ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ថា កិច្ចសហការ​វ៉ាក់សាំង​សកល Covax «បរាជ័យភាគច្រើន»


រូបឯកសារ៖ មន្ត្រី​ទទួល​ប្រអប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ Moderna នៅ​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ មន្ត្រី​ទទួល​ប្រអប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ Moderna នៅ​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

កាសែត​ The Financial Times ​និយាយ​ថា​ កម្មវិធី​ Covax​ ដែល​ជា​កិច្ច​សហការ​ជា​សកល​ដើម្បី​ឱ្យ​ប្រទេស​ក្រីក្រ​អាច​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​នោះ​ បាន​ទទួល​«បរាជ័យ​ភាគ​ច្រើន»។​ កាសែត​នេះ​ បាន​រាយ​ការណ៍​ថា ​«ប្រទេស​មានៗ ​ទទួលបាន​វ៉ាក់សាំង​កូវីដ១៩​ ចំនួន​១៦​ដង​លើស​ប្រទេស​ក្រីក្រ​ដែល​ពឹងផ្អែក​លើ​កម្មវិធី ​Covax​ គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក»។​

មនុស្ស​រាប់លាន​នាក់​នៅ​ក្នុង​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភព​លោក​ មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដំបូង​នៅ​ឡើយ ខណៈ​ប្រជាជន​នៅ​ប្រទេស​មានៗ​ អាច​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បន្ទាប់ពី​បាន​ចាក់​ដំបូង។​

កាសែត ​The Financial Times ​បាន​ព្រមាន​ថា​ ភាពខុស​គ្នា​នេះ​ អាច​នាំឱ្យ​មាន​កំណើន​ការឆ្លង​និង​កំណើត​មេរោគ​ដែល​កាន់តែ​កាច​ជាង​មុន ​ហើយ​វា​នឹង​បង្អាក់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល។​

អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​នៅ​ថ្ងៃសុក្រ​ថា​ ប្រទេស​ចំនួន​៨២​ មាន​ហានិភ័យ​មិន​អាច​សម្រេច​តាម​គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ឱ្យ​ប្រជាជន​៤០%​ ក្នុង​ប្រទេស​ទាំងអស់ បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​ចុង​ឆ្នាំ​នេះ។​ លោក ​Tedros Adhanom Ghebreyesus ​បាន​និយាយ​ថា​ «ចំពោះ​ប្រទេស​ភាគច្រើន​ បញ្ហា ​គឺ​ដោយសារ​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ និង​មិន​អាច​ទាយ​ទុកជា​មុន​បាន»។​

នៅ​ដើមខែ​នេះ​ ចក្រភព​អង់គ្លេស​បាន​រាយ​ការណ៍​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩​ ចាប់តាំង​ពី​ថ្ងៃ​ទី៩​ ខែ​មីនា​មក។​ ទីប្រឹក្សា​រដ្ឋាភិបាល​ម្នាក់​ បាន​ប្រាប់​ទូរទស្សន៍​ BBC ​នៅ​ថ្ងៃ​សៅរ៍​ថា​ ប្រជាជន ​ត្រូវ​ចាប់​ផ្តើម​វិធាន​ការ​បង្ការ​ការ​ចម្លង​មេរោគ​ មិន​គួរ​រង់​ចាំ​រដ្ឋាភិបាល​នោះ​ទេ។​

នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក​ Boris Johnson​ នៅតែ​បន្ត​ច្រានចោល​ការ​អំពាវនាវ​ឱ្យ​មាន​វិធាន​ការ​រឹតបន្តឹង​ប្រឆាំង​កូវីដ១៩​ ដោយ​លោក​និយាយ​ថា​ គ្មាន​ការ​បង្ហាញ​ថា ចាំបាច់​ត្រូវ​មាន​វិធានការ​ទាំងនោះ​ នៅក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ទេ​ ទោះបីជា​អង់គ្លេស​ កំពុង​មាន​ការ​កើន​ឡើង​យ៉ាងខ្លាំង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក៏ដោយ។​

ប្រទេស​រុស្ស៊ី​ កំពុង​រៀបចំ​បិទ​កន្លែង​ធ្វើការ​រយៈពេល​មួយ​សប្តាហ៍​ និង​ការបិទ​ឡើង​វិញមួយ​ផ្នែក​ ដោយសារការកើន​ឡើង​នៃ​ការឆ្លង​ និង​ស្លាប់​ទាក់​ទងនឹង​កូវីដ១៩។​ ការ​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយសារ​វីរុស​នេះ​នៅ​ប្រទេស​រុស្ស៊ី​ បាន​កើន​ឡើង​ជាច្រើន​សប្តាហ៍​ ដោយសារ​តែ​អត្រា​ចាក់​វ៉ាក់សាំង​យឺត​យ៉ាវ ការ​មិន​អើពើ​ចំពោះ​វិធានការ​ការពារ​ និង​ការ​ស្ទាក់​ស្ទើរ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រឹត​បន្តឹង។​

មជ្ឈមណ្ឌល ​Johns Hopkins អំពី​វីរុសកូរ៉ូណា​ បាន​រាយ​ការណ៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ​នៅ​ទូទាំង​ពិភពលោក​ ចំនួន​ឆ្លង​សរុប​មាន​ ២៤៣,៣​ លាន​ករណី ​និង​មាន​អ្នក​ស្លាប់​ជិត​៥​លាន​នាក់។ ​ មជ្ឈមណ្ឌល​នេះ​បាន​និយាយ​ថា​ វ៉ាក់សាំង​ចំនួន​ ៦,៧​ ពាន់ ​លាន​ដូស​ ត្រូវ​បាន​ចាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG