​នៅ​ទី​នេះ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ ហើយ​ជាពួក​អ្នក​មាន​អាជីព​ខាង​ការ​ទាក់ទង​សាធារណៈ ខាង​ការ​ឃោសនា​ពាណិជ្ជកម្ម ​ខាង​គមនាគមន៍​និង​ខាង​ទំនាក់ទំនង​អន្តរជាតិ។»

មជ្ឈមណ្ឌល​គ្រា​មាន​វិបត្តិនេះ​ មិន​បាន​ផ្តល់​ការ​រៀបរាប់​ព័ត៌មាន​ផ្ទាល់ខ្លួន​ទេ​ ក៏ប៉ុន្តែ​បាន​បម្រើការ​ជា​វេទិកា​មួយ​សម្រាប់​ឱ្យ​ពួក​អ្នក​នយោបាយ ​ពួក​សកម្មជន​ ពួក​អ្នក​ជំនួញ​អ៊ុយក្រែន​ ព្រម​ទាំង​ពួក​មន្ត្រី​អន្តរជាតិ​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ុយក្រែន​ធ្វើ​សន្និសីទ​កាសែត។ ​អ្វីៗ​ដែល​ពួក​គេ​និយាយ​បាន​ត្រូវ​រាយការណ៍​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ព័ត៌មាន​និង​តាម​ Facebook និង​ Twitter​ របស់​មជ្ឈមណ្ឌល​នេះ។​

នៅ​ក្នុង​សប្តាហ៍​នេះ​ ក្រសួង​ការបរទេស​ស.រ.អ.​បាន​រិះគន់​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ឃោសនា​ដោយ​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​ដោយ​និយាយ​បង្ហាញ​ហេតុផល​ថា៖ «ពិភពលោក​មិន​បាន​ឃើញ​រឿង​ប្រឌិត​របស់​រុស្ស៊ី​ដែល​នាំ​ឱ្យ​ភ្ញាក់​ចាប់​តាំង​ពី​លោក​ Dostoyevsky បាន​សរសេរ​រឿង​ប្រលោមលោករបស់​លោក​មក​ទេ។ រូបមន្ត​ពីរ​គុណ​នឹង​ពីរ​ឃើញ​ប្រាំ​មិន​មែន​គ្មាន​ការ​ទាក់ចិត្ត​ទេ។»

ប្រែ​សម្រួល​ដោយ ឈឹម​ សុមេធ
XS
SM
MD
LG