ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្តូរ​ដ៏​សាំញ៉ាំ​ពេល​យន្តការ COVAX ចប់

រូបឯកសារ៖ បុគ្គលិក​នៅ​អាកាសយានដ្ឋាន​ម្នាក់​កំពុង​រៀបចំ​ដឹកជញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ដែល​ត្រូវ​បាន​បរិច្ចាគ​តាម​រយៈ​កម្មវិធី COVAX នៅ​ទីក្រុង អត់តាណាណារីវ ប្រទេស ម៉ាដាហ្គាស្កា ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១។

នៅ​ពេល​ដែល​កម្មវិធី​សាកល​សម្រាប់​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដដល់​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​និង​ចំណូល​ទាប​នឹង​ត្រូវ​បញ្ចប់នៅ​ឆ្នាំ ២០២៤​ អ្នក​ជំនាញ​ព្រមាន​អំពី​ការ​ផ្លាស់ប្តូរ​ដ៏​សាំញ៉ាំ​មួយ​ដើម្បី​ធានា​ថា ​ប្រទេស​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ទាប​ត្រូវ​បាន​ការពារ​ពី​វីរុស​កូរ៉ូណា​នេះ និង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មីៗ​ទៀត។

ការ​បញ្ចប់​យន្តការ​ COVAX ​ត្រូវ​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយនឹង​ក្រុម​ប្រឹក្សាភិបាល​នៃ​អង្គការ​សម្ព័ន្ធ​ភាព​សាកល​សម្រាប់​វ៉ាក់សាំង​និង​ភាព​ស៊ាំ (Global Alliance for Vaccines and Immunization (GAVI))។

អង្គការ GAVI គឺ​ជា​កម្លាំង​ចលករ​របស់​យន្តការ​ចែក​ចាយ​វ៉ាក់សាំង​អន្តរជាតិ រួម​ជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក និង​មូលនិធិចម្រុះ​ដើម្បី​នវានុវត្តន៍​នៃ​ការត្រៀម​បង្ការ​ជំងឺ​ឆ្លង (Coalition for Epidemic Preparedness Innovations (CEPI))។

អង្គការ GAVI ​បាន​ឱ្យ​ដឹង​ថា​ យន្ដការ COVAX ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បន្ត​ដល់​ឆ្នាំ​២០២៤។ ដល់​ពេល​នោះ យន្ដការ COVAX គ្រោង​នឹង​បញ្ចប់​កម្មវិធី​នេះ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​៣៧ ប៉ុន្ដែ​នៅ​តែបន្ត​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩និង​មូលនិធិ​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក​ចំនួន ​៥៤ ​ដែល​នៅ​តែ​ចង់​បាន​វ៉ាក់​សាំងបង្ការ​ជំងឺកូវីដ​និង​វ៉ាក់សាំង​ផ្សេង​ទៀត​រហូត​ដល់​ឆ្នាំ​២០២៥។

អង្គការ GAVI បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «នៅ​ពេលដែល យន្ដការ COVAX ​បន្ត​មាន​គម្រោង​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត ក្រុម​ប្រឹក្សា​ភិបាល​បាន​យល់ព្រម​ស្វែង​រក​ការ​រួម​បញ្ចូល​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​កម្មវិធីស្នូល​របស់ GAVI»។

រូបឯកសារ៖ មន្ត្រី​អង្គការ​ UNICEF ម្នាក់​ត្រួតពិនិត្យ​មើល​ប្រអប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna បន្ទាប់​ពីវ៉ាក់សាំង​ទាំង​នោះ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ដល់​អាកាសយានដ្ឋាន​នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ តម្រូវ​ការ​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​ បាន​ធ្លាក់​ចុះ​ខ្លាំងនៅ​ទូទាំង​ពិភពលោក ​ហើយ​ការ​ងាក​ចេញ​ពីការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ទូលំទូលាយ​នេះ​គឺ​ត្រឹម​ត្រូវ​ណាស់។ ប៉ុន្តែ​ ពួកគេ​ក៏​បាន​ព្រមាន​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​សាំញ៉ាំ​មួយ​ពី​យន្តការ​សម្រប​សម្រួល​គ្រាអាសន្ន​ជា​សកល​ដែល​ត្រូវ​បាន​បង្កើតឡើងភ្លាមៗ​នៅ​ពេល​ដែល​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩​កើត​ឡើង​ដំបូង ទៅ​ជាការ​បង្កើត​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​គ្រប់គ្រង​ជំងឺកូវីដ​១៩​រយៈពេល​វែង​វិញ។

លោក​វេជ្ជបណ្ឌិត Krishna Udayakumar ​នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍​សុខភាព​សកលDuke (Global Health Innovation Center Duke) ​បាន​និយាយ​ថា៖ «សំណួរ​ធំៗ​នឹង​ត្រូវ​បាន​ចោទសួរ​ពី​ការ​ផ្លាស់​ប្តូរ​នេះ ដែល​រួម​មានទាំង​សំណួរ​អំពី​ថា​តើ​ប្រទេស​ចំណូល​ទាប​និងចំណូល​មធ្យម​ចំនួន​ប៉ុន្មាន​នឹង​បន្ត​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ថវិកា​និង​ភស្តុភារ​ផ្សេងៗ​ដែល​ពួកគេ​ត្រូវ​ការ​ និង​ផល​ប៉ះពាល់​លើ​កម្មវិធី​វ៉ាក់សាំង​បង្ការ​ផ្សេង​ទៀត​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​សមាហរណកម្ម​វ៉ាក់សាំង​កូវីដ១៩​នោះ​»។

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «មាន​ការ​ខ្វះខាត​ការ​ឯកភាព​គ្នា​ពី​អង្គភាព​ប្រតិបត្តិការ​ផ្សេងៗ​ទៀតហើយ​មិន​មាន​នរណា​ម្នាក់​ ឬ​អង្គការ​ណា​មួយ​នឹង​ទទួល​ខុសត្រូវ​ដើម្បី​ជំរុញ​ដំណើរ​ការ​នេះ​នោះ​ទេ»។​

ជាង​នេះ​ទៅ​ទៀត ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជា​ទៀងទាត់​ភាគច្រើន​គឺ​សម្រាប់​តែ​កុមារ​តែ​ប៉ុណ្ណោះ​ ខណៈ​ដែល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​គឺ​សម្រាប់​មនុស្ស​ពេញ​វ័យ ដូច្នេះយើង​នៅ​មិន​ទាន់​មានយន្ដការ​ច្បាស់លាស់​មួយសម្រាប់​ចាត់ចែង​នៅ​ឡើយ​ទេ»។

លោកUdayakumar ​បាន​និយាយ​ទៀត​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩​ នឹង​បន្ត​កើត​ឡើង​មួយ​រយៈពេល​ទៀត ហើយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នា​ពេល​អនាគត​គួរ​តែ​គាំទ្រការ​បន្តការ​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​នេះ​លើ​ក្រុម​ប្រជាជន​ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​ការ​ត្រៀម​ខ្លួនរួច​ជាស្រេច​សម្រាប់​មេរោគ​បំប្លែង​ខ្លួន​ថ្មី​និង​ការ​គំរាម​កំហែង​ពី​ការ​រាតត្បាត​ជំងឺ​ជា​សាកល​នា​ពេល​អនាគត​ទៀត។

កិច្ច​ខិតខំប្រឹង​ប្រែងរបស់សហរដ្ឋអាមេរិក

សហរដ្ឋ​អាមេរិក​នៅ​តែ​ជាអ្នក​បរិច្ចាគ​វ៉ាក់សាំង​ធំ​បំផុត​ក្នុង​ពិភពលោក​ ដោយ​សហរដ្ឋ​អាមេរិក​បាន​សន្យា​ថា វ៉ាក់សាំង​ចំនួន ១២០០ ​លាន​ដូស​នឹង​ត្រូវ​បាន​ចែកចាយ​នៅ​ចុង​ឆ្នាំ​២០២២នេះ។ ប៉ុន្ដែ​វ៉ាក់សាំង​ជាច្រើន​ដូស​នៅមិនទាន់​ត្រូវ​បាន​ចែក​ចាយ​នៅ​ឡើយ​ទេ ដែល​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​នានា​នោះ​គឺ​ដោយសារ​តែ​តម្រូវ​ការ​ធ្លាក់​ចុះ។​

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃរដ្ឋបាល​លោក​ប្រធានាធិបតី Joe Bidenបាន​ប្រាប់​វីអូអេ​ថា៖ «គិត​ត្រឹម​ដើម​ខែ​ធ្នូ​ សហរដ្ឋ​អាមេរិក​បាន​បរិច្ចាគ​វ៉ាក់សាំងចំនួន​ជាង ​៦៧០ លាន​ដូស​ទៅ​កាន់​ប្រទេស​ចំនួន ​១១៦»។

កាលពី​ខែ​កុម្ភៈ ​រដ្ឋបាលរបស់​លោក​ Biden ​បាន​កែ​សម្រួល​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹងជំងឺ​កូវីដ១៩​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​ឧបសគ្គ​ដែល​ប្រទេស​ចំណូល​ទាប​កំពុង​ជួប​ប្រទះក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ពួកគេ តាមរយៈ​កម្មវិធី Global Vax។ កម្មវិធី Global Vax គឺ​ជា​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​កាលពី​ចុង​ឆ្នាំ​មុន​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់​ថា USAID។​

កម្មវិធី​ Global VAX គឺ​ជា​កិច្ច​ប្រឹងប្រែង​រួម​មួយ​របស់​រដ្ឋាភិបាលនានា​ដើម្បី​ធានា​ថា​វ៉ាក់សាំង​ត្រូវ​បាន​ផ្ដល់​ដល់ប្រជាជន​នៅ​ជុំ​វិញ​ពិភពលោក។ កិច្ច​ការ​នោះ​រួម​មាន ការ​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ក្នុង​សីតុណ្ហភាព​ត្រជាក់ និងភស្តុភារ ការផ្តល់​សេវា​ដឹក​ជញ្ជូន ការ​ជឿជាក់​លើ​វ៉ាក់សាំង​និង​តម្រូវការ ធនធាន​មនុស្ស ទិន្នន័យ​និងការ​វិភាគ ការ​ធ្វើផែនការ​ក្នុង​តំបន់ និង​ប្រសិទ្ធភាព​និង​សុវត្ថិភាព​របស់​វ៉ាក់សាំង។

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក​ Biden រូប​នោះ​បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹង​បន្តកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន។ មន្ត្រី​រូប​នោះ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​មិន​ទាន់​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ ​ចប់​នៅ​ឡើយទេ ទាំង​នៅក្នុង​ប្រទេស​របស់​យើង ហើយ​នឹង​នៅ​ទូទាំង​សកលលោក។ រាល់​ប្រទេសនិង​អង្គការ ត្រូវ​បន្ត​ការងារ​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​នៅ​គ្រប់​ទី​កន្លែង»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មានសំណួរ​អំពីថវិកា​សម្រាប់ផែនការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បន្ត​ឆ្លើយ​តបទៅនឹង​ជំងឺកូវីដ១៩ ដែលរួម​មាន​ទាំង​ការ​បង្ការ​ការ​គំរាមកំហែង​នានា​ក្នុង​ពេល​អនាគត។ រដ្ឋបាល​របស់​លោក Biden កំពុង​តែ​ស្នើ​ឱ្យ​សភា​អនុម័តសេចក្តី​ព្រាង​ច្បាប់​ដ៏​សំខាន់​មួយ​ដើម្បី​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​ចំនួន ​១០ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេស។

ទឹកប្រាក់ចំនួន ​១០ ពាន់លាន​ដុល្លារ​នេះ​ ត្រូវបាន​បន្ធូរ​បន្ថយ​ពី​សំណើ​ដើម​ដែល​មាន​ចំនួន​ដល់​ទៅ ២២ ពាន់ ៥០០​ លានដុល្លារ​ដែល​បាន​ដាក់ស្នើ​កាលពី​ដើម​ឆ្នាំ​នេះ ដែល​ក្នុង​នោះ​ទឹក​ប្រាក់​ចំនួន​ ៥ ពាន់​លាន​ដុល្លារ​គឺ​សម្រាប់​ការ​ឆ្លើយ​តប​ជា​អន្តរជាតិ​របស់​ខ្លួន​ ប៉ុន្តែ​ទឹក​ប្រាក់​នេះ​មិន​ត្រូវ​បាន​អនុម័តនោះ​ទេ៕​



ប្រែ​សម្រួល​ដោយ​កញ្ញា ទុំ ម្លិះ