ប៉ូលិស​កម្ពុជា៖ អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​សកម្មជន​ដែល​រិះគន់​រដ្ឋាភិ​បាល​ខ្មែរ​ពីរ​នាក់ ហើយ​បញ្ជូន​មក​កម្ពុជា​វិញ

រូបឯកសារ៖ លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ។ (ហ្វេសប៊ុក / អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police)

មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ បុរស​ពីរ​នាក់​ដែល​ជា​សកម្ម​ជន​សង្គម​ម្នាក់ និង​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ ត្រូវ​បាន​អាជ្ញាធរថៃ​ចាប់​ខ្លួន ហើយ​បញ្ជូន​មក​កម្ពុជា។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​វីអូអេ​ថា​ អ្នក​ទាំង​២​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​ពី​បទ«​អន្តោ​ប្រវេ​សន៍​ខុស​ច្បាប់» ហើយ​ត្រូវ​បាន​បញ្ជូន​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា។ លោក​មិន​បាន​បញ្ជាក់​ថា​តើ​រដ្ឋាភិ​បាល​កម្ពុជា​ស្នើ​ភាគី​ថៃ​ឲ្យ​ចាប់​ខ្លួន​ពួក​គេ​ឬ​យ៉ាងណាទេ។

ប៉ុន្តែ​លោក ឆាយ គឹមខឿន បញ្ជាក់​ថា​ អ្នក​ទាំង​២​នោះ​គឺ​ជា​«មុខ​សញ្ញា​ដែល​មាន​ដីកា​តាម​ចាប់»​របស់​តុលាការ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​គេ​បញ្ជូន​មក គឺ​យើង​អនុវត្ត​ដីកា​តែ​ម្តង។ ដីកា​ចោទ​ប្រកាន់​អំពី​ការ​រួម​គំនិត​ក្បត់ និង​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

សកម្ម​ជន​ទាំង​ពីរ​នាក់​នោះ មាន​លោក វឿន វាសនា ដែល​ជា​សកម្មជន​សង្គម​ម្នាក់ ហើយតែង​តែ​រិះ​គន់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ កាល​ពី​កន្លង​ទៅ លោក​បាន​និពន្ធ​កំណាព្យ​មួយ ក្រោម​ចំណង​ជើង​ថា« ហ៊ុន សែន ក្បត់​ជាតិ»។

ចំណែក​សកម្ម​ជន​ម្នាក់​ទៀត​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ​ គឺ​លោក វឿង សំណាង។

វិទ្យុ​អាស៊ី​សេរី​បាន​ចុះ​ផ្សាយ​ថា​ពួក​គេ​ត្រូវ​បា​ន​អាជ្ញា​ធរ​ថៃ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ហើយ​បញ្ជូន​ទៅ​កម្ពុជា​វិញ​មួយ​ថ្ងៃ​បន្ទាប់។

ភរិយា​របស់​លោក វឿង សំណាង ប្រាប់​វីអូអេ​ដោយ​មិន​ចង់​បង្ហាញ​ឈ្មោះ​ថា​អ្នកស្រីទាក់​ទង​ស្វាមី​លែង​ចូល បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នេះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ។ ​ខ្លះ​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ទីនោះ​ផង​ដែរ៕