លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អន្តរជាតិត្រូវតែបន្តដាក់គំនាបលើប្រទេសកូរ៉េខាងជើងដើម្បីឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីជំនួបរយៈពេលខ្លីមួយកាលពីថ្ងៃសុក្រនៅឯអង្គការសហប្រជាជាតិក្នុងបូរីញូយ៉ក ថា«ការដាក់ទណ្ឌកម្មដ៏តឹងតែងមួយជាការសំខាន់ដល់ការធ្វើឲ្យសម្រេចគោលដៅរបស់យើង។ នៅពេលដែលការដាក់ទណ្ឌកម្មមិនត្រូវបានអនុវត្ត សេចក្តីសង្ឃឹមដើម្បីធ្វើឲ្យកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរបានត្រូវចុះថយ»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានធ្វើការជួបប្រជុំមួយទល់នឹងមួយជាមួយលោកស្រីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Kang Kyung-whaនិងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gutterres។ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានថ្លែងប្រាប់ត្រួសៗទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប្រទេសជប៉ុនស្តីពីដំណើរទស្សនកិច្ចរបស់លោកកាលពីចុងខែនេះទៅកាន់រដ្ឋធានីព្យុងយ៉ាង។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានអមដំណើរលោករដ្ឋមន្រ្តីការបរទេស។ អ្នកការទូតកំពូលអាមេរិករូបនេះបានព្រមានថា កូរ៉េខាងជើងកំពុងព្យាយាមបញ្ចៀសការដាក់ទណ្ឌកម្មដោយការរត់ពន្ធប្រេងចូលក្នុងប្រទេសតាមសមុទ្រដែលមានចំនួនច្រើនជាងអ្វីដែលត្រូវបានអនុញ្ញាតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានសុំឲ្យគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដែលឃ្លាំមើលការអនុវត្តការដាក់ទណ្ឌកម្មហាមឃាត់មិនដឹកជញ្ជូនប្រេងទៅឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងបន្ថែមទៀត នៅក្នុងការស្វះស្វែងកាត់ ផ្តាច់ប្រាក់ចំណូលដល់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង៕