លោក Edouard Phillipe នាយករដ្ឋមន្រ្តីនៃប្រទេសបារាំងបានបញ្ជាក់ពីការចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានគេសង្ស័យបើករថយន្តបុកក្រុមទាហានបារាំងកាលពីថ្ងៃពុធ នៅជាយក្រុងប៉ារីសដែលបានធ្វើឲ្យទាហាន៦នាក់រងរបួសនៅក្នុងអ្វីដែលពួកអាជ្ញាធរនិយាយថា ជាការវាយប្រហារដោយចេត្តនា។
ប៉ូលិសបារាំងបានបាញ់ហើយចាប់ខ្លួនជនសង្ស័យគ្មានឈ្មោះនោះនៅក្នុងរថយន្តក្នុងអំឡុងនៃការស្វែងរកជនសង្ស័យនៅក្នុងតំបន់ភាគខាងជើងនៃទីក្រុងប៉ារីស។
លោកនាយករដ្ឋមន្រ្តីបារាំង Phillipe បានប្រាប់សមាជិកសភាក្នុងអំឡុងពេលនៃសម័យប្រជុំសភាថា «ជនសង្ស័យដែលបានបើករថយន្តដើម្បីធ្វើការវាយប្រហារនោះបានត្រូវចាប់ខ្លួននៅលើផ្លូវ Highway រវាងក្រុងប៉ារីសនិងក្រុង Boulogne-sur-Mer»។
លោក Christopher Castaner អ្នកនាំពាក្យរដ្ឋាភិបាលបារាំងបាននិយាយថា ការិយាល័យរដ្ឋអាជ្ញារបស់ក្រុងប៉ារីស បានបើកការស៊ើបអង្កេតភេរវកម្ម។
ឧបទ្ទវហេតុនេះបានកើតមានឡើងនៅពេលដែលពួកទាហានបានចាកចេញពីបន្ទាយរបស់ខ្លួននៅក្នុងទីក្រុង Levallois-Perret ដើម្បីធ្វើការយាមល្បាត។
លោក Patrick Balkany អភិបាលក្រុងបាននិយាយថា គ្មានការសង្ស័យឡើយថា ការវាយប្រហារនោះជាចេតនា។ លោកបាននិយាយទៀតថា រថយន្តនោះមិនបានឈប់ទេ។ វាបើកទៅមុខ។ រថយន្តនោះបានបង្កើនល្បឿនយ៉ាងលឿន។
ការវាយប្រហារនោះជាការវាយប្រហារទី១៥ទៅលើទាហាននិងមន្រ្តីប៉ូលិសបារាំងក្នុងរយៈពេល២ឆ្នាំ៦ខែ៕