សម្ដេចប៉ាប Francis បានមានបន្ទូលអំពីភាពចាំបាច់ក្នុងការ «លើកលែងទោស» និងការជៀសវាងនូវ «ការសងសឹក» នៅថ្ងៃពុធនេះ នៅឯការជួបជុំដ៏ធំមួយដែលមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់នៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងធំទីពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ព្រះអង្គជៀសវាងមិនលើកឡើងដោយចំៗអំពីជនអំបូររ៉ូហ៊ីងយ៉ា ដែលត្រូវគេធ្វើទុក្ខបុកម្នេញនោះទេ ដែលនេះជាលើកទីពីរហើយក្នុងការជៀសវាងការលើកឡើងដូច្នេះ នៅក្នុងអំឡុងពេលព្រះរាជដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ របស់ព្រះអង្គ បន្ទាប់ពីព្រះអង្គបានមានបន្ទូលជាទូទៅអំពីការអត់ឱនផ្នែកសាសនានៅឯការប្រជុំមួយជាមួយនឹងមន្ត្រីការទូតនានាកាលពីថ្ងៃអង្គារម្សិលមិញ។
អ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិកប្រហែល ១ សែន ៥ ម៉ឺននាក់ ដែលមកពីទូទាំងប្រទេស បានមកចូលរួមការជួបជុំនេះនៅឯទីលានកីឡា Kyaikkasan ដើម្បីស្ដាប់ព្រះរាជបន្ទូលរបស់សម្ដេចប៉ាប Francis ដោយអ្នកខ្លះបានធ្វើដំណើរតាំងពីយប់មកម្ល៉េះដើម្បីបានកន្លែងអង្គុយ។
សម្ដេចប៉ាប Francis ដែលជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាមួយអង្គពាក់ព័ន្ធនឹងរឿងជនភៀសខ្លួន មិនបានធ្វើអ្វីដូចការរំពឹងទុករបស់បណ្ដាបស្ចិមប្រទេសនានា ដែលរំពឹងថាព្រះអង្គនឹងមានបន្ទូលជាសាធារណៈអំពីវិបត្តិ Rohingya នោះ។
សកម្មជនសិទ្ធិមនុស្សនានាក៏បានជំរុញឲ្យព្រះអង្គមានបន្ទូលជំនួសជនអំបូររ៉ូហ៊ីងយ៉ា ផងដែរ ដែលជាជនដែលត្រូវគេប្រមាថមើលងាយថាជាជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកចូលរួមស្ដាប់ព្រះរាជបន្ទូលរបស់សម្ដេចប៉ាប Francis ភាគច្រើន នៅក្នុងទីក្រុងរ៉ង់ហ្គូន ពេញចិត្តដែលព្រះអង្គមិនបានលើកឡើងអំពីវិបត្តិរ៉ូហ៊ីងយ៉ា។
ព្រះអង្គមានបន្ទូលថា ព្រះរាជបំណងចម្បងបំផុតរបស់ព្រះអង្គក្នុងការមកធ្វើព្រះរាជទស្សនកិច្ចលើកនេះ គឺដើម្បីគាំទ្រដល់ប្រជាពលរដ្ឋកាន់សាសនាគ្រិស្ត។
នាពេលថ្មីៗនេះ ប្រទេសមីយ៉ាន់ម៉ាបានបង្កើតទំនាក់ទំនងការទូតជាមួយនឹងវិមានវ៉ាទីកង់របស់សម្ដេចប៉ាប Francis នេះ៕