ក្រុមសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសំណើថវិកាចំណាយចំនួន១,៣ទ្រីលានដុល្លារនៅមុនផែនការ ដែលអាចទប់ស្កាត់កុំឲ្យបិទទ្វាររដ្ឋាភិបាល។ សំណើនេះបានអនុម័តតាមរយៈការបោះឆ្នោតដោយទទួលបានសំឡេង២៥៦ទល់នឹង១៦៧ ហើយឥឡូវនេះបានបញ្ជូនទៅកាន់ព្រឹទ្ធសភា ដែលមានពេលរហូតដល់ពាក់កណ្តាលអាធ្រាតថ្ងៃសុក្រដើម្បីធ្វើការអនុម័ត និងបញ្ជៀសកុំឲ្យមានការបិទទ្វាររដ្ឋាភិបាលជាលើកទីបីនៅក្នុងឆ្នាំនេះ។
ការបោះឆ្នោតក្នុងចំណោមសភាតំណាងរាស្រ្តបានធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីឯកសារសំណើថវិកាជិត២២០០ទំព័រត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃពុធ។ ដោយសារតែសំណើនេះទំនងជាសំណើច្បាប់ចុងក្រោយដែលត្រូវធ្វើការអនុម័តនៅក្នុងឆ្នាំនេះ ក្រុមសមាជិកសភាបានព្យាយាមដាក់បញ្ចូលថវិកាគ្រោងចំណាយរបស់ពួកគេ។
សំណើថវិកាចំណាយដ៏ធំរបស់គណបក្សទាំងពីរ នឹងបន្តផ្តល់ថវិកាដល់រដ្ឋាភិបាលរហូតដល់ចុងខែកញ្ញាឆ្នាំនេះ។ សំណើនេះនឹងជួយដល់គម្រោងបង្កើនថវិកាយោធារបស់លោកប្រធានាធិបតី Trump បានទទួលជោគជ័យ ខណៈមានការរឹតបន្តឹងយ៉ាងខ្លាំងទៅលើគោលនយោបាយអន្តោប្រវេសន៍របស់លោក។
សំណើថវិកាដែលសេតវិមានថាលោក Trump បានគាំទ្រនោះ នឹងបង្កើនថវិកាចំណាយលើផ្នែកយោធា រួមទាំងបង្កើនការដំឡើងប្រាក់ខែចំនួន២,៤ភាគរយសម្រាប់កងកម្លាំងយោធា។ លោកPaul Ryan ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍ Fox Newsថា«នេះប្រហែលជាជ័យជម្នះដ៏ធំបំផុត គឺជាអ្វីដែលយើងកំពុងធ្វើសម្រាប់ទាហាន ទាហានជើងទឹកកងទ័ពអាកាស កងទាហានជើងទឹក និងអតីតយុទ្ធជនរបស់យើង»៕