លោក​​ត្រាំ​ចុះ​ហត្ថលេខា​លើ​សំណើ​ថវិកា​ចំណាយ​១,៣​លាន​លាន​ដុល្លារ​បើ​ទោះ​ជា​មាន​ការ​​គំរាម​វេតូ​ក៏​ដោយ

ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ឯ​សេត​វិមាន​អំពី​ច្បាប់​ថវិកា​ចំណាយ​១.៣​លាន​លាន​ដុល្លារ​ កាល​ពី​ថ្ងៃ​ទី​២៣ មីនា ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ​ បាន​ថ្លែង​ថា​លោក​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ថវិកា​ចំណាយ​១,៣​លាន​លាន​ដុល្លារ​ឲ្យ​ក្លាយ​ជា​ច្បាប់​ កាល​ពី​ថ្ងៃ​សុក្រ។

ការ​ចុះ​ហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បើ​ទោះ​បី​ជា​មាន​ការគំរាមប្រឆាំង​លើ​សំណើ​នេះ​ដោយសារតែ​សំណើ​នេះ​មិន​បាន​ចែង​គ្រប់​គ្រាន់​អំពី​ការ​ការពារ​ដល់​ជនអន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្មាម​ដែល​បាន​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​ពេល​វ័យក្មេង​ និង​ដោយ​សារ​តែ​សំណើ​នេះ​មិន​បាន​ផ្តល់​ថវិកា​គ្រប់​គ្រាន់​ដល់​គម្រោង​សង់​ជញ្ជាំង​តាម​ព្រំដែន​របស់​លោក​យ៉ាងណា​ក៏​ដោយ។

លោក​ ត្រាំ​ បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​មិន​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​សំណើ​ព្រៀង​ច្បាប់​ដូច​នេះ​ម្តង​ទៀត​ឡើយ»។ លោក ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ថវិកា ដែល​បាន​បញ្ចៀស​កុំ​ឲ្យ​បិទ​ទ្វារ​រដ្ឋាភិបាល​សហព័ន្ធ​កាល​ពី​យប់​ថ្ងៃ​សុក្រ។

សេតវិមាន​បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​យ៉ាង​ប្រញាប់​ប្រញាល់​ ដោយ​លោក​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​ស្តី​បន្ទោស​គណបក្ស​ប្រជាធិបតេយ្យ​ថា​ខ្វះ​ការ​ការពារ​សម្រាប់​ពួក​អន្តោប្រវេសន៍​ដែល​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ក្រោម​កម្មវិធី ​DACA។ លោក ត្រាំ​ បានថ្លែងថា៖ «យើង​ចង់​បញ្ជូល​កម្មវិធី DACA ទៅ​ក្នុង​សេចក្តី​ព្រៀង​ច្បាប់​នេះ។ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មិន​ចង់​ធ្វើ​វា»។

លោក ត្រាំ​ បាន​ស្នើ​ទៅ​សភា​ឲ្យ​បន្ថែម​ឃ្លា​ថា​មិន​យល់ព្រម​ នៅ​លើ​សំណើ​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​ទាំង​អស់​នៅ​ថ្ងៃ​អានាគត៕