ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​សកម្ម​ជន​បក្ស​ប្រឆាំង៖ «ដូច​គុក​ឥត​ជញ្ជាំង» ទោះ​កូន​ប្រុស​ត្រូវ​បាន​ដោះ​លែង


យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ​១៦ឆ្នាំ លើក​ដៃ​ឆ្វេង ក្រោយ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)
យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ​១៦ឆ្នាំ លើក​ដៃ​ឆ្វេង ក្រោយ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែ​វិច្ឆិកា យុវជន កាក់ ​សុវណ្ណ​ច្ឆ័យ បាន​ដើរ​ចេញ​ពី​របង​ពន្ធនា​គារ​ព្រៃស ហើយ​ម្តាយ​ក្រុម​គ្រួសារ​រត់​ទៅ​ទទួល ខណៈ​អ្នក​សារ​ព័ត៌មាន​ប្រញាប់​ទៅ​ផ្តិត​យក​រូបភាព។

កាក់ សុវណ្ណ​ច្ឆ័យ អាយុ​១៦​ឆ្នាំ ដែល​ត្រូវ​ម្តាយ​អះអាង​ថា​មាន​ជំងឺ​អូទីហ្សឹម ត្រូវ​បាន​ចាប់​ដាក់​ពន្ធនា​គារ​អស់​រយៈ​ពេល​ជាង​៤​ខែ ដោយសារ​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម។ បើ​ទោះ​មាន​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ក៏​ដោយ ម្តាយ​របស់​កាក់ សុវណ្ណច្ឆ័យ ដែល​ជា​ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ បាន​អះអាង​ថា​កូន​ប្រុស​របស់​អ្នកស្រី​មិន​ទាន់​មាន​សេរី​ភាព​ពេញ​លេញ​នៅ​ឡើយ​ទេ ហើយ​ការ​រស់​នៅ​២​ឆ្នាំ​ខាង​មុខ​ទៀត ប្រៀប​ដូច«គុក​ឥត​ជញ្ជាំង»។ ការណ៍​នេះ​គឺ​ដោយ​សារ​កាក់ សុវណ្ណច្ឆ័យ ​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ ក្រោយ​ដោះ​លែង​ពី​ការ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ។ ករណី​របស់​យុវជន​រូប​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​រិះគន់​ផង​ដែរ។

អ្នកស្រី ព្រំ​ ចាន់ថា ម្តាយ​របស់​យុវជន​រូប​នេះ បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កូន​ប្រុស​ដែល​រៀន​ថ្នាក់​ទី​៩ ដើម្បីកុំ​ឲ្យ​ក្មេង​ជំទង់​រូប​នេះ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ និង​ការរើស​អើង​ពី​មិត្ត​ភ័ក្តិ ពេល​ទៅ​រៀន។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ទៅ​ មិន​គួរ​តាម​ដាន​រយៈ​ពេល​២​ឆ្នាំ​ទេ។ ហើយ​បែប​ហ្នឹង​ហៅថា​ដូច​គុក​ឥត​ជញ្ជាំង​អញ្ចឹង»។

អ្នកស្រី​បាន​និយាយ​ការពារ​ថា​កូន​ប្រុស​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​អត់​ពេញ​ចិត្ត​ទេ ដោយ​សារ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ​តែ​ម្តង។ ទី២​កូន​ខ្ញុំ​នៅ​ក្មេង​ ចុះ​អូន​ឯង​គិត​មើល ប្រសិន​បើ​រង​ការ​រិះគន់​ ឬ​ក៏​រង​អ្វី​[ពាក្យ​សម្តី​]នៅ​សាលា​រៀន មិត្ត​ភ័ក្តិ​របស់​គាត់ តើ​គេ​រើស​អើង​គាត់​យ៉ាង​ណា គាត់​មា​នឈ្មោះ​ជាប់​គុក។ ​បើ​ជាប់​គុក​ដោយ​សារ​គ្រឿង​ញៀន ឬ​ឆក់​ប្លន់​អត់​បញ្ហា​ទេ​សម្រាប់​គ្រួសារ​ខ្ញុំ ប៉ុន្តែ​នេះ​គាត់​ជាប់​គុក ដោយ​សារ​អ្វី​គាត់​និយាយ​ដោយ​គ្មាន​កំហុស​សោះ»។

កាក់​ សុវណ្ណ​ច្ឆ័យ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ«ប្រមាថ​អ្នក​រាជការ​សាធារណៈ» បន្ទាប់​ពី​កុមារ​រូប​នោះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​តេឡេក្រាម។

កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា តុលាការ​បាន​សម្រេចឲ្យ​យុវជន កាក់ សុវណ្ណ​ច្ឆ័យ អនុវត្ត​ទោស​ក្នុងពន្ធនា​គារ ត្រឹម​ពាក់​កណ្តាល​នៃ​ទោស​ដែល​បាន​កំណត់​ដោយ​ច្បាប់ យោង​តាមការ​ធ្វើ​ការ​វិនិ​ច្ឆ័យ និង​ពិចារ​ណា​លើ​ផល​ប្រយោជន៍​អនីតិជន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

យុវជន កាក់ សុវណ្ណច្ឆ័យ ទទួល​ពិធី​ប្រស់​ទឹកមន្ត​ពី​ម្តាយ ក្រោយ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)
យុវជន កាក់ សុវណ្ណច្ឆ័យ ទទួល​ពិធី​ប្រស់​ទឹកមន្ត​ពី​ម្តាយ ក្រោយ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

កាក់ សុវណ្ណច្ឆ័យ ជា​កូន​ប្រុស​របស់​លោក កាក់ កុម្ភារ អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនា​គារ ត្រូវ​បាន​ដោះ​លែង​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ក្នុង​ស្ថាន​ភាព​ស្គម​ ជើង​ទាំង​សង​ខាង​មានដំបៅ​រមាស់។ សាច់​ញាតិ​ដែល​កំពុង​កាន់​បាច់​ផ្កា​ នៅ​មុខ​ខ្លោង​ទ្វារ​ពន្ធនាគារ​ព្រៃស ស្ទុះ​ចេញ​មក​ឱប​កាក់ សុវណ្ណច្ឆ័យ ​ដោយ​ក្តី​នឹក​រឭក និង​ភ្លាមៗ​ក៏​ទ្រហោ​យំ។ បន្ទាប់​មក​សុវណ្ណច្ឆ័យ លុត​ជង្គង់​សំពះ​ម្តាយ​ ចាំ​ទទួល​ការ​ជូន​ពរ​ជ័យ​ពី​ម្តាយ​ ស្រោចទឹក​ដែល​លាយផ្កា​ម្លិះ ក្នុងទឹក​មុខ​ញញឹម ប៉ុន្តែ​នៅ​តែ​បន្ត​បារម្ភ​អំពី​សុខភាព​របស់​កូន​ប្រុស។

ម្តាយ​របស់​សុវណ្ណ​ច្ឆ័យ​ អះអាងថា​កូន​របស់​អ្នក​ស្រី ពេលនៅ​ក្នុង​ពន្ធនាគារ គឺ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់​នោះ​ទេ ដែល​បណ្តាលឲ្យ​កូន​មាន​អាការៈ​រមាស់​ពេញ​ខ្លួន។

អ្នកស្រី​ថ្លែង​ថា៖ «តាំង​ពី​ដើម​មក មិន​ដែល​យក​កូន​ខ្ញុំ​ទៅ​ពេទ្យ​ទេ​ ឲ្យ​លេប​តែ​ថ្នាំ​ប៉ារ៉ាៗ [ហើយ]​រមាស់​អី​អត់​ឲ្យ​គ្នា​ងូត​ទឹក​ទេ អត់​មាន​ទឹក​ឲ្យ​គ្នា​ងូត​ទេ។ ដល់​ពេល​ឥឡូវ​រៀប​ចេញ​ឲ្យ​គាត់​ងូត​ទឹក​ យក​គាត់​ទៅ​ពេទ្យ​រុស្សី ដើម្បី​លាប​ថ្នាំ លាប​អី ពី​មុន​អត់​ទេ»។

ចំណែក​យុវជន កាក់ សុវណ្ណ​ច្ឆ័យ ប្រាប់​អ្នក​សារព័ត៌មាន​ថា​លោក​ចង់​ឲ្យ​តុលាការ​ផ្តល់​ភាព​យុត្តិ​ធម៌ ជា​ពិសេស​ការ​ផ្តល់​សេរី​ភាព​ឲ្យ​បាន​ពេល​លេញ​ដល់​រូប​លោក។

យុវជន​រូប​នេះនិយាយ​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​អ្វី​ [ដែល​អាច]​ឲ្យមាន​សេរី​ភាព​ឡើង​វិញ ហើយ​ក៏​សង្ឃឹម​ថា​នឹង​ឈាន​ទៅ​មុខ​តទៅ​ទៀត»។

លោក​រៀប​រាប់​ពី​ស្ថានភាពនៅ​ពន្ធនាគារ​ថា​៖ «ខ្ញុំ​ធ្វើ​ទុក្ខ​ពិបាក ហើយ​មើល​ឡើង​រមាស់​ដោយ​សារ ដូច​ជា​ឡើង​ខ្ទុះ​ផង ឡើង​អុច ហើយ​និង​ពង​ទឹក» ។

កាក់ សុវណ្ណច្ឆ័យ មាន​បញ្ហា​រម៉ាស់ជើង ក្នុងពេល​រស់នៅ​ក្នុង​ពន្ធនាគារ។ រូបថត ថត​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)
កាក់ សុវណ្ណច្ឆ័យ មាន​បញ្ហា​រម៉ាស់ជើង ក្នុងពេល​រស់នៅ​ក្នុង​ពន្ធនាគារ។ រូបថត ថត​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

មេធាវី​ការពារ​ក្តី​ឲ្យ​ កាក់ សុវណ្ណច្ឆ័យ​ គឺ​លោក សំ សុគង់​ ប្រាប់​វីអូ​អេ​ថា​លោក​នៅ​តែ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ដែល​បន្ត​សម្រេច​ផ្តន្ទា​ទោស​ដល់​ទៅ​៨​ខែ​ និង​បន្ត​ដាក់​លក្ខខណ្ឌ​មួយ​ចំនួនលើ​កូន​ក្តី ឲ្យ​បន្ត​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ជា​ដើម ដែល​អាច​បង្ក​ការ​លំបាក​ដល់​កុមារ​រូប​នេះ​ក្នុង​ការ​សិក្សា។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​ចំណុច​ទី​ពីរ​ដែល​យើង​នៅ​មិន​ទាន់​ពេញ​ចិត្ត ខក​ចិត្ត​ដែល​ហ្នឹង គឺ​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​គាត់ កាក់ សុវណ្ណច្ឆ័យ​ រហូត​ដល់​៨ខែ។ ៨​ខែ ហើយ​ឲ្យ​គាត់​អនុវត្ត​ទោស​ផ្នែក​ខ្លះ​គឺ​អនុវត្ត​ក្នុង​៤​ខែ​ ១៥​ថ្ងៃ ដែល​តែង​តែ​មាន​ការ​ព្យួរ​ទោស​ ហើយ​និង​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​គឺ​ទាក់​ទង​នឹង​ការ​ដាក់​លក្ខខណ្ឌ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​កូន​ក្តី​ជា​ពិសេស​គាត់​ជា​អនីតិជន​ ហើយ​គាត់​ត្រូវ​ការ​ពេល​វេលា ហើយ​និង​ទាក់​ទង​នឹង​ការ​សិក្សា​របស់​គាត់​ផង​ដែរ។ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​គាត់​មាន​ការ​លំបាក»។

លោក​មេធាវី​បន្ថែម​ថា​លោក​នឹង​បន្ត​ពិគ្រោះ​យោ​បល់​ផ្នែក​ផ្លូវ​ច្បាប់ និង​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ស្រី​ ចក់​ សុភាព​ និយាយ​ថា​ការ​ចោទ​ប្រកាន់​កាក់ សុវណ្ណ​ច្ឆ័យ ជា​រឿង​ដែល​មិន​គួរ​កើត​មាន​តាំង​ពី​ដើម​ទី​មក។ ដោយ​ការ​ចោទ​ប្រកាន់​កុមារ​មិន​ទាន់​ពេញ​វ័យ​រូប​នេះ​មិន​មែន​ត្រឹម​តែ​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សិទ្ធិឯកជន​ភាព​ និង​លក្ខ​ខណ្ឌ​ពិសេស​ជា​អនីតិ​ជន​ ព្រម​ទាំង​មាន​ជំងឺ​អូទីហ្សឹម​ថែម​ទៀត។

អ្នកស្រី​ថ្លែង​ថា​៖ «ចំពោះ​ការ​លើក​ឡើង​ហើយ​មិន​ព្រម​ធ្វើ​ការ​មិន​ព្រម​ទទួល​យក​នូវ​សំណើ​ពី​មេធាវី​ឲ្យ​មាន​ការ​ពិនិត្យ​ពី​អ្នក​ជំនាញ​នោះ​ទេ។ អញ្ចឹង​កន្លែង​នេះ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះដោយ​យុត្តិធម៌​ សិទ្ធិ​កុមារ ដែល​កម្ពុជា​យើង​បាន​ទទួល​ស្គាល់​នូវ​កតិកា​សញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ថែម​ទៀត​ ដែល​នេះ​ជា​ការ​បំពាន​ទាំង​ក្រប​ខណ្ឌ​គោល​ការ​ណ៍​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ជា​ពិសេស​សិទ្ធិ​កុមារ​ហ្នឹង​ឯង»។

អ្នកស្រី ព្រំ ចាន់​ថា ម្តាយ​បង្កើត​របស់​យុវជន​ កាក់ សុវណ្ណច្ឆ័យ បាន​ពន្យល់​ពី​លក្ខខណ្ឌ​ស្ថិតក្រោម​ការ​តាម​ដាន​២​ឆ្នាំ​របស់​តុលាការ​ទៅ​លើ​កូន​ប្រុស​ថា៖ «អំឡុង​ពេល​តាម​ដាន​២​ឆ្នាំ​ គឺ​បើ​យើង​ទៅ​ណា​យើង​ត្រូ​វប្រាប់​អាជ្ញាធរ ឬ​បញ្ជូន​ដំណឹង​ឲ្យ​តុលាការ​ ហើយ​បើ​តុលាការ​កោះ​ហៅ​ យើង​ត្រូវ​មាន​មុខ ដូច​ថា​មាន​ខ្លួន​ទៅ​បង្ហាញ​នៅ​តុលា​ការ។ មិន​អាច​ទៅ​ក្រៅ​ប្រទេស​បាន ឬ​ក៏​ទៅ​ណា​បាន​ មិន​អាច​ផ្លាស់​ទី​លំនៅ​បាន។ ផ្លាស់​ទី​លំនៅ​ ត្រូវ​ជម្រាប​ទៅ​តុលា​ការ​ដែរ។ និយាយ​ទៅ​ គេ​អត់​ឲ្យ​យើង​បម្លាស់​ទី​ទៅ​ណា​ហ្មង។ ប្រសិន​បើ​ផ្លាស់​ទី​ត្រូវ​ប្រាប់​ដំណឹង​ឲ្យ​គេ​ដឹង​ថា​ទៅ​ណា​មក​ណា»។

អ្នកស្រី​បារម្ភ​ថា​ក្នុង​ករណី​កូន​ប្រុស​ធ្វើ​អ្វី​មិន​ត្រូវ​ចិត្ត​របស់​តុលាការ​ដោយ​ប្រការ​ណាមួយ នោះ​កូន​ប្រុស​របស់​អ្នក​ស្រី​នឹង​ត្រូវ​ប្រឈម​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​វិញ៕

XS
SM
MD
LG