កូរ៉េខាងជើងបាញ់ផ្លោងសាកល្បងកាំជ្រួចវង់ប្រតិបត្តិការខ្លីចូលដែនសមុទ្រកូរ៉េខាងជើង។ ការសាកល្បងដែលត្រួតពិនិត្យដោយមេដឹកនាំកូរ៉េខាងជើងគឺ លោកគីម ជុងអ៊ុន នេះធ្វើឡើង ខណៈការពិភាក្សានុយក្លេអ៊ែររវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅមានភាពជាប់គាំង។
រដ្ឋបាលលោក Trump កំពុងទាមទារឱ្យមានការផ្ទៀងផ្ទាត់ការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង មុនពេលការដាក់ទណ្ឌកម្មត្រូវបានលុបចោល រីឯលោកគីម ជុងអ៊ុនបានស្វែងរកការដកទណ្ឌកម្មបន្ថែមទៀតជាបន្ទាន់។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថ្លែងថា៖
«យើងនៅតែជឿជាក់ថា មានឱកាសទទួលបានលទ្ធផលពីការចរចា ដែលយើងមានការផ្ទៀងផ្ទាត់ពេញលេញអំពីការរំសាយនុយក្លេអ៊ែរ។ លោកប្រធានគីមជុងអ៊ុនបាននិយាយរឿងនេះឡើងវិញ ហើយតាមពិតទៅលោកបាននិយាយម្តងទៀតនាពេលថ្មីៗនេះ។ ដូច្នេះយើងសង្ឃឹមថា វិធានការដែលគាត់ធ្វើការសាកល្បងកាលពីចុងសប្តាហ៍នឹងមិនរំខាងការចរចាទេ។ យើងចង់ធ្វើការចរចាឡើងវិញ។ យើងចង់បន្តការសន្ទនានេះ»។
អ្នកខ្លះទៀតមានការព្រួយបារម្ភខ្លាំងអំពីការសាកល្បងនេះ។
លោក Cory Gardner ប្រធានអនុគណៈកម្មការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាសម្រាប់អាស៊ីបូព៌ាបាន «ជំរុញឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរថែមទៀតលើមេដឹកនាំឆ្កួតរបស់កូរ៉េខាងជើង» ដោយបន្ថែមថា សហរដ្ឋអាមេរិក «ត្រូវតែបង្កើនសម្ពាធជាអតិបរមា ប្រសិនបើយើងចង់សម្រេចដោយសន្តិភាពនូវគោលដៅរំសាយអាវុធនុយក្លេអ៊ែរ មិនអាចត្រឡប់បាននៅឧបទ្វីបកូរ៉េ ដោយមានការផ្ទៀងផ្ទាត់ទាំងស្រុង»។
ទន្ទឹមនឹងនេះការទាក់ទងរបស់លោកប្រធានាធិបតី Donald Trump ទៅរកលោកគីម ជុងអ៊ុន កំពុងទាញយកការសរសើរពីអ្នកដែលគេមិនរំពឹងទុក។
លោក Bernie Sanders ជាសមាជិកព្រឹទ្ធសភាឯករាជ្យថ្លែងថា៖
«នេះគឺជា កិច្ចការមួយដែលខ្ញុំពិតជាមិនបន្ទោសថាលោក Trump ខុសទេ។ ខ្ញុំគិតថា គំនិតធ្វើការចរចាជាមួយលោកគីម ជុងអ៊ុន គឺជា រឿងត្រឹមត្រូវ។ វាជាការលំបាកខ្លាំងណាស់ ប៉ុន្តែយ៉ាងច្បាស់ណាស់ថា កូរ៉េខាងជើងគំរាមកំហែងដល់ភពផែនដី»។
ទន្ទឹមនឹងនេះដែរ ប្រទេសវ៉េណេស៊ុយអេឡាបង្ហាញពីស្ថានការណ៍តានតឹងចំពោះរដ្ឋបាល Trump ខណៈការអំពាវនាវឲ្យប្រជាជនបះបោរចុងក្រោយបង្អស់ដោយលោក Juan Guaido មេដឹកនាំបក្សប្រឆាំង ដែលគាំទ្រដោយអាមេរិកបានបរាជ័យក្នុងការបណ្តេញប្រធានាធិបតី Nicholas Maduro ។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសស.រ.អាថ្លែងថា៖
«ប្រាកដណាស់ រឿងទាំងនេះជួនកាលមានឧបសគ្គ ប៉ុន្តែលោក Maduro មិនអាចមានអារម្មណ៍ល្អទេ។ គាត់កំពុងកាន់កាប់នៅពេលនេះ ប៉ុន្តែគាត់មិនអាចគ្រប់គ្រងបានទេ។ លោក Trump មានជម្រើសច្រើនជម្រើសការទូត ជម្រើសនយោបាយ ជម្រើសជាមួយសម្ព័ន្ធមិត្តរបស់យើង។ ហើយចុងបញ្ចប់ជម្រើសរួមមួយដែលពាក់ព័ន្ធនឹងការប្រើប្រាស់យោធាអាមេរិក។ យើងត្រៀមជម្រើសទាំងនេះសម្រាប់គាត់ ដូច្នេះនៅពេលដែលស្ថានភាពកើតឡើង យើងត្រៀមជើងការជាមុន»។
កាលពីសប្តាហ៍មុន លោក Pompeo បានអះអាងថា ប្រទេសរុស្ស៊ីបានបញ្ចុះបញ្ចូលមិនឲ្យលោក Maduro រត់ចោលប្រទេសវ៉េណេស៊ុយអេឡាទៅនិរទេសខ្លួនក្នុងប្រទេសគុយបាទេ។ ប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីបានសន្ទនាតាមទូរសព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លោក Trump បាននិយាយថា លោក Putin មិនចង់ពាក់ព័ន្ធប្រទេសវ៉េណេស៊ុយអេឡាទេ ហើយថា លោកនិងលោក Putin មានបំណងដូចគ្នាគឺចង់ឃើញរឿងវិជ្ជមានកើតឡើងសម្រាប់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ