ភាពរំជើបរំជួលខាងនយោបាយបានកើតមានឡើងនៅក្នុងប្រទេសថៃដោយមានការតែងតាំងម្ចាស់ក្សត្រីអ៊ុបុលរតនា មហាដុល ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនៅខែមិនាខាងមុខ។ ការណ៍នេះកំពុងប្រែក្រឡាស់ប្រពៃណីថៃដែលព្រះបរមរាជវាំងមិនមានតួនាទីសាធារណៈក្នុងនយោបាយ។
ពួកអ្នកសង្កេតការនិយាយថា ការប្រកាសដ៏ភ្ញាក់ផ្អើលនេះ បានបញ្ចប់ទាំងស្រុងនូវក្តីសង្ឃឹមរបស់លោក Prayut Chan-o-cha នាយករដ្ឋមន្រ្តីកំពុងកាន់អំណាចដើម្បីរក្សាអំណាច ដែលលោកបានក្តាប់អំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០១៤។
មានសេចក្តីរាយការណ៍ថា លោក Preechapol Pongpanich ជាមេដឹកនាំគណបក្ស Thai Raksa Chart បានប្រាប់សន្និសីទកាសែតនៅថ្ងៃសុក្រនេះថា៖ «គណៈកម្មាធិការនាយករបស់គណបក្ស បានយល់ស្របថា ព្រះនាមរបស់ម្ចាស់ក្សត្រីអ៊ុបុលរតនា ជាមនុស្សដែលបានទទួលការអប់រំនិងមានជំនាញ សាកសមនឹងជម្រើសនេះបំផុត»។
ការសម្រេចរបស់ម្ចាស់ក្សត្រីដើម្បីឈរឈ្មោះឲ្យគណបក្សដែលមានចំណងទាក់ទងជាមួយលោក Thaksin Shinawatra ដែលគណបក្សរបស់លោកបានឈ្នះគ្រប់ការបោះឆ្នោតរបស់ថៃចាប់តាំងពីឆ្នាំ២០០១មក ក៏ប៉ុន្តែ ត្រូវបានបណ្តេញចេញពីដំណែង២ដងដោយរដ្ឋប្រហារយោធានោះ បានបន្ថែមការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។
ចលនាអាវក្រហមរបស់មហាសេដ្ឋីនិរទេសខ្លួន មានបណ្តាញនយោបាយយ៉ាងខ្លាំងនៅទីជនបទ។
នាយករដ្ឋមន្រ្តី Chan-o-cha ក៏បានចុះឈ្មោះការតែងតាំងរបស់លោកសម្រាប់ការបោះឆ្នោតនោះដែរ។
លោក Weerachon Sukhontapatipak អ្នកនាំពាក្យរដ្ឋាភិបាលយោធាថៃបាននិយាយថា រដ្ឋបាលដែលកំពុងដឹកនាំប្រទេសស្វាគមន៍ការតែងតាំងរបស់ម្ចាស់ក្សត្រីជាបេក្ខជននាយករដ្ឋមន្រ្តីនេះ៕