ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​នៅ​ក្នុង​ក្រុង​ហុងកុង

ទិដ្ឋភាព​នៃ​ការប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុង​កុង កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៣១ ខែសីហា ២០១៩។

កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ប៉ះ​ទង្គិច​ជាមួយ​ពួក​ប៉ូលិស​នៅ​ក្នុង​ក្រុង​ហុងកុង​នៅ​ពេល​ពួក​គេ​បាន​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ក្នុង​ដំណាច់​សប្តាហ៍​ទី​១៣​បន្ត​បន្ទាប់​គ្នា​ដោយ​បំពាន​លើ​បម្រាម​របស់​រដ្ឋាភិបាល​មិន​ឱ្យ​ធ្វើ​បាតុកម្ម។​

ពួក​ប៉ូលិស​បាន​បាញ់​គ្រាប់​បែក​ផ្សែង​និង​បាន​ប្រើ​ប្រាស់​កាណុង​ទឹក​ដើម្បី​បាញ់​ទឹក​ព៌ណ​ខៀវ​ទៅ​លើ​ក្រុម​បាតុករ​នៅ​ខាង​មុខ​សភា​ក្រុង​នេះ​ដើម្បី​ឱ្យ​ងាយ​ស្រួល​ដឹង​ថា​ ពួក​គេ​ជាក្រុម​បាតុករ។ ពួក​បាតុករ​ដែល​ច្រើន​នាក់​ស្លៀក​សម្លៀក​បំពាក់​ព៌ណ​ខ្មៅ​បាន​គ្រវែង​ដប​ដុត​សាំង​និង​ដុំ​ថ្ម​ទៅ​លើ​ពួក​ប៉ូលិស​នៅ​ពេល​ពួក​គេ​យក​ឆ័ត្រ​ធ្វើ​ជា​របាំង​ការពារ​ខ្លួន។

មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​នៅ​ក្រោយ​ក្រុម​បាតុករ​បាន​ដុត​របាំង​មួយ​នៅលើ​ផ្លូវ​មួយ​នៅ​ជិត​ទី​បញ្ជាការ​ធំ​របស់​ពួក​ប៉ូលិស​ហុង​កុង។

ភ្លើង​ឆេះ​នេះ​បាន​ត្រូវ​ពន្លត់​នៅ​ពេល​ពួក​ប៉ូលិស​បាន​រុញ​ច្រាន​ក្រុមបាតុករ​ទៅ​កាន់​សង្កាត់​លក់​ទំនិញ​ Causeway Bay ដោយ​បាន​បាញ់​គ្រប់​បែក​ផ្សែង​និង​បាញ់​គ្រាប់​កាំភ្លើង​កៅស៊ូ​យូរៗ​ម្តង។

មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​នៅ​ក្រោយ​ពេល​ថ្ងៃ​លិច​នៅ​ពេល​ពួក​បាតុករ​និង​ពួក​ប៉ូលិស​បាន​ប្រឈម​ដាក់​គ្នា​នៅ​ទូទាំង​តំបន់​រដ្ឋបាល​ពិសេស​នេះ។

ពួក​សកម្មជន​និង​ក្រុម​បាតុករ​បាន​ប្រុង​ប្រៀប​ដើម្បី«ថ្ងៃ​សៅរ៍​តឹង​តែង​និង​យូរ»​មួយ​នៅ​ក្រោយ​ពួក​ប៉ូលិស​ហុង​កុង​បាន​ចាប់​ខ្លួន​ពួក​សកម្មជន​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​ជាង​២៤​នាក់​ហើយ​ហាម​ប្រាម​ការ​ដើរ​ធ្វើ​បាតុកម្ម​នៅ​ពេល​ពួក​មន្ត្រី​ស្វះ​ស្វែង​កម្ទេច​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​សុក្រ លោក​ Joshua Wong ​និង​លោកស្រី ​Agnes Chow ​ដែល​ជា​សមាជិក​សភា, សកម្មជន​និង​មេដឹកនាំ​និស្សិត​ល្បី​ឈ្មោះ​បានត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ឱ្យ​មិន​ឱ្យ​មាន​របៀប​រៀប​រយ​សាធារណៈ​ដែល​ជា​ចំណាត់​ការ​មួយ​ពួក​អ្នក​រិះគន់​ហៅ​ថា​ ជា​ការ​ប៉ុន​ប៉ង​ច្បាស់​លាស់​មួយ​ដើម្បី​បំបាក់ទឹក​ចិត្ត​ក្រុមអ្នក​គាំទ្រ​យុទ្ធនាការ​នេះ​ដែល​មាន​រយៈ​ពេល​ជិត​បី​ខែ​មក​ហើយ ​ហើយ​និង​ដើម្បី​បញ្ឈប់​យុទ្ធនាការ​នេះ​ផង​ដែរ។ ​

សកម្មជន​ទាំង​ពីរ​នាក់​នេះ​បាន​ត្រូវ​ចោទ​ប្រកាន់​ក្នុង​ការ​ទាក់​ទិន​ជាមួយ​ការ​ឡោម​ព័ទ្ធ​ទី​បញ្ជាការ​ធំ​របស់​ពួក​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិថុនា ​ដែល​នៅ​ពេល​នោះ​ក្រុម​បាតុករ​បាន​ឡោម​ព័ទ្ធ​អាគារ​នោះ​ច្រើន​ម៉ោង​ព្រម​ទាំង​បានធ្វើ​ឱ្យ​ខូច​ខាត​អាគារ​នោះ​ផង​ដែរ។

ពួក​ប៉ូលិស​ក៏​បាន​ចោទ​ប្រកាន់​សមាជិក​សភា​ហុង​កុង​បី​នាក់​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​គឺ​លោក​ Au Nok-hin, លោក ​Cheng Chung-tai និង​លោក Jeremy Tam Man-ho៕