រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Mike Pompeo ​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ខាង​កើត

រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo (ឆ្វេង) និង​លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុ​ន​ នៅ​ក្នុង​ជំនួប​នៅ​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃទី​៦ តុលា ២០១៨។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Mike Pompeo​ បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​សៅរ៍​នេះ ​ដែល​ជា​ការ​ឈប់​សំចត​លើក​ទី១​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈ​ពេល​៣​ថ្ងៃ​ទៅ​កាន់​តំបន់​អាស៊ី​ខាង​កើត។

លោក​នឹង​ធ្វើ​ការ​ចរចា​ជាមួយ​លោក​ Shinzo Abe ​នាយក​រដ្ឋ​មន្រ្តីនិង​លោក​រដ្ឋ​មន្រ្តីការ​បរទេស ​Taro Kono​ នៃ​ប្រទេស​ជប៉ុន​ដែល​ត្រូវ​គេ​រំពឹង​នឹង​គ្រប​ដណ្តប់​លើ​ដំណើរ​ទស្សន​កិច្ច​នៅ​ពេល​ខាង​មុខ​របស់​លោក​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​និង​បញ្ហា​ពាណិជ្ជកម្ម។

អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​រូប​នេះ ​ក៏នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​ប្រទេស​កូរ៉េខាង​ត្បូង​និង​ប្រទេស​ចិន​មុន​ពេល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ។

នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក ​Pompeo ​ត្រូវ​គេ​រំពឹងនឹង​ធ្វើ​ការ​ចរចា​ស្តីពី​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន។ លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Mike Pompeo ​បាន​មាន​ប្រសាសន៍​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​ជប៉ុន​ថា​ គោល​បំណង​នៃ​ជំនួប​របស់​លោក​ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​គឺ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​យើង​បាន​យល់​ពី​អ្វី​ដែល​ភាគី​មួយៗកំពុង​ព្យាយាម​ធ្វើ​ពិត​ប្រាកដដើម្បី​ឲ្យ​សម្រេច​ការ​សន្យា​របស់​យើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ដែល​នៅ​ទី​នោះ​មេ​ដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុង​អ៊ុន​ និង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ បាន​ធ្វើ​ជំនួប​កំពូល​ជា​ប្រវត្តិ​សាស្រ្ត។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Mike Pompeo ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក ក៏​ចង់​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ជំនួប​លើក​ទី២​រវាង​ គីម ជុង​អ៊ុន ​និង​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ៕