ប្រទេសចិនកំពុងរងសម្ពាធការទូតខ្លាំងក្លាពីសហរដ្ឋអាមេរិកនិងពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកឲ្យដកខ្លួនចេញពីប្រទេសរុស្ស៊ីដែលកំពុងឯកោ ក៏ប៉ុន្តែក្នុងរយៈពេលជាង ៣ សប្តាហ៍កន្លងមកនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញសញ្ញាតិចតួចប៉ុណ្ណោះនៃការបោះបង់ចោលរុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យរុស្ស៊ីឈានដល់ចំណុចជិតបរាជ័យ ចាប់តាំងពីពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឈ្លានពានលើប្រទេសអ៊ុយក្រែនមក ដោយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងដកប្រទេសរុស្ស៊ីចេញពីប្រព័ន្ធទូទាត់ហិរញ្ញវត្ថុសាកលលោក។
ភាពឯកោ កង្វះហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់ខ្លួន បានធ្វើឲ្យរុស្ស៊ីងាកទៅរកប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន។
កាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្តែងនូវ «ក្តីបារម្ភជាខ្លាំងអំពីសម្ព័ន្ធភាពរបស់ចិនជាមួយរុស្ស៊ី»។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នេះបានធ្វើឡើង បន្ទាប់ពីមានការជួបពិភាក្សានៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី រវាងទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan និងប្រមុខការទូតនៃគណបក្សកុម្មុយនីស្តចិនលោក Yang Jiechi។
ការពិភាក្សានោះមានគោលបំណងសាកល្បងជម្រៅនៃការតាំងចិត្តរបស់ចិនចំពោះរុស្ស៊ី នៅពេលដែលរុស្ស៊ីប្រឹងប្រែងតស៊ូឲ្យទទួលបានជ័យជម្នះនៅក្នុងប្រទេសអ៊ុយក្រែន។
ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក ចិនបានបដិសេធពុំព្រមថ្កោលទោសទង្វើរបស់លោក Putin ឬក៏ពណ៌នាការឈ្លានពាននោះថាជា «សង្គ្រាម»៕